អន្តរជាតិ
វៀតណាម​-​ព្រុយ​ណេ ប្តេ​ជា្ញ​អនុវត្ត​ឲ្យ​ខ្ជាប់ខ្ជួន​សេចក្តីថ្លែងការណ៍​សមុទ្រ​ចិន​ខាងត្បូង DOC ​
28, Aug 2016 , 9:39 pm        
រូបភាព
ដោយ:
​ប្រមុខរដ្ឋ​វៀតណាម និង​ប្រមុខរដ្ឋ​ព្រុយ​ណេ នៅ​ថ្ងៃទី​២៧ ខែសីហា ម្សិលមិញ បាន​ព្រមព្រៀង និង​សន្យាថា នឹង​អនុវត្ត​សេចក្តីថ្លែងការណ៍ ស្តីពី​ភាគី​នៃ​សមុទ្រ​ចិន​ខាងត្បូង​ឲ្យ​បាន​ពេញលេញ និង​ប្រសិទ្ធភាព​។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ធ្វើឡើង​នាឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​វៀតណាម​លោក Tran Dai Quang ទៅកាន់​ព្រុយ​ណេ​។



នាឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​តាមរយៈ​ការ​អ​ញ្ចើ​ញ​របស់​ព្រះ​ចៅ Sultan Hassanal Bolkiah ដែល​បានចាប់ផ្តើម​តាំងពី​ថ្ងៃ​សុក្រ និង​បញ្ចប់​នៅ​ថ្ងៃអាទិត្យ​ទី​២៨ ខែសីហា​នេះ លោក​ប្រធានាធិបតី Tran Dai Quang ក៏បាន​ព្រមព្រៀងគ្នា​ក្នុង​ការបន្ត​កិច្ចប្រឹងប្រែង​ដើម្បី​ជំរុញ ដំណើរការ​នៃ​ការធ្វើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ឲ្យ​ឆាប់​បញ្ចប់​កាន់តែ​លឿន​។ នេះ​បើ​យោងតាម​ភា្ន​ក់​ងារ​ព័ត៌មាន Xinhua ដែល​បាន​ដកស្រង់​ចេញពី​សេចក្តីថ្លែងការណ៍​រួម ក្រោយ​ការជជែក​រវាង​ប្រមុខរដ្ឋ​ទាំងពីរ​។

តាម​ប្រភពព័ត៌មាន​ដដែល​នោះ ប្រមុខរដ្ឋ​ទាំងពីរ ក៏បាន​បញ្ជាក់​ជាថ្មី​ពី​សារៈសំខាន់​នៃ​តួនាទី​របស់​អាស៊ាន​នៅក្នុង​និម្មាបនកម្ម​សន្តិសុខ​ក្នុង​តំបន់ ហើយ​ក៏បាន​សម្តែង​ពី​ការ​ពេញ​ចេញ​ចិត្ត​ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​រវាង​គ្នា​ផងដែរ​។

សូម​ជម្រាប​ផងដែរ​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​ដែនសមុទ្រ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​ជា​សមាជិក​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ដែលជា​សមាជិក​អាស៊ាន ព្រុយ​ណេ ដែលជា​រដ្ឋ​អ្នកមាន​សំបូរ​ទៅដោយ​ធនធានធម្មជាតិ មិនសូវ​ចេញមុខ​តទល់​ជាមួយនឹង​ចិន ដូច​ទៅនឹង​វៀតណាម និង​ហ្វីលីពីន​នោះទេ​។

ជម្លោះ​អធិបតេយ្យ​ដែល​អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ហើយ​នោះ មិនទាន់មាន​យន្តការ​ដោះស្រាយ​ច្រើន​នៅឡើយ​នោះទេ​។ កន្លងមក រដ្ឋ​ភាគី​ពាក់ព័ន្ធ​នៃ​ជម្លោះ តែងតែ​យក​យន្ត​ការដែល​បាន​បញ្ញត្តិ​នៅក្នុង​សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​សមុទ្រ​ចិន​ខាងត្បូង ឬ​ហៅ​កាត់​ថា DoC ដែល​បាន​ធ្វើឡើង​នៅក្នុង​ឆ្នាំ​២០០២ ក្នុងពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ជា​លើកដំបូង​៕


Tag:
 វៀតណាម​
  ព្រុយ​ណេ​
  អាស៊ាន​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com