អន្តរជាតិ
លោក Duterte ផ្ដល់​រង្វាន់​ជាង​៤​ម៉ឺន​ដុល្លារ​សម្រាប់​ក្បាល​ប៉ូលិស​ការពារ​ឈ្មួញ​គ្រឿងញៀន
29, Aug 2016 , 2:14 pm        
រូបភាព
​បន្ទាប់ពី​ឡើងកាន់​អំណាច​កាលពី​ចុងខែ​មិថុនា ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​បញ្ចេញ​កណ្ដាប់ដៃ​ដែក​ក្នុងការ​បោសសម្អាត​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ចេញពី​សង្គម​ហ្វីលីពីន បើទោះជា​រង​កា​រិះគន់​យ៉ាងណាក្ដី​។ នៅ​ចុង​ក្រោយនេះ បុរស​ខ្លាំង​រូបនេះ ក៏បាន​ប្រកាស​ផ្ដល់ប្រាក់​រង្វាន់​យ៉ាងច្រើន សម្រាប់​ក្បាល​មន្ត្រីប៉ូលិស​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឈ្មួញ​គ្រឿងញៀន ដែល​នេះ​បង្ហាញ​ការប្ដេជ្ញាចិត្ត​របស់លោក ក្នុង​យុទ្ធនាការ​ច​ម្រូង​ចម្រាសនេះ​។​



​កងកម្លាំង​ប៉ូលិស​ហ្វីលីពីន បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ប្រតិបត្តិការ​កម្ចាត់​គ្រឿងញៀន​របស់​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte​។ ប៉ុន្តែ​នៅពេលនេះ លោក Duterte បាន​សន្យា​ផ្ដល់​ប្រាក់រង្វាន់​ចំនួន​ពីរលាន​ពឺ​សូ (៤៣០០០​ដុល្លារ​) សម្រាប់​ក្បាល​របស់​គ្រប់​មន្ត្រីប៉ូលិស​ដែល​ការពារ​ឈ្មួញ​គ្រឿងញៀន ដ្បិត​កន្លងមក​មាន​មន្ត្រីប៉ូលិស​ជាច្រើន​នាក់​មកហើយ ដែល​ជាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន រួមទាំង​ការការពារ​ឈ្មួញ​ធំ​ផង​នោះ​។​

​ក្រៅពីនេះ បុរស​កណ្ដាប់ដៃ​ដែក​នេះ ក៏​ប្រកាស​ជំហរ​មិន​រាថយ​ក្នុងការ​បោសសម្អាត​គ្រឿងញៀន ដែល​បាន​អុកឡុក​ហ្វីលីពីន​ជា​យូរ​មកហើយ​នោះ​។ ថ្លែង​ទៅកាន់​អ្នកចូលរួម​ក្នុង​ថ្ងៃបុណ្យ​វីរជន​ជាតិ ថ្ងៃទី​២៨ ខែសីហា លោក Duterte បញ្ជាក់ថា ប្រតិបត្តិការ​នេះ នឹង​កាន់តែ​ឃោរឃៅ​តាមតែ​អាចធ្វើ​បាន ហើយ​លោក​ក៏​មិន​មេត្តា​ដល់​ពួកគេ​ទាំង​នោះដែរ​។ លោក​បន្តថា យុទ្ធនាការ​នេះ​នឹង​នៅតែ​រហូត ហើយ​លោក​នឹង​បញ្ចប់សង្គ្រាម​ប្រឆាំង​អំពើពុករលួយ គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ទាំងនេះ​។​

​សារព័ត៌មាន GMA NEWS ផ្សាយ​ថា ប្រធានាធិបតី​ហ្វីលីពីន ក៏បាន​ប្រកាស​ផ្ដល់​រង្វាន់​សម្រាប់​ក្បាល​សមាជិក​នៃ​ប៉ូលិស​ជាតិ​ហ្វីលីពីន ដែល​ការពារ​មេ​ឈ្មួញ​ថ្នាំញៀន​ផងដែរ​។ លោក Duterte បន្ថែមថា លោក​នឹង​ផ្ដល់​រង្វាន់​ទឹកប្រាក់​ចំនួន​ពីរលាន​ពឺ​សូ ដែល​ស្មើ​៤៣០០០​ដុល្លារ​សម្រាប់​ក្បាល​មួយ​។

​សូម​រម្លឹក​ដែរ​ថា តាំង​ពីមុន​ចូលកាន់​តំណែង​ជា​ផ្លូវការ​ក្នុង​ខែមិថុនា លោក​ប្រធានាធិបតី Duterte ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ពលរដ្ឋ​ទាំងអស់ ចូលរួម​ក្នុង​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន ដោយ​ពួកគេ ជាពិសេស​អ្នក​ដែលមាន​កាំភ្លើង មាន​សិទ្ធិ​បាញ់សម្លាប់​ឈ្មួញ​គ្រឿងញៀន​បាន​។ មួយវិញទៀត យុទ្ធនាការ​ក្ដៅ​នេះ ត្រូវបាន​ពង្រីក​ទៅដល់​មន្ត្រីជាន់ខ្ពស់ ក៏ដូចជា​កងកម្លាំងប្រដាប់អាវុធ​ដែរ​។

​មន្ត្រីប៉ូលិស និង​យោធា​ទាំងអស់ ដែល​ប្រើប្រាស់​គ្រឿងញៀន ឬ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដួ​រ ត្រូវ​ចូលខ្លួន​មក​សារភាព​ជាបន្ទាន់​។ ចំណែក​ក​មន្ត្រីជាន់ខ្ពស់ ជាពិសេស​អភិបាលខេត្ត​ក្រុង​ដែល​រកស៊ី​ជាមួយ​ឈ្មួញ​គ្រឿងញៀន ក៏ត្រូវ​ណែនាំ​ឲ្យ​ចូលខ្លួន​ផងដែរ ប្រសិនបើ​មិន​ចង់​មាន​វាសនា​អាក្រក់​ទេនោះ ដ្បិត​លោក Duterte បានដាក់​បញ្ជា​ដាច់ខាត​ហើយ ក្នុងករណី​ដែល​មិន​ព្រម​ចូល​សារភាព​តាម​សម្រួល​ទេនោះ អាច​នឹង​ត្រូវអស់​ជីវិត​មិន​ខាន​៕  


Tag:
 ហ្វីលីពីន​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com