ជាតិ
លោក ប៉ាង រតនា​៖ សេចក្តីស្រឡាញ់​របស់​ម​នុស្ស​មាន​៤​កម្រិត​
29, Aug 2016 , 8:39 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ភាពចាស់ទុំ​របស់​មនុស្ស​ម្នាក់ៗ​មាន​សារសំខាន់​ណាស់​នៅក្នុង​ការធ្វើ​ឲ្យ​ជីវិត​ទំនាក់ទំនង មានតម្លៃ​ខ្ពង់ខ្ពស់​ប្រកបដោយ​ភាពសប្បាយ​រីករាយ សេចក្ដីសុខ សុភមង្គល និង​ការអភិវឌ្ឍ​នានា ដែល​ពាក់ព័ន្ធ​នឹង​ឆាកជីវិត​។ លោក ប៉ាង រតនា មន្ត្រី​ស្រាវជ្រាវ នៃ​វិទ្យាស្ថាន​ភាសាជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​បញ្ជាក់ថា សេចក្ដីស្រឡាញ់​របស់​ម​នុស្ស​ត្រូវបាន​បែងចែក​ជា បួន​កម្រិត គឺមាន​កម្រិត​នៃ​ការស្រឡាញ់​ខ្លួនឯង កម្រិត​ស្រឡាញ់​គេ​ដើម្បី​ខ្លួនឯង កម្រិត​ស្រឡាញ់​គេ​ដើម្បី​គេ និង​ស្រឡាញ់គ្នា​ហើយ​ចែករំលែក​សេចក្ដីស្រឡាញ់​នោះ​ទៅ​ឲ្យ​អ្នកដទៃ​។

 
​មិនមែន​ប្ដី​ឲ្យ​លុយ​ប្រពន្ធ មាន​រថយន្ត មាន​វីឡា​ឲ្យ​ប្រពន្ធ​បញ្ជាក់ថា ប្ដី​ស្រឡាញ់​ប្រពន្ធ​នោះឡើយ​។  មិនមែន​ព្រោះ​ការ​និយាយថា​ស្រឡាញ់ ដោយ​មិនបាន​បង្ហាញ​ពី​សេចក្ដីស្រឡាញ់​ពិតជា​បញ្ជាក់​ពី​អត្ថន័យ​នៃ​ការស្រឡាញ់​នោះដែរ​។ មិនមែន​ត្រឹមតែ​ធ្វើ​អ្វី​គ្រប់យ៉ាង​ដោយ​មិនបាន​និយាយថា​ស្រឡាញ់​អាច​បញ្ជាក់ថា នោះ​គឺជា​អត្ថន័យ​នៃ​សេចក្ដីស្រឡាញ់​នោះដែរ​។ ប៉ុន្តែ​ការស្រឡាញ់ គឺ​ទាមទារ​ទាំង​ការ​និយាយថា​«​បង ស្រឡាញ់​អូន​» ឬ​«​អូន​ស្រឡាញ់​បង​» ការធ្វើ ការប្រតិបត្តិ ការយកចិត្តទុកដាក់ ការព្រួយបារម្ភ និង​ប្រើប្រាស់​ខួរក្បាល​មក​គិតពិចារណា​ពី​សេចក្ដីសុខ​ឲ្យ​គ្នា​ទៅវិញទៅមក នោះ​ទើប​ជាការ​ស្រឡាញ់​ពិត​។ ទាំងនេះ​គឺជា​ការលើកឡើង​របស់​មន្ត្រី​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ភាសាជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ប៉ាង រតនា ដែលជា​វាគ្មិន​ក្នុង​ការធ្វើ​បាឋកថា​ប្រចាំ​ខែសីហា លើ​ប្រធានបទ​«​តម្លៃ​នៃ​សេចក្ដីស្រឡាញ់​នៅក្នុង​គ្រួសារ និង​សហគមន៍​» ដែល​រៀបចំឡើង​ដោយ​ពុទ្ធសាសនបណ្ឌិត្យ​កម្ពុជា​។ 
 


