អន្តរជាតិ
ដឹងខ្លួន​មិនអាច​ធ្វើបាន លោក Duterte សុំ​ពេល​៦​ខែ​ទៀត​ដើម្បី​បោសសម្អាត​បទល្មើស​ឲ្យ​អស់ពី​សង្គម​ហ្វីលីពីន
19, Sep 2016 , 11:19 pm        
រូបភាព
ដោយ:
​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ (Rodrigo Duterte ) បាន​សុំ​ចិត្ត និង​ការយោគយល់​ពី​ប្រជាជន​ហ្វីលីពីន​ចំពោះ​ការសន្យា​បង្ក្រាប​គ្រឿងញៀន​ឲ្យ​អស់ពី​សង្គម ដោយ​លោក ទទួលស្គាល់ថា លោក មិនអាច​បញ្ឈប់​បទល្មើស និង​ការជួញដូរ​គ្រឿងញៀន​ក្នុង​រយៈពេល​បី​ខែ​បានឡើយ ដ្បិត បញ្ហា​ទាំងនេះ បាន​ចាក់​ឬ​ស និង​មាន​ច្រើនពេក​នៅក្នុង​សង្គម​ហ្វីលីពីន​។ ជំនួស​ដោយ​ការមិន​ប្រកាស​ចុះចាញ់​ទៅនឹង​ស្ថានភាព លោក​ប្រធានាធិបតី ដែលមាន​រហ័ស​នាម​ថា «​អ្នក​ដាក់ទណ្ឌកម្ម​» បាន​សុំ​ពេល​៦​ខែ​ដើម្បី​បន្ត​យុទ្ធនាការ​បោសសម្អាត​របស់លោក​។



​ដោយសារតែ​មើលឃើញ​ពី​ស្ថានភាព​សង្គម​ហ្វីលីពីន​ពាក់ព័ន្ធ​នឹង​បទល្មើស​អាក្រក់​ជាង​ការរំពឹងទុក លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នៅ​ថ្ងៃទី​១៨ ខែកញ្ញា ដែល​ត្រូវជា​ថ្ងៃទី​៨១​នៃ​ការឡើង​កាន់អំណាច​រប​ស់លោក​នោះ បានប្រកាស​សុំ​ពេល​បន្ថែម​៦​ខែ​ទៀត​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​បទល្មើស និង​គ្រឿងញៀន​។
សេចក្តីថ្លែងការណ៍ របស់លោក​ប្រធានាធិបតី ដែល​ត្រូវបាន​ធ្វើឡើង​ក្នុង​សន្និសីទ​សា​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការដោះលែង​ចំណាប់ខ្មាំង​ជនជាតិ​ន័​រ​វែ​ស​ពី​ក្រុម​ឧទ្ទាម​នោះ មិនមាន​ការបង្ខំ ឬ​សម្ពាធ​ពី​សាធារណជន​ឡើយ តែ វា គឺជា​ការប្រកាស​ទទួល​ស្គាល់​ពី​ភាព​ពិត​នៃ​សង្គម​ហ្វីលីពីន​នោះទេ​។

​លោក​ប្រធានាធិបតី បាន​ថ្លែង​សារភាព​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន ថា លោក មិនដែល​ដឹង​សោះ​ថា បញ្ហា​គ្រឿងញៀន​នៅ​សង្គម​ហ្វីលីពីន ពិតជា​អាក្រក់​ខ្លាំង រហូត​ទាល់តែ​លោក បាន​ក្លាយជា​ប្រធានាធិបតី​បច្ចុប្បន្ន​។ អ្នក​ដាក់ទណ្ឌកម្ម​រូបនោះ ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា បើទោះបីជា លោក ចង់​សម្លាប់​ក្រុម​ឈ្មួញ​គ្រឿងញៀន​ទាំងអស់​ក៏ដោយ លោក មិនអាច​ធ្វើបាន​នោះទេ ព្រោះ​មន្ត្រី​សាធារណៈ  ក៏មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ច្រើន​ណាស់ដែរ​។

