ព័ត៍មានសុខភាព
សុខភាព៖ ខ្លីៗ អំពី​ជំងឺអេដស៍ តែ​មានប្រយោជន៍ច្រើន
29, Aug 2016 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺអេដស៍ បានមកពី​ពាក្យ​បច្ចេកទេស Acquired Immune Deficiency Syndrome (AIDS) ដែល​មានន័យថា ជា​ចង្កោម​រោគសញ្ញា ខ្សោយ​ប្រព័ន្ធ​ភាពស៊ាំ ដែល​មិនមែន​ពី​កំណើត ហើយ​ជំងឺ​នេះដែរ បង្កឡើង​ដោយ​វីរុស​ម្យ៉ាង​ឈ្មោះថា Human Immunodeficiency Virus (HIV) ដែល​ហៅថា​មេរោគ​ហ៊ី​វ នោះឯង​។ ស្ត្រី​ដែលមាន​ជំងឺអេដស៍ ក៏​អាច​ចម្លងជំងឺ​នេះ​ទៅ​កូន ក្នុងពេល​មាន​ផ្ទៃពោះ សម្រាលកូន ឬ​បំបៅ​ដោះ​កូន​។

 
​ភាគច្រើន អ្នក​ដែល​ឆ្លង​មេរោគ​ហ៊ី​វ​រួច ប្រហែលជា​មិន​បង្ក​ជា​រោគសញ្ញា​អ្វី​ទាំងអស់ រយៈពេល​ច្រើន​ឆ្នាំ ហើយក៏​អាច​ប្រើពេល​រហូតដល់ ១០ ឆ្នាំ​ឡើងទៅ​ឯណោះ ទើប​ចេញ​ជា​ជំងឺអេដស៍​កើតឡើង​។ រោគសញ្ញា​មួយចំនួន របស់​ជំងឺអេដស៍ មានដូចជា ៖
*​អស់កម្លាំង​
​*ស្រក​ទម្ងន់​
*​ក្តៅខ្លួន​ជាប់​
*​បែកញើស​យប់​
*​ឡើង​កន្ទួល​រមាស់​លើ​ស្បែក​
​*រាករូស​មិនចេះ​ជា​
*​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ​។​
 
​នៅពេល​មាន​ជំងឺ​នេះ​យូរៗ​ទៅ វីរុស​នឹង​វាយប្រហារ ឬ​សម្លាប់​អស់​នូវ​ភ្នាក់ងារ​ប្រព័ន្ធ​ភាពស៊ាំ និង​បង្ក​ជា​ជំងឺអេដស៍​ជាក់ស្តែង មានន័យថា អ្នកជំងឺ​ងាយ​នឹង​ឆ្លង​ជំងឺ​គ្រប់​ប្រភេទ អាច​អាច​នឹង​សម្លាប់ ដោយសារតែ​ជំងឺឆ្លង​ទាំងនេះ​វិញ មិនមែន​ដោយ​វីរុស​ហ៊ី​វ​ឡើយ​។ អ្វីដែល​កាន់តែ​អាក្រក់​នោះ​គឺថា វីរុស​ហ៊ី​វ ក៏​ធ្វើ​ឲ្យ​អ្នកជំងឺ ទទួលរង​ភាព​ធ្ងន់ធ្ងរ របស់​ជំងឺ​ផ្សេងៗ​ទាំងនោះ​កាន់តែខ្លាំង ព្រមទាំង​ប្រឈម​នឹង​ជំងឺមហារីក​មួយចំនួន​ទៀតផង​។ និយាយ​រួម ជំងឺអេដស៍ ឬ​មេរោគ​ហ៊ី​វ មិនមែន​សម្លាប់​មនុស្ស​ដោយផ្ទាល់​ទេ តែ​វា​សម្លាប់​ដោយ​ប្រយោល​។​
 
​មកដល់​សព្វថ្ងៃនេះ ថ្វីបើ​មានការ​ស្រាវជ្រាវ​ជ្រាវ​ខ្លះៗ​បញ្ជាក់ថា ជំងឺអេដស៍​អាច​ព្យាបាល​បាន​ក៏ដោយ ប៉ុន្តែ មិនទាន់មាន​សេចក្តីរាយការណ៍​ណាមួយ​ដែល​បង្ហាញថា អាច​ព្យាបា​ជា​លើ​អ្នកជំងឺ​អេដស៍​ផ្ទាល់​នៅឡើយ​ទេ​។ វា​គឺជា​ជំងឺ​មួយ​ប្រភេទ អាច​សម្លាប់​មនុស្ស​ដោយ​ប្រយោល និង​ស្លាប់ នៅ​ចន្លោះ​រយៈពេល មួយឆ្នាំ​កន្លះ​ទៅ​បី​ឆ្នាំ ក្រោយពី​ចេញ​រោគសញ្ញា ជា​ជំងឺអេដស៍​រួច ដែល​ការស្លាប់​នោះ ច្រើនតែ​បណ្តាលមកពី​ការឆ្លង​ជំងឺ​ផ្សេង ឬ​មហារីក​។ យ៉ាងណាមិញ ការព្យាបាល​របស់​ជំងឺ​នេះ គ្រាន់តែ​អាច​ពន្យារ​អាយុ និង​ដំណើរ​ការឆ្លង​ជំងឺ​ផ្សេងៗ​ប៉ុណ្ណោះ​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 HIV
© រក្សាសិទ្ធិដោយ thmeythmey.com