ជាតិ
ក្រសួង​ការងារ​ប្រកាស​ផ្ដល់​អាហា​រូបករណ៍​ជាង ១​ម៉ឺន​កន្លែង​
16, Sep 2016 , 7:39 am        
រូបភាព
ដោយ:
 
​ក្នុង​ឆ្នាំ​សិក្សា ២០១៦-២០១៧​នេះ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សម្រេច​ផ្ដល់​អាហារ​រូបករណ៍​ចំនួន ១០១៤៧ កន្លែង លើ​មុខជំនាញ​ដែល​ទីផ្សារការងារ​កំពុងមាន​តម្រូវការ​ខ្ពស់​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង នៅ​ថ្ងៃទី ១៤​ខែកញ្ញា​។​


​សេចក្ដីជូនដំណឹង​ក្រសួង​ការងារ​បញ្ជាក់ថា បេក្ខជន​ត្រូវបំពេញ​លក្ខខណ្ឌ​ទៅតាម​ប្រភេទ​អាហារូបករណ៍​នីមួយៗ​។ សម្រាប់​អាហារូបករណ៍​ថ្នាក់​សញ្ញប​ត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​១ បេក្ខជន​ត្រូវមាន​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬ​លិខិតបញ្ជាក់​បានបញ្ចប់​ថ្នាក់​ទី​៩ ឬ​វិញ្ញ​ប​នប​ត្រ​ស្ពាន​ចម្លង​បន្ត​ជំនាញ​។ ចំណែក​អាហារូបករណ៍​ថ្នាក់​សញ្ញា​ប្រជាន់​ខ្ពស់ ឬ​បរិញ្ញាបត្ររង​បច្ចេកទេស​/​ឯកទេស បេក្ខជន​ត្រូវមាន​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​៣ ឬ​ជាប់ ឬ​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​សមមូល​។ 
 
​ដោយឡែក​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​បច្ចេកវិទ្យា​/​ឯកទេស​សញ្ញាបត្រ​វិស្វករ បេក្ខជន​ត្រូវមាន​សញ្ញាបត្រ​ជាន់ខ្ពស់​/​បរិញ្ញាបត្ររង​បច្ចេកទេស​/​ឯកទេស ឬ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញប​ត្រ​សមមូល​។​
 
​សិស្សានុសិស្ស យុវជន ដែល​ចង់​បន្ត​ការសិក្សា​ថ្នាក់​អាហារូបករណ៍​ខាងលើ អាច​ទំនាក់ទំនង​ចុះឈ្មោះ​សិក្សា​ដោយផ្ទាល់​នៅ​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​រាជធានី ខេត្ត​។ ព័ត៌មាន​បន្ថែម​អំពី​អាហារូបករណ៍​នេះ អាចទាក់ទង​មកកាន់​នាយកដ្ឋាន​ព័ត៌មាន​ទីផ្សារការងារ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែលមាន​លេខ​ទូរស័ព្ទ ០១១ ៨៥៣ ៨១២ ឬ ០១០/០១៧ ៧៤៧ ៧៧៣ ៕

Tag:
 អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com