ជាតិ
​​​ន​យោ​បាយ​ជាតិ​
CNRP បន្ត​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​នៅ​សប្ដាហ៍​ទី​៣ ដោយ​ឯកឧត្តម កឹម សុខា ស្លៀកពាក់​ខ្មៅ​ដែរ​
29, Aug 2016 , 11:45 am        
រូបភាព
រូបលោក កឹម សុខា ជួបជាមួយលោក Jonathan Darby ជាប្រធានក្រុមកិច្ចការអាសុីអាគ្នេយ៍(អាស៊ាន) របស់ក្រសួងការបរទេសចក្រភពអង់គ្លេស
រូបលោក កឹម សុខា ជួបជាមួយលោក Jonathan Darby ជាប្រធានក្រុមកិច្ចការអាសុីអាគ្នេយ៍(អាស៊ាន) របស់ក្រសួងការបរទេសចក្រភពអង់គ្លេស
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៩ សីហា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ត​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ (Black Monday) នៅ​ទីស្នាក់ការ​បក្ស​អស់​រយៈពេល​៣​សប្ដាហ៍​ហើយ ដើម្បី​សម្ដែង​មតិ ទាមទារ​រក​យុត្តិធម៌​ជូន​លោក កែម ឡី មន្ត្រី គជប អង្គការ​សង្គម​ស៊ីវិល ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​។​


​ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ចូលរួម​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​នោះ គេ​សង្កេតឃើញថា ក្រុមតំណាងរាស្ត្រ និង​មន្ត្រី​បក្ស​មួយចំនួន បាននាំគ្នា​ស្លៀកពាក់​ខ្មៅ ស្ទើ​គ្រប់គ្នា​នៅ​រៀងរាល់ថ្ងៃ​ចន្ទ​។ ប៉ុន្តែ​អ្វីដែល​ជាការ​កត់សម្គាល់​នោះ ឃើញថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ក៏បាន​ស្លៀកពាក់​ឈុតខ្មៅ​ជា​លើកដំបូង​របស់ខ្លួន​ដែរ នៅក្នុង​ជំនួប​ជាមួយ​ភ្ញៀវ​បរទេស​។​
 
​កន្លងមក​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា តំណាងរាស្ត្រ​គណបក្ស​លោក បាននាំគ្នា​ស្លៀកពាក់​ខ្មៅ (Black Moday) ដើម្បី​ចូលរួម​តស៊ូ​មតិ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ការចូលរួម​បញ្ចេញមតិ​ប្រឆាំង​រដ្ឋាភិបាល ហើយ​ត្រូវ​រង​ការបាញ់សម្លាប់ និង​ចាប់ឃុំខ្លួន​កន្លងមកនេះ​។​
 
​ត្រង់ចំណុច​នេះ​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន ធ្លាប់បាន​ចោទ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​អ្នក​នៅ​ពីក្រោយ​នៃ​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ ដែលមាន​ចេតនា​ញុះញង់​ឲ្យ​មាន​បដិវត្ត​ពណ៌ ក្នុងការ​ប្រឆាំង​ច្បាប់​កម្ពុជា​។​
 
​តែ​យ៉ាងណា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ ចាត់ទុកជា​ការចោទប្រកាន់​របស់​រដ្ឋាភិបាល​នេះ ជាការ​ចោទ​ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់ ។ លោក អះអាងថា ការចូលរួម​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​របស់​គណបក្ស​លោក​នេះ មិនជា​ការចូលរួម​ដើម្បី​ញុះញង់​ឲ្យ​មាន​បដិវត្ត​ពណ៌​ទេ ពោលគឺ​ការចូលរួម​នេះ​ធ្វើតាម​ចលនា​តស៊ូ​មតិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប៉ុណ្ណោះ​។​បើតាម​អ្នកនាំពាក្យ​រូបនេះ គណបក្ស​នឹង​ចាប់ផ្ដើម​ចូលរួម​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​នេះ ដើម្បី​តស៊ូ​មតិ​រហូតដល់​មានការ​ដោះលែង​មន្ត្រី គជប និង​អង្គការ​សង្គម​ស៊ីវិល និង​រក​យុត្តិធម៌​ជូន​សព​លោក កែម ឡី ៕

Tag:
 CNRP
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com