ជាតិ
ពី​ឆ្នាំ​១៨៩៦-១៩៩៦៖ បុរស​ខ្មែរ​មាន​កម្ពស់​ពី​១.៥៤​ទៅ​១.៦៣​ម៉ែត្រ ស្ត្រី​ពី​១.៤៦ ទៅ​១.៥២​ម៉ែត្រ​
29, Aug 2016 , 8:30 am        
រូបភាព
ដោយ: ធីតា
​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ក្រុម​អ្នកស្រាវជ្រាវ​នៃ​មហាវិទ្យាល័យ Imperial College London បាន​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការសិក្សា​របស់ខ្លួន​ទាក់ទង​នឹង​ការវិវត្ត​នៃ​កម្ពស់​របស់​មនុស្ស​ដែល​កើត​ចាប់ពី​ឆ្នាំ​១៨៩៦ ដល់​ឆ្នាំ​១៩៩៦ លើ​ប្រទេស​ជាង​២០០​នៅលើ​ពិភពលោក ។ សម្រាប់​កម្ពុជា នា​រយៈពេល​១០០​ឆ្នាំ​កន្លងមកនេះ បុរស​មាន​កម្ពស់​មធ្យ​ម​១.៥៤​ម៉ែត្រ​នៅ​ឆ្នាំ​១៨៩៦ កើន​ដល់​១.៦៣​ម៉ែត្រ​នៅ​ឆ្នាំ​១៩៩៦ រីឯ​ស្ត្រី​មាន​កម្ពស់​មធ្យម​១.៤៦​ម៉ែត្រ​នៅ​ឆ្នាំ​១៨៩៦ កើន​ដល់​១.៥២​ម៉ែត្រ​នៅ​ឆ្នាំ​១៩៩៦ ។​


​ការសិក្សា​របស់​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាលា Imperial College London នៃ​ចក្រភព​អង់គ្លេស ផ្តោតលើ​កម្ពស់​របស់​ម​នុស្ស​ពេញ​ក្នុង​អាយុ​១៨​ឆ្នាំ ដោយ​បែងចែក​ភេទ កម្ពស់​ជា​មធ្យម កម្ពស់​ទាប និង​កម្ពស់​ខ្ពស់ ទៅតាម​ឆ្នាំ​នីមួយៗ ដោយ​គិត​លើ​ថ្ងៃកំណើត​ពី​ឆ្នាំ​១៨៩៦ ដល់​ឆ្នាំ​១៩៩៦ ។​

​នៅ​ឆ្នាំ​១៨៩៦ បុរស​កម្ពុ​ជាមាន​កម្ពស់​មធ្យម ១៥៤.៨៧៦៨៣១១​សង់ទីម៉ែត្រ (​ជាង​១.៥៤​ម៉ែត្រ​) កម្ពស់​ទាប​បំផុត​គឺ ១៥០.២៣៥០៩១៥​សង់ទីម៉ែត្រ (​ជាង​១.៥០​ម៉ែត្រ​) និង​កម្ពស់​ខ្ពស់បំផុត​គឺ ១៥៩.៦០៩៧៨១៨​សង់ទីម៉ែត្រ (​ជាង​១.៥៩​ម៉ែត្រ​)​។ ១០០​ឆ្នាំ​ក្រោយមក ពោល​អ្នក​កើត​នៅ​ឆ្នាំ​១៩៩៦ មាន​កម្ពស់​មធ្យម ១៦៣.៣២៩៦០២៥​សង់ទីម៉ែត្រ (​ជាង​១.៦៣​ម៉ែត្រ​) ទាប​បំផុត ១៦០.៧៨២២០០៨​សង់ទីម៉ែត្រ (​ជាង​១.៦០​ម៉ែត្រ​) និង​ខ្ពស់បំផុត ១៦៥.៨៨៥៩៨៧៩​សង់ទីម៉ែត្រ (​ជាង​១.៦៥​ម៉ែត្រ​)​។​

​សម្រាប់​ស្ត្រី​វិញ ខ្មែរ​វិញ អ្នក​កើត​នៅ​ឆ្នាំ​១៨៩៦ ពេល​ឈានដល់​វ័យ​១៨​ឆ្នាំ មាន​កម្ពស់​មធ្យម​១.៤៦​ម៉ែត្រ ទាប​បំផុត​១.៤១​ម៉ែត្រ និង​ខ្ពស់បំផុត​១.៥០​ម៉ែត្រ​។ រយៈពេល​១០០​ឆ្នាំ​ក្រោយមក កម្ពស់​របស់​ស្ត្រី​ខ្មែរ បាន​កើន​មធ្យម ១.៥២​ម៉ែត្រ ទាប​បំផុត ១.៥១​ម៉ែត្រ និង​ខ្ពស់បំផុត​ជាង​១.៥៣​ម៉ែត្រ​។​

តាម​លទ្ធផល​សិក្សា​លើ​ជាតិ​សាសន៍​ជាង​២០០​នៅលើ​ពិភពលោក បុរស​ហូ​ឡង់ ស្ត្រី​ឡេ​តូ​នី មាន​កម្ពស់​ខ្ពស់​ជាងគេ រីឯ​បុរស​ទី​ម័​រ​ខាងកើត និង​ស្ត្រី​ហ្គា​តេ​ម៉ា​ឡេ ទាប​ជាងគេ​៕


Tag:
 ​កម្ពស់​
  ការសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com