ជាតិ
​​​ន​យោ​បាយ​ជាតិ​
សង្គម​ស៊ីវិល​សោកស្ដាយ​ចំពោះ​ការសម្រេច​របស់​តុលាការ​លើ​ករណី​ឯកឧត្តម កឹម សុខា​
09, Sep 2016 , 5:25 pm        
រូបភាព
 
​ភ្នំពេញ​៖ សង្គម​ស៊ីវិល យល់ឃើញថា ការសម្រេច​របស់​តុលាការ​លើ​ករណី​ឯកឧត្តម កឹម សុខា គឺជា​ការសម្រេច​ដែល​មិនមាន​ភាព​ឯករាជ្យ​ឡើយ ដែល​តុលាការ​កំពុង​រំលោភ​និង​បំភិតបំភ័យ លើ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ឯកឧត្តម កឹម សុខា​។ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីសម្រេច​ឲ្យ​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​៥ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​សែន​រៀល តាម​មាត្រា​៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ​។​


​អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្ក​ត នៃ​អង្គការ​លីកាដូ (LICADHO)​លោក អំ សំអាត យល់ថា ករណី​ឯកឧត្តម កឹម សុខា ហាក់​គ្រាន់តែ​ជា​បទល្មើស​តូចតាច​មួយ ដែល​តុលា​ការមិន​គូរ​សម្រេច​ទោស ទាំង​ប្រធានស្តីទី​រូបនេះ មាន​អភ័យឯកសិទ្ធិ​នោះឡើយ​។ លោក​ថា ការកាត់ទោស​ឯកឧត្តម កឹម សុខា ទាំង​មាន​អភ័យ​សិទ្ធិ​បែបនេះ គឺជា​ការបង្ហាញ​យ៉ាងច្បាស់​ថា តុលាការ​មិនមាន​ភាព​ឯករាជ្យ​នេះ​ទេ​។ លោក អំ សំអាត មានការ​ព្រួយ​ថា ការសម្រេច​របស់​តុលាការ​នេះ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមាជិកភាព​តំណាងរាស្ត្រ​របស់​ឧ​ត្ត​ម កឹម សុខា (​ត្រង់​មាត្រា​១២០​ថ្មី​នៃ​ច្បាប់បោះឆ្នោត​) នៅពេល​ខាងមុខ​ផងដែរ ។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក អំ សំអាត បាន​បញ្ជាក់ថា​៖«​ខ្ញុំ​សោកស្ដាយ​លើ​ការសម្រេច​របស់​តុលាការ ព្រោះ​ឯកឧត្តម កឹម សុខា គាត់​មាន​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ តែ​ត្រូវបាន​តុលាការ​កាត់ទោស​ទាំង​មិនទាន់បាន​ដក​អភ័យឯកសិទ្ធិ​។ ហើយ​ការសម្រេច​បែបនេះ​នឹង​បង្ក​ឲ្យ​កាន់​តែមាន​ភាព​តានតឹង​នយោបាយ …​ហើយ​បើសិនជា​បទល្មើស​តូចតាច​ងាក​ទៅ​តុលាការ ហើយ​តុលាការ​សម្រេច​កាត់ទោស​លើ​អ្នកតំណាងរាស្ត្រ​លើ​ករណី​តូចតាច ទាំង​មាន​អភ័យឯកសិទ្ធិ​បែបនេះ បង្ហាញថា​តុលាការ​មិនទាន់មាន​ឯករាជ្យ​ទេ​»​។​
 
​លោក សួន ប៊ុន​សក្ដិ ក៏​យល់ឃើញ​ដូច​លោក អំ សំអាត​ដែរ​។ អគ្គលេខាធិការ​នៃ​អង្គការ​CHRAC​រូបនេះ យល់ថា ការសម្រេច​របស់​តុលាការ​បែបនេះ គឺ​រឹតតែ​បង្ក​ឲ្យ​មាន​ភាព​តានតឹង​នយោបាយ ដែល​អាច​ឲ្យ​នាំ​មានការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្សប្រឆាំង និង​អាជ្ញាធរ​នៅពេល​ខាងមុខ​ទៅវិញ​ទេ​។ ទាំង​លោក សួន ប៊ុន​សក្ដិ ទាំង​លោក អំ សំអាត ស្នើ​ឲ្យ​អ្នកនយោបាយ​នាំគ្នា​ចូល​តុ​ចរចា​រក​ដំណោះស្រាយ​រួមគ្នា ក្រោយពី​តុលាការ​សម្រេច​លើ​ករណី​ឯកឧត្តម កឹម សុខា នេះ ដើម្បី​បញ្ចប់​ភាព​តានតឹង​នយោបាយ និង​បញ្ឈប់​ការ​លាភ​ពណ៌​គ្នា ដោយ​ងាក​មក​គិត​ដោះស្រាយ​រួមគ្នា ពី​ផលប្រយោជន៍​ប្រទេសជាតិ​វិញ​។​
 
​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីសម្រេច​ឲ្យ​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​៥ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​សែន​រៀល តាម​មាត្រា​៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ​។ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវបាន​ចោទប្រកាន់​ពីបទ​«​បដិសេធ​ក្នុងការ​ចូលខ្លួន​» ដែល​តុលាការ​ចាត់ទុកថា​ជា​បទល្មើស​ជាក់ស្តែង​៕

Tag:
 សង្គម​ស៊ីវិល​
 ​ កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com