«​ផ្តល់​ពេល​ឲ្យ​ខ្ញុំ​បន្តិច ! ប្រហែលជា​ប្រាំ​មួយខែ​ទៀត​។ ពីព្រោះ​ខ្ញុំ  មិនដែល​ដឹងថា មាន​មនុស្ស​រាប់ម៉ឺន​នាក់ កំពុងតែ​ធ្វើ​អាជីវកម្ម​គ្រឿងញៀន​ឡើយ​។ ហើយ​អ្វីដែល​អាក្រក់​នោះ​គឺ ជំនួញ​ទាំងនោះ កំពុងតែ​ប្រតិបត្តិការ​ដោយ​មនុស្ស​នៅក្នុង​ជួរ​រដ្ឋាភិបាល ជា​ពិ​សេ​សេ​នោះ មន្ត្រី​ដែល​ត្រូវបាន​ជ្រើសរើស​តាម​ការបោះឆ្នោត​ទៀត​»​។ នេះ គឺជា​បញ្ហា​ប្រឈម​ខ្លាំង​មួយ ហើយ ក៏​ជា​សារ​ត្អូញត្អែ​របស់លោក​ប្រធានាធិបតី​លើ​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន ដែល​បាន​ដកស្រង់​ដោយសារ​ព័ត៌មាន inquirer.net​។

​លោក ឌើ​ទើ​តេ បាន​សន្យា​អ្វីខ្លះ​លើ​បញ្ហា​គ្រឿងញៀន មុនពេល​កាន់អំណាច​?
​លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ដែល​ធា្ល​ប់​កាន់តំណែង​ជា​អភិបាលក្រុង​ដា​វ៉ា​វ​ជាង​ម្ភៃ​ឆ្នាំ​ហើយ​នោះ បាន​សន្យា​នាឱកាស​ឃោសនា​រក​សន្លឹកឆ្នោត​នៅ​ខែឧសភា​កន្លងទៅ ថា ពេល​លោក​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន លោក នឹង​លុបបំបាត់​បទល្មើស ជាពិសេស​បញ្ហា​គ្រឿងញៀន​ឲ្យ​អស់ពី​សង្គម​ហ្វីលីពីន​ត្រឹមតែ​៣​ខែ​ប៉ុណ្ណោះ​។ ក្នុងពេល​នោះដែរ លោក ឌើ​ទើ​តេ ថែមទាំង​បានប្រកាស​មុន​ដែរ​ថា លោក នឹង​សម្លាប់​មនុស្ស​មួយ​ម៉ឺន​នាក់​ដែល​ជាប់​ព័ន្ធ​ពាក់​នឹង​គ្រឿងញៀន ដែល​លោក ចាត់ទុកថា​ជា «​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​»​នោះឯង​។

​បើ​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Inquirer.net គិត​ចាប់ពី​ថ្ងៃទី​៣០ ខែមិថុនា ដែលជា​ថ្ងៃ​លោក ឌើ​ទើ​តេ ចូលកាន់​តំណែង​ជា​ផ្លូវការ​ជា​ប្រធានាធិបតី​មកដល់ពេលនេះ មាន​អ្នក​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន ៧០​ម៉ឺន​នាក់ បានប្រកាស​ចូលខ្លួន​សារភាព និង​ជិត​បី​ពាន់​នាក់​ផ្សេងទៀត ត្រូវបាន​សម្លាប់​ក្នុង​ប្រតិបត្តិការ​ប៉ូលិស និង​ការសហការ​ក្រៅ​ប្រព័ន្ធតុលាការ​។ ទោះបី​សមិទ្ធផល​ក្រោម​ប្រតិបត្តិការ​បោសសម្អាត​របស់លោក ប្រធានាធិបតី​ស្ថិតក្នុង​ចំនួន​ច្រើន​លើសលប់​យ៉ាងនេះ​ក្តី បទល្មើស និង​ឈ្មួញ​គ្រឿងញៀន ត្រូវបាន​ជឿជាក់ថា នៅមាន​ជាច្រើន​ទៀត រហូតដល់​បុរស​ខ្លាំង​ហ្វីលីពីន​រូបនេះ ប្រកាស​សុំ​ពេល​បន្ថែម ដែល​បាន​ផ្ទុយទៅនឹង​សេចក្តីថ្លែងការណ៍​អត្តនោម័ត​របស់លោក​ដែល​បាន​សន្យា​កន្លងមក​។

