អន្តរជាតិ
លោក អូបាម៉ា សន្យាទៅសម្រាកលេងនៅឡាវជាថ្មី ក្រោយលោកបញ្ចប់អាណត្តិប្រធានាធិបតី
× លួងប្រាបាង, ឡាវ៖ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ទើបតែបញ្ចប់ដំណើរទស្សនកិច្ចលើកទី១១មកកាន់តំបន់អាស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលក្នុងតំបន់រួមមានទាំងក្នុងប្រទេសឡាវ ដែលទីនោះហើយ ដែលលោក បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលបានមកដល់។ នេះ ក៏ជាដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីជាលើកចុងក្រោយរបស់លោកក្នុងនាមជាប្រធានាធិបតីអាមេរិកផងដែរ។ ទោះយ៉ាងនេះក្តី លោកប្រធានាធិបតី បានសន្យាថា លោក នឹងមកលេងនៅប្រទេសឡាវជាថ្មី តែមិនមែនក្នុងនាមជាប្រធានាធិបតីអាមេរិកទៀតឡើយ។
ឆ្លៀតពេលក្នុងដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំពាក់ព័ន្ធនៅឡាវ ក្នុងវៀងចន្ទន៍ លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃទី០៧ ខែកញ្ញាកន្លងទៅ ក៏បានបំពេញទស្សនកិច្ចនៅក្នុងតំបន់បុរាណ និងវប្បធម៌«លួងប្រាបាង»នៃប្រទេសឡាវផងដែរ។ ហើយក្នុងថ្ងៃដដែលនោះដែរ លោកប្រធានាធិបតី ក៏ជួបជាមួយនឹងយុវជនអាស៊ានដែលជាសមាជិក YSEALI ដើម្បីជជែក និងស្វែងយល់ពីគ្នាទៅវិញទៅមក ដ្បិត ជំនួបនោះ ក៏ជាជំនួបចុងក្រោយរវាងរូបលោក ជាមួយនឹងក្រុមយុវជនក្នុងនាមជាប្រធានាធិបតីអាមេរិក។
អ្វីគួរកត់សម្គាល់ លោក អូបាម៉ា ដែលបានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេបង្អស់មកកាន់ឡាវតាមរយៈដំណើរទស្សនកិច្ចផ្លូវការមកកាន់អាស៊ីក្នុងនាមជាប្រធានាធិបតីនោះ បានថ្លែងចំពោះមុខយុវជនប្រមាណជិត២០០នាក់ ថា លោក ចំណាយពេលមកកម្សាន្តនៅឡាវជាថ្មី ក្រោយលោក បញ្ចប់អាណត្តិប្រធានាធិបតី។
លោកប្រធានាធិបតីជិតផុតអាណត្តិរូបនោះ បាននិយាយក្នុងទឹកមុខញញឹម និងផ្តល់ក្តីសង្ឃឹមដល់យុវជនអាស៊ានយ៉ាងដូច្នេះថា «ខ្ញុំ សន្យាទៅកាន់អ្នក ថា ខ្ញុំ នឹងត្រលប់មកវិញ នៅពេលដែលខ្ញុំ មិនមែនជាប្រធានាធិបតី។ ហើយអ្វីដែលជារឿងល្អនោះគឺ នៅពេលខ្ញុំត្រលប់មកនោះ ខ្ញុំ នឹងមិនមានសន្តិសុខច្រើនទៀតនោះទេ។ ហើយដូច្នេះ ខ្ញុំ អាចអង្គុយ ហើយសម្រាក ដោយមិនមមារញឹកដូចពេលមុនឡើយ»។
តាមការអះអាងរបស់ លោក អូបាម៉ា លោក ធ្លាប់រស់នៅឥណ្ឌូនេស៊ីកាលលោកនៅវ័យកុមារ ហើយម្តាយរបស់លោក បានបំពេញការងារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយស្ត្រីនៅតាមភូមិដើម្បីជួយលក់កន្សែង ឬក្រមារបស់ពួកគេដើម្បីរកចំណូលសម្រាប់គ្រួសារ។ នេះ ក៏ជាផ្នែកមួយដែល ជំរុញឲ្យលោក ចូលចិត្ត និងមានទស្សនវិស័យមកកាន់តំបន់អាស៊ីអាគ្នេយ៍៕
© រក្សាសិទ្ធិដោយ thmeythmey.com