ជាតិ
សេដ្ឋកិច្ច
CEDAC ជំរុញ​កសិករ​ដាំ​ស្លឹកគ្រៃ ខណៈដែល​កម្ពុជា​នាំចូល​បន្លែ​នេះ​ប្រមាណ​៥០​តោន​ក្នុង​១​ថ្ងៃ​
12, Sep 2016 , 11:10 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ខណៈដែល​កម្ពុជា​បាន​នាំចូល​បន្លែ​គល់​ស្លឹកគ្រៃ​ពី​ប្រទេស​វៀតណាម​ក្នុង​បរិមាណ​ដ៏​ច្រើន លោក សម វិទូ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​(CEDAC) ជំរុញ​ឲ្យ​កសិករ​ដាំ​បន្លែ​ប្រភេទ​នេះ ដើម្បី​កាត់បន្ថយ​ការផ្គត់ផ្គង់​ពី​ខាងក្រៅ​។



ប្រធាន CEDAC លោក សម វិទូ អះអាងថា ការផ្គត់ផ្គង់​គល់​ស្លឹកគ្រៃ​ក្នុងស្រុក ផ្ដល់​បរិមាណ​មិន​ដល់ ៥០​ភាគរយ​ផង​នៃ​ទំហំ​តម្រូវការ​ទីផ្សារ ដោយ​កម្ពុជា​ត្រូវ​នាំចូល​គល់​ស្លឹកគ្រៃ​ប្រហែល ៥០​តោន ក្នុង​មួយថ្ងៃៗ​ពី​ប្រទេស​វៀតណាម ហើយ​ចំនួន​នេះ​គិតតែ​ការនាំ​ចូលក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​។​«​តាម​ការស្រាវជ្រាវ ក្នុង​មួយថ្ងៃ យើង​បាន​នាំចូល​គល់​ស្លឹកគ្រៃ​ប្រហែល ៥០​តោន មក​ផ្សារ​ដើម​គរ និង​ផ្សារ​នាគ​មាស ដែលជា​កន្លែង​ចែកចាយ​ធំ ទៅ​ខេត្ត​ជុំវិញ​ភ្នំពេញ និង​ខេត្ត​ឆ្ងាយៗ​មួយចំនួន​។ តែ​នេះ​យើង​អត់​គិត​ផ្សារ​ដែលមាន​ខេត្ត​ជាប់​ព្រំដែន​ផង​»​។​នេះ​បើតាម​លោក សម វិទូ ដែល​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​១២​ខែកញ្ញា​។​

បើតាម លោក សម វិទូ គល់​ស្លឹកគ្រៃ ដែល​នាំចូល​ពី​ក្រៅប្រទេស មាន​លក្ខណៈ​ធំ និង​ស​ជាង​គល់​ស្លឹកគ្រៃ​ក្នុងស្រុក​។ លោក​មានប្រសាសន៍ថា គល់​ស្លឹកគ្រៃ​ទាំងនេះ ត្រូវបាន​គេ​ដាំ​ដោយ​ប្រើ​ជីគីមី ហើយ​គេ​អាច​ប្រើ​ថ្នាំ ដើម្បី​ឲ្យ​វា​មាន​ពណ៌​ស​។

CEDAC កំពុងតែ​ចងក្រង​កសិករ​ឲ្យ​ដាំ​គល់​ស្លឹកគ្រៃ​និង​ជួយ​ស្វែងរក​ទីផ្សារ​ជូន​ពួកគាត់​។ លោក សម វិទូ ឲ្យ​ដឹងថា ជា​ជំ​ហ៊ាន​ដំបូង CEDAC បានចាប់ផ្ដើម​គម្រោង​នេះ​ក្នុង​ខេត្ត​ចំនួន​៥ ។ បើតាម​ប្រធាន CEDAC រូបនេះ ដាំ​ណាំ​គល់​ស្លឹកគ្រៃ​នេះ ងាយ​ថែទាំ និង​ចំណាយ​ទុន​តិច ដោយ​គេ​អាច​ប្រមូល​ផល​វា​ក្នុង​រយៈពេល​៣​ខែ ឫ​៤​ខែ អាស្រ័យ​ប្រភេទ​ដី និង​ការ​ស្រោច​ទឹក​។ លោក​បញ្ជាក់ថា ដំណាំ​នេះ ត្រូវការ​ទឹក​តិច ហើយ​ធន់​នឹង​ភាពរាំងស្ងួត ដោយ​រយៈពេល​ពីរ​បី​ថ្ងៃ គេ​អាច​ស្រោចស្រព​វា​ម្ដង​ក៏បាន​។

អ្នកជំនាញ​កសិកម្ម​រូបនេះ ណែនាំ​ឲ្យ​កសិករ​ត្រូវ​ចងក្រង​គ្នា ដើម្បី​កុំ​ឲ្យ​ជួប​បញ្ហា​ទីផ្សារ​។​«​អ្វីដែល​គាត់​និយាយថា ពិបាក​រក​ទីផ្សារ​នោះ ព្រោះ​ថាបើ​គាត់​ដាំ​តែម្នាក់ឯង ហើយ​យូរៗ​យក​លក់​ឲ្យ​គេ​ម្ដង​អ៊ីចឹង ខាង​ឈ្មួញ​ពិបាក​ដើរ​ប្រមូល​ដែរ​។ បើសិន​មាន​ជា​ក្រុម ផ្គត់ផ្គង់​គេ​ឲ្យ​ទៀងទាត់ គឺ​ទីផ្សារ​អត់​ខ្វះ​ទេ​។​ដំណាំ​នេះ គេ​ត្រូវការ​រាល់ថ្ងៃ​»​។ លោក បន្តទៀតថា​៖«​គល់​ស្លឹកគ្រៃ​នេះ ងាយស្រួល​ណាស់  ពេល​ត្រូវការ​យើង​អាច​គាស់​រំលែក​គល់​របស់​វា​បាន​បី​ដង ហើយ​បើ​អត់​ទាន់​ចង់​លក់​ទេ យើង​ទុក​លើដី​ណឹ​ង​ក៏​វា​អត់​ខូច​ដែរ​»​។ លោក សម វិទូ ណែនាំ​ទៀតថា ដើម្បី​ឲ្យ​ដំណាំ​គល់​ស្លឹកគ្រៃ មាន​លក្ខណៈ​ធំធាត់​ល្អ កសិករ​គួរប្រើ​ជីសរីរាង្គ និង​ថែទាំ​វា​ឲ្យ​បានល្អ ចៀសវាង​ការដាំ​ទុកចោល​។ ហើយ​ការដាំ​គល់​ស្លឹកគ្រៃ​នេះ ត្រូវ​ទុកចន្លោះ​ប្រហែល ០,៥​ម៉ែត្រ​ពី​គុម្ព​នីមួយៗ​។​

ក្នុង​មួយ​គុម្ព មាន​ទំងន់​ប្រមាណ ១​គីឡូក្រាម ដោយ​គេ​អាច​លក់​ចេញ​ក្នុងតម្លៃ​ប្រហាក់ប្រហែល ៤០០០ រៀល​។ នេះ​បើតាម​លោក សម វិទូ ៕


Tag:
 CEDAC
  សម វិទូ
© រក្សាសិទ្ធិដោយ thmeythmey.com