 ​លោក ប៉ាង រតនា បាន​មានប្រសាសន៍ថា សេចក្ដីស្រឡាញ់​តែងតែ​មានការ​ការរីក​ចម្រើន និង​វិវឌ្ឍន៍​ឥតឈប់ឈរ និង​មាន​ផ្លែផ្កា បើសិនជា​អ្នកបង្កើត​សេចក្ដីស្រឡាញ់​ចេះ​ស្រោច​ទឹក ដាក់​ជី ថែទាំ​...​ដោយ​ហ្មត់ចត់​។ អ្នកស្រាវជ្រាវ​ពី​តម្លៃ​នៃ​សេចក្ដីស្រឡាញ់ រូបនេះ  មើលឃើញថា មនុស្ស​មួយចំនួន​ហាក់​មិនទាន់​យល់ អ្វី​ទៅ​ដែល​ហៅថា សេចក្ដីស្រឡាញ់​នៅឡើយ​នោះទេ​។ មូលហេតុ​ដែល​លោក​ហ៊ាន​អះអាង​បែបនេះ ព្រោះ​មនុស្ស​មួយចំនួន​គិតតែ​ស្រឡាញ់​ខ្លួនឯង បំពេញតម្រូវការ​ខ្លួន​ឯង ប៉ុន្តែ​មិនបាន​គិតពី​អ្នកដទៃ​។ រីឯ​មនុស្ស​មួយចំនួន​វិញទៀត ស្រឡាញ់​អ្នកដទៃ ខ្វល់​ពី​អ្នកដទៃ ប៉ុន្តែ​មិន​ស្រឡាញ់​ខ្លួនឯង​។ បន្ថែម​ពីនេះ​ទៀត អ្នកខ្លះ​យល់​ហើយ​សេចក្ដីស្រឡាញ់ ប៉ុន្តែ​មិនបាន​ចែករំលែក នោះ​ក៏​រាប់​ថា មនុស្ស​មិន​ស្គាល់​អ្វី​ទៅជា​សេចក្ដីស្រឡាញ់​នោះដែរ​។ 
 
​លោក ប៉ាង រតនា បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖ «​សេចក្ដីស្រឡាញ់ អ្នកណា​ក៏​ចេះ​និយាយ ប៉ុន្តែ​ស្រឡាញ់​គឺ​មិនមែន​ត្រឹមតែ​និយាយ​ទេ គឺ​ធ្វើ អនុវត្ត និង​ប្រតិបត្តិ​។ អ្នក​និយាយថា​ខ្ញុំ​ស្រឡាញ់​គាត់​ណាស់ ប៉ុន្តែ​សួរថា ត្រូវធ្វើ​អ្វីខ្លះ​? អត់​មាន​ចម្លើយ​។ ចំណែក​អ្នកខ្លះ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ប៉ុន្តែ​មិនបាន​និយាយថា​ស្រឡាញ់​ទេ​។ បើ​បែប​ហ្នឹង តើ​សួរថា មាន​សុភមង្គល​មកពីណា​? ហេតុនេះ​សេចក្ដីស្រឡាញ់​មិនមែន​គ្រាន់តែ​មើល​ដោយ​ភ្នែក​នោះទេ ប៉ុន្តែ​គឺ​ត្រូវ​ប្រើប្រាស់​ខួរក្បាល​ដើម្បី​គិតពិចារណា​»​។​
 
​ការស្រឡាញ់​គឺ​ចាំបាច់​ត្រូវ​ភ្ជាប់​ទំនាក់ទំនង​ទាំង​ការយកចិត្តទុកដាក់ និង​ការព្រួយបារម្ភ​។ លោក រតនា បាន​លើកឡើងថា ស្ត្រី​ខ្មែរ​គឺ​ភាគច្រើន​ជា​អ្នកទទួល​ភាពអយុត្តិធម៌​ជាងគេ ព្រោះតែ​គំនាប់​នៃ​សេចក្ដីស្រឡាញ់​នេះ​។ លោក​បញ្ជាក់ថា «​ស្ត្រី​ព្រោះតែ​ខ្លាច​បែកបាក់​គ្រួសារ ខ្លាច​កូន​អត់​មាន​ឪពុក​ហៅ ខ្លាច​គេ​មើលងាយ​ថា​ជា​ស្ត្រី​មិន​ប្រពៃ​នៅក្នុង​សង្គម បូករួម​ផ្នត់គំនិត​ខ្មែរ​ថា មេម៉ាយ​ចំណាយ​មាត់​គេ បានធ្វើ​ឲ្យ​ស្ត្រី​ខ្មែរ​រស់នៅ​ជាប់​ជាមួយ​ពាក្យ​ថា ទ្រាំ និង អត់ធ្មត់​»​។​
 
