ពីនេះ ពីនោះ
តើ​ពេលណា​ដែល​គេ​សរសេរ​«​បដិវត្ត​, ប​ដិ​វ​ត្ដិ និង​បដិវត្តន៍​»​នៅក្នុង​សំណេរ​ភាសា​ខ្មែរ​?
21, Sep 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​ថា «​បដិវត្ត​, ប​ដិ​វ​ត្ដិ និង​បដិវត្តន៍​»​គឺជា​ពាក្យ​ដែល​សាធារណជន លោក​នៅមាន​ភាពមិនច្បាស់លាស់​នៅក្នុង​ការសរសេរ​នៅឡើយ​។ មូលហេតុ គឺ​មិនសូវ​បាន​យល់ដឹង​ក្នុង​ការសរសេរ​ពាក្យពេចន៍ ឲ្យ​បាន​ត្រឹម​តាម​ក្បួនខ្នាត​វេយ្យាករណ៍ នៃ​កិរិយាសព្ទ គុណសព្ទ នាមសព្ទ  បាលី និង​សំស្ក្រឹត​នៅក្នុង​ភាសា​ខ្មែរ​។ ពាក្យ​ថា​«​បដិវត្ត​, ប​ដិ​វ​ត្ដិ និង​បដិវត្តន៍​»​មាន​លក្ខខណ្ឌ​សរសេរ​ដូចខាងក្រោម​៖



​នៅក្នុង​សំណេរ​អត្ថបទ សាធារណជន​ត្រូវ​ចំណាំ​ក្នុង​ក្បួន​វេយ្យាករណ៍​ខ្មែរ​ថា បើ​ខ្លួន​ចង់​ប្រើពាក្យ​នេះ ជា​កិរិយាសព្ទ គឺ​ត្រូវ​សរសេរថា «​បដិវត្ត​» ដែល​មានន័យថា ប្រព្រឹត្ត​ប្រឆាំង​, បង្វែរ​ត្រឡប់​, ប្រែប្រួល​, កែប្រែ​, ផ្លាស់ប្ដូរ​។ ប៉ុន្តែ ប្រើ​ជា​នាមសព្ទ គឺ​ចាំបាច់​ត្រូវ​សរសេរ​« ប​ដិ​វ​ត្តិ ឬ បដិវត្តន៍​» ដែល​មានន័យថា ការ​ត្រឡប់​, ការប្រែប្រួល​, ការកែប្រែ​, ការផ្លាស់ប្ដូរ​។​

​ករណី​ពិសេស​៖ ប្រសិនបើ​សាធារណជន ចង់​សរសេរ​ពាក្យ​នេះ ដោយ​ផ្សំ​ជាមួយ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​» គឺ​មិនត្រូវ​សរស​រថា «​កា​រប​ដិ​វ​ត្តិ​/​បដិវត្តន៍​, ក្ដី​ប​ដិ​វ​ត្តិ​/​បដិវត្តន៍​, សេចក្ដី​ប​ដិ​វ​ត្ដិ​/​បដិវត្តន៍ និង​ដំណើរ​ប​ដិ​វ​ត្តិ​/​បដិវត្តន៍​» ឡើយ ព្រោះ​ការសរសេរ​បែបនេះ មិន​ត្រឹមត្រូវ​តាម​ក្បួន​វេយ្យាករណ៍​ខ្មែរ នោះទេ​។ មូលហេតុ​គឺ​ដោយសារ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​»​ជា​នាមសព្ទ មិនអាច​យកមក​ផ្សំ​ជាមួយ​ពាក្យ​ថា «​ប​ដិ​វ​ត្តិ ឬ បដិវត្តន៍​»​បានទេ ព្រោះ​ជា​នាមសព្ទ​ដូចគ្នា​។​

​ដោយឡែក ចំពោះ​ពាក្យ​ថា​«​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​»​នេះ ត្រូវ​ផ្សំ​ជាមួយ​ពាក្យ​ថា «​បដិវត្ត​»​ទើប​ត្រឹមត្រូវ​។ ឧទាហរណ៍​៖ ការ​បដិវត្ត​, ក្ដី​បដិវត្ត​, សេចក្ដី​បដិវត្ត​, ដំណើរ​បដិវត្ត ជាដើម​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


Tag:
 ​ភាសា​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com