ជាតិ
World Bank៖ ការអាន​សៀវភៅ​នៅ​កម្ពុជា​កំពុង​កើនឡើង​
17, Sep 2016 , 7:39 pm        
រូបភាព
​នៅ​ឆ្នាំ​២០០៥ សមាគម​អភិវឌ្ឍន៍​អន្តរជាតិ ជា​ស្ថាប័ន​មួយ​របស់​ក្រុម​ធនាគារពិភពលោក ដែល​ជួយ​ដល់​ប្រទេស​ក្រីក្រ​បំផុត​ជាច្រើន​នៅលើ​ពិភពលោក បានផ្តល់​ហិរញ្ញប្បទាន​ចំនួន ២៨​លាន​ដុល្លារ សម្រាប់​កសាង​សមត្ថភាព​របស់​ក្រុម​វាយតម្លៃ​ថ្នាក់ជាតិ​កម្ពុជា​។ បើ​យោងតាម​របាយការណ៍​ពី​ធនាគារ ការគាំទ្រ​នេះ​បាន​នាំ​ឲ្យ​កម្ពុជា ធ្វើការ​វាយតម្លៃ​ថ្នាក់ជាតិ​លើកទីមួយ​លើ​ភាសា​ខ្មែរ និង​គណិតវិទ្យា​សម្រាប់​សិស្ស​ថ្នាក់​ទី​៣ នៅ​ឆ្នាំ ២០០៦ និង ឆ្នាំ​២០០៩ ។​



​លទ្ធផល​បាន​បង្ហាញថា ការអាន​មាន​កម្រិត​ខ្សោយ​ណាស់ ដែល​បញ្ហា​នេះ​បាន​នាំ​ឲ្យ​មានការ​គិតគូរ​ឡើងវិញ អំពី​វិធីសាស្ត្រ​ក្នុងការ​បង្រៀន​អាន​។  វិធីសាស្ត្រ​បង្រៀន​បាន​ផ្លាស់ប្តូរ​ពី​«​ការ​ឲ្យ​ចំណាំ​ពាក្យ​នីមួយៗ​»​ទៅជា​ការ​ផ្សំ​ស្រៈ​និង​ព្យញ្ជនៈ​វិញ​។

​លទ្ធផល​ដដែល  ក៏បាន​ធ្វើ​ឲ្យ​កម្ពុជា បានចាត់ទុក​ការបង្រៀន​អាន ជា​អាទិភាព​ថ្នាក់ជាតិ​មួយ ដែល​ឈានទៅដល់​ការបណ្តុះបណ្តាល​គ្រូបង្រៀន​ចំនួន ២៤.៥៧៧​នាក់ បោះពុម្ព​សៀវភៅអាន​ជា​ភាសា​ខ្មែរ បាន​ចំនួន​ពីរ​ក្បាល និង​សិស្ស​ថ្នាក់​ទី​៨ ស្ទើរតែ​ទាំងអស់​នៅ​ទូទាំងប្រទេស ចេះ​អាន​និង​យល់​អត្ថបទ​។​

​បើតាម​ធនាគារ​ពិ​ភាព​លោក ការគិតគូ​ឡើងវិញ​អំពី​វិធីសាស្ត្រ​ក្នុងការ​បង្រៀន​អាន ការបណ្តុះបណ្តាល​គ្រូបង្រៀន និង​ការវាយតម្លៃ​ថ្នាក់ជាតិ​នេះ បានធ្វើ​ឲ្យ​លទ្ធផល​នៃ​ការអាន​មានការ​កើនឡើង​។ 

​ប៉ុន្តែ​បើទោះបីជា​លទ្ធផល​បង្ហាញ​ថា ការអាន​នៅ​កម្ពុជា​កំពុង​កើនឡើង​ក៏ដោយ ធនាគារពិភពលោក ក៏​នៅតែ​បន្ត​ការគាំទ្រ​របស់ខ្លួន​ក្នុងការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ផ្អែកលើ​លទ្ធផល ដែល​នឹង​លើកទឹកចិត្ត​ដល់​សាលា គ្រូបង្រៀន សិស្ស ឪពុកម្តាយ និង​សហគមន៍ ដើម្បី​ឲ្យ​មាន​គណនេយ្យភាព​ចំពោះ​លទ្ធផល​របស់ខ្លួន​។  មិន​ត្រឹមតែ​ប៉ុណ្ណោះ ស្ថាប័ន​នេះ នឹងធ្វើ​ការណែនាំ​ឲ្យ​ស្គាល់​កម្មវិធី​វាយតម្លៃ​សិស្ស​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ​។

​បើតាម​ធនាគារពិភពលោក នេះ​គឺជា​យន្តការ​ស្ទាបស្ទង់​ដែល​សមស្រប​ទៅនឹង​បរិបទ​នៅក្នុង​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម និង​ទាប និង​ដែល​ត្រូវបាន​គេ​យកមកប្រើ​ប្រាស់ ដើម្បី​វាស់​ស្ទង់​សមត្ថភាព​សិស្ស ដែលមាន​អាយុ ១៥​ឆ្នាំ លើ​មុខវិជ្ជា​គណិតវិទ្យា អំ​ណាន និង​សំណេរ ព្រមទាំង​ការអនុវត្ត​គម្រោង​មួយ​ដែលមាន​រយៈពេល​៥​ឆ្នាំ គាំទ្រ​មូលនិធិ​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋអាមេរិក​(USAID) ដើម្បី​គាំទ្រ​ដល់​ជំនាញ​ផ្នែក​អំ​ណាន​សម្រាប់​សិស្ស​ថ្នាក់ទាប​៕


Tag:
 ការអាន​
  World Bank
© រក្សាសិទ្ធិដោយ thmeythmey.com