ជាតិ
សេដ្ឋកិច្ច
ស្រូវក្រអូបធ្លាក់ថ្លៃ ១០០ដុល្លារ ដោយសារថមថយការបញ្ជាទិញពីប្រទេសចិន
× ភ្នំពេញ៖ ទីផ្សារស្រូវក្រអូបដែលមានតម្លៃប្រមាណ ៣០០ដុល្លារ បានធ្លាក់ចុះមកនៅត្រឹមក្នុងរង្វង់ ២០០ដុល្លារ ក្នុងមួយតោន ។ លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា(CRF) ថ្លែងថា ការធ្លាក់តម្លៃស្រូវនេះ គឺដោយសារការថមថយនៃការបញ្ជាទិញពីប្រទេសក្នុងតំបន់អាស៊ី ។ ជាពិសេសទីផ្សារប្រទេសចិន និងការប្រកួតប្រជែងពីប្រទេសជិតខាង។
អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ នៅថ្ងៃទី១៤ខែកញ្ញា បានសាកសួរអ្នកស្រី ណុប សាវឿន កសិករនៅខេត្តបន្ទាយមានជ័យ តាមទូរសព្ទអំពីតម្លៃស្រូវក្រអូប។ អ្នកស្រី ណុប សាវឿន អះអាងថា ស្រូវក្រអូប(សើម)ដែលអ្នកស្រីបានលក់ឲ្យឈ្មួញនោះ មានតម្លៃតែ ៦៥០០បាត(ជិត២០០ដុល្លារ) ក្នុង១តោន ដែលតម្លៃនេះបានធ្លាក់ចុះពី១ម៉ឺនបាត(ជិត៣០០ដុល្លារ) ក្នុង១តោន ក្នុងរយៈពេលតែ១៥ថ្ងៃ។ កសិករដែលមានដីស្រែ៩ហិកតារូបនេះ អះអាងថា តម្លៃស្រូវក្រអូបបានបន្តធ្លាក់ជារៀងរាល់ថ្ងៃ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ កសិករខេត្តបន្ទាយមានជ័យរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ធ្លាក់ចុះរាល់ថ្ងៃ ឥឡូវនេះអត់ទាំងមានអ្នកទិញទៅទៀត កុំថាតែធ្លាក់ចុះ។ អ្នកដែលដឹកដល់រោងម៉ាស៊ីនហើយបានតែ ៦០០០បាតទៀតនៅព្រឹកមិញ គេអត់ចុះទិញ»។
លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) មានប្រសាសន៍ថា ស្រូវក្រអូបបានធ្លាក់ថ្លៃពីជាង៣០០ដុល្លារ មកត្រឹមជាង២០០ដុល្លារ ដោយសារកត្តាទីផ្សារខាងក្រៅ។ លោកប្រាប់យ៉ាងដូច្នេះថា៖«ជាទូទៅស្រូវក្រអូប យើងនាំទៅទីផ្សារប្រទេសចិន តែមួយរយៈនេះទីផ្សារចិនស្ងាត់ ដោយសារគេជាប់ពិធីបុណ្យរបស់គេផង ហើយកៀកនឹងបំណាច់ឆ្នាំ ដែលគេរៀបចំកញ្ចប់កូតាថ្មី អ៊ីចឹងទៅទីផ្សារវានៅទ្រឹង ហើយវាធ្វើឲ្យចាល់»។
ទន្ទឹមនឹងនេះ ការប្រកួតប្រជែងពីប្រទេសជិតខាង ក៏ធ្វើឲ្យកម្ពុជាជួបបញ្ហានាំចេញទៅទីផ្សារចិនផងដែរ។ លោក ហ៊ុន ឡាក់ ប្រាប់ដូច្នេះថា៖«ដោយសារតម្លៃអង្ករនៅថៃ និងវៀតណាម គេទម្លាក់ថ្លៃ ដូច្នេះទៅគាត់(ចិន)បែទៅយកខាងថោក។ កម្ពុជាអត់ទាន់ទម្លាក់តម្លៃបានទេ ដោយសារថ្លៃដើមយើងនៅខ្ពស់នៅឡើយ»។
បើតាមអនុប្រធាន CRF រូបនេះ ការថមថយបញ្ជាទិញពីទីផ្សារប្រទេសចិន គឺចាប់ផ្ដើមពីខែឧសភាមក ខណៈការនាំចេញអង្ករទៅប្រទេសនេះ ក្នុងរយៈពេល៨ខែឆ្នាំនេះមានចំនួនជាង ៥ម៉ឺនតោន ដែលធ្លាក់ចុះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ។
លោក ហ៊ុន ឡាក់ អះអាងថា ការបញ្ជាទិញអង្ករពីទីផ្សារអន្តរជាតិ នឹងមានភាពល្អប្រសើរ នៅរដូវប្រមូលផលស្រូវរដូវវស្សា ដែលចាប់ផ្ដើមពីខែវិច្ឆិកា។ «ជាទូទៅ រៀងរាល់ឆ្នាំនៅខែប្រមូលធំ ការបញ្ជាទិញតែងតែមាន ហើយវាមិនតូចទេ មកពីគ្រប់កន្លែងទាំងអស់ នៅពេលណាដែលតម្លៃយើងកុំឲ្យមានគម្លាតឆ្ងាយពេកពីប្រទេសជិតខាង»។ នេះជាការបញ្ជាក់របស់អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានស្នើឲ្យរដ្ឋាភិបាលជួយដើមទុនបន្ថែមដល់សហគ្រាសរោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវស្ដុកទុក ដែលនឹងរួមចំណែកជួយឲ្យតម្លៃស្រូវបានប្រសើឡើងផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com