​ព្រោះតែ​ពាក្យ​ថា «​ទ្រាំ​» នេះហើយ​ដែល​ធ្វើ​ឲ្យ​បុរស​មួយចំនួន​ចេះតែ​បានចិត្ត ធ្វើ​ឲ្យ​ស្ត្រី​ពិបាក និង​គ្រាំគ្រា​ចិត្តជា​ប្រចាំ មាន​ស្រី​ខាងក្រៅ មិន​ផ្ដល់​តម្លៃ​ឲ្យ​ប្រពន្ធ ប៉ុ​ន្ថែ​ម​ប្រើប្រាស់​ផ្នត់គំនិត​ថា «​បុរស​គឺជា​មាសទឹកដប់​» ទោះ​ចង់​មាន​ស្រី​នៅ​ខាងក្រៅ​គឺជា​រឿង​ធម្មតា ។ បន្ថែម​ពីនេះ បុរស​នៅតែ​បន្ត​ប្រើ​ផ្នត់គំនិត​ថា​ស្ត្រី គឺ​ត្រូវតែ​ធ្វើ​កិច្ចការ​ផ្ទះ ហើយ​ខ្លួន​គឺ​ត្រូវ​ចេញ​ក្រៅ​ដើម្បី​រកស៊ី​។ អ្នកជំនាញ​ស្រាវជ្រាវ​ខាង​បញ្ហា​សេចក្ដីស្រឡាញ់​រូបនេះ បន្តថា ផ្នត់គំនិត​បុរាណ​នេះ សម័យមុន​គឺ​មិន​ខុសឆ្គង​ទេ ប៉ុន្តែ​វា​គឺជា​រឿង​ដែល​សម​ហេតុផល ព្រោះថា​កា​រប​បាញ់ និង​នេសាទ ស្ត្រី​មិនមាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ធ្វើ​នោះទេ​។ ទោះជា​យ៉ាងណា​ផ្នត់គំនិត​នេះ សម្រាប់​បច្ចុប្បន្ន​គឺ​មិន​ត្រឹមត្រូវ​ឡើយ​។ 
 
​លោក​ថា​៖ «​គំនិត​ចាស់​បុរាណ លោក​គិត​ត្រូវ ព្រោះ​គេ​ដឹងថា​ស្ត្រី​មាន​កម្លាំង​ខ្សោយ ដូច្នេះ​ត្រូវធ្វើ​ការងារ​នៅក្នុង​ផ្ទះ ចំណែក​បុរស​មាន​កម្លាំង​ខ្លាំង​ត្រូវ​ទៅ​ក្រៅ​បរបាញ់​ជាដើម​នេះ​ជា​រឿង​ដែល​សម​ហេតុផល​។ ប៉ុន្តែ​សម័យ​ឥឡូវ បុរស​មិនអាច​នៅតែ​បន្ត​ផ្នត់គំនិត​ហ្នឹង​ទេ ព្រោះ​ការងារ​បុរស​ឥឡូវ​នៅតាម​ក្រសួង មន្ទី ក្រុមហ៊ុន  មានរឿង​អី​ត្រូវអស់​កម្លាំង​។ ចំណែក​ស្ត្រី​ឥឡូវ​មិន​ត្រឹមតែ​ធ្វើការ​ងារ​ក្នុងផ្ទះ​សព្វគ្រប់​បែបយ៉ាង​ទេ ប៉ុន្តែ​ឆ្លៀត​ទៅធ្វើ​ការងារ​ក្រៅ​ដើម្បី​ផ្គត់​ផ្គង​គ្រួសារ សួរថា​អ្នកណា​ដែល​ធ្វើ​ការងារ​ច្រើនជាង និង​ហត់​ជាង អស់កម្លាំង​ជាង​? រឿងនេះ ដែល​បុរស​ត្រូវ​ភ្ញាក់រឭក​ដោយ​ខ្លួនឯង​»​។ 
 
​លោក ប៉ាង រតនា បាន​លើកឡើងថា ការស្វែងយល់​ពី​សេចក្ដីស្រឡាញ់ គឺ​មិន​មែនមាន​ប្រយោជន៍​សម្រាប់តែ​ទំនាក់ទំនង​គ្រួសារ​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​គឺជា​ទ្រព្យ​ដ៏​មាន​សារៈ​សំខាន់បំផុត​ដើម្បី​ធ្វើ​ឲ្យ​សង្គម​មាន​សេចក្ដីស្រឡាញ់ និង​រស់​នៅមាន​សន្តិភាព​ជាមួយគ្នា​។ លោក​ក៏បាន​បញ្ជាក់ថា សេចក្ដីស្រឡាញ់​របស់​ម​នុស្ស​ត្រូវបាន​បែងចែក​ជា បួន​កម្រិត គឺមាន​កម្រិត​នៃ​ការស្រឡាញ់​ខ្លួនឯង កម្រិត​ស្រឡាញ់​គេ​ដើម្បី​ខ្លួនឯង កម្រិត​ស្រឡាញ់​គេ​ដើម្បី​គេ និង​ស្រឡាញ់គ្នា​ហើយ​ចែករំលែក​សេចក្ដីស្រឡាញ់​នោះ​ទៅ​ឲ្យ​អ្នកដទៃ​៕
 
 

Tag:
 ស្រឡាញ់​
  ផ្នត់គំនិត​
  ស្ត្រី​និង​បុរស​
  ប៉ាង រតនា
© រក្សាសិទ្ធិដោយ thmeythmey.com