​សូម​ជម្រាប​ផងដែរ​ថា ក្នុង​ប្រតិបត្តិការ​បោសសម្អាត​គ្រឿង​នេះ លោក​ប្រធានាធិបតី​ហ្វីលីពីន​ទី​១៦​រូបនេះ ក៏បាន​ប្រកាស​ដាក់​ជីវិត កិត្តិយស​រួចទៅហើយ ដោយ​លោក ប្រកាសថា មិន​ឲ្យ​ក្រុម​ទាំងនោះ បំផ្លាញ​ក្មេង​ជំនាន់ និង​ប្រទេស​ដែល​លោក ត្រូវ​ដឹកនាំ​ក្នុង​រយៈពេល​៦​ឆ្នាំ​ជា​ប្រធានាធិបតី​បានឡើយ​។

​អ្នកអនុវត្ត ត្រៀម​ចេញ​រៀនសូត្រ​ពី​ភាពជោគជ័យ​នៃ​ការ​បោសសម្អាត​គ្រឿងញៀន​បន្ថែម​
​ដូច​បានបញ្ជាក់ ជនសង្ស័យ និង​ជនល្មើស​ជាច្រើន ត្រូវបាន​បង្ក្រាប​ក្នុង​ប្រតិបត្តិការ​«​សង្គ្រាម​គ្រឿងញៀន​» ដែល​រូបភាព​នេះ ត្រូវបាន​បង្ហាញ​រួចទៅហើយ​ពី​ភាពជោគជ័យ​នៃ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​មួយ​នេះ​។ តែ​ចំនួន​នេះ មិនទាន់​អាចធ្វើ​ឲ្យ​លោក​ប្រធានាធិបតី ស្ងប់ចិត្ត ក៏ដូចជា សង្គម​ហ្វីលីពីន ទទួលបាន​សន្តិសុខ និង​សុវត្ថិភាព​ទាំងស្រុង​នៅឡើយ​នោះទេ ដ្បិត​មាន​ចំនួន​ជាច្រើន​ទៀត នៅ​សេសសល់​។ ហើយ​វា ទាមទារ​ឲ្យ​ហ្វីលីពីន ត្រូវ​រៀនសូត្រ​បន្ថែម​ពី​ប្រទេស​ខាងក្រៅ​។​

​យោងតាម​សារព័ត៌មាន Rappler លោក​ឧ​ត្ត​ម​សេនីយ៍ Ronald dela Rosa មេ​ប៉ូលិស​ហ្វីលីពីន និង​ក៏​ជា​តួអង្គ​ជួរមុខ​ក្នុងការ​អនុវត្ត​បទបញ្ជា​លោក​ប្រធានាធិបតី គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ខែ​ក្រោយនេះ​ទៅកាន់​ប្រទេស​កូ​ឡុំ​បៀ​ដើម្បី​សិក្សា​ពី​យុទ្ធសាស្ត្រ​ជោគជ័យ​ក្នុងការ​លុបបំបាត់​បញ្ហា​គ្រឿងញៀន​។ នេះ គឺជា​ជំហាន​មួយ​ថ្មី​បន្ថែម​ក្នុង​ការធានា​ឲ្យ​បាន​ប្រសិទ្ធភាព និង​ជោគជ័យ​នៃ​ការ​ក្នុងការ​បង្ក្រាប​និង​បោស​ស​ម្អា​ស​គ្រឿងញៀន​ឲ្យ​អស់ពី​សង្គម​ហ្វីលីពីន​ដែលជា​កិច្ចការ​អាទិភាព​ក្នុង​រដ្ឋបាល​ថ្មី​របស់លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ​៕


Tag:
 ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com