អន្តរជាតិ
លោក George H.W. Bush នឹង​បោះឆ្នោត​ឲ្យលោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​
20, Sep 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​អតីត​ប្រធានាធិបតី​អាមេរិក​បក្ស​សាធារណរដ្ឋ​លោក George H.W. Bush បាន​ថ្លែងថា លោក​គ្រោង​នឹង​បោះឆ្នោត​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នៅក្នុង​បោះឆ្នោត​ខែវិច្ឆិកា​ខាងមុខ​។ កន្លងមក​លោក​ប្រកាស​ចូលនិវត្តន៍​ពី​នយោបាយ​ដោយ​រក្សា​ភាព​ស្ងៀមស្ងាត់​និង​មិន​ចេញមុខ​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ ឡើយ​។​



​ប្រធានាធិបតី​អាមេរិក​ទី ៤១ លោក  George H.W. Bush ដែលមាន​វ័យ​៩៣​ឆ្នាំ​នោះ គ្រោង​នឹង​បោះឆ្នោត​ជូន​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នៅ​ថ្ងៃ ៨​វិច្ឆិកា​ខាងមុខនេះ​។ ដែល​នេះ​បញ្ជាក់ថា​លោក​ប្រឆាំង​បេក្ខជន​តំណាង​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ​។ 

​យោងតាម​សារព័ត៌មាន Politico ព័ត៌មាន​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​លោកស្រី Kathleen Kennedy Townsend ដែលជា​អតីត​អភិបាលរង​រដ្ឋ Maryland ។ នៅ​ថ្ងៃ​ចន្ទ ទី ១៩ កញ្ញា លោកស្រី Kennedy Townsend បាន​បង្ហោះ​រូបភាព​លោកស្រី ជាមួយ​លោក George H.W. Bush តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Facebook របស់ខ្លួន ដោយ​សរសេរថា​៖«​លោក Bush ប្រាប់​ខ្ញុំ​ថា លោក​នឹង​បោះឆ្នោត​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​»​។​

​បន្ទាប់ពី​បង្ហោះ​រូបភាព​នេះ លោកស្រី​បាន ផ្តល់​បទសម្ភាសន៍​ឲ្យ​សារព័ត៌មាន Politico ដើម្បី​បកស្រាយ​រឿង​សម្តី​របស់លោក George H.W. Bush​។ លោកស្រី​បញ្ជាក់ថា លោក George H.W. Bush បាន​ប្រាប់​លោកស្រី​ដោយផ្ទាល់​ក្នុងពេល​ជួបគ្នា​នៅ​រដ្ឋ  Maine ថា លោក​នឹង​បោះឆ្នោត​ឲ្យ​អ្នកប្រជាធិបតេយ្យ (​លោក​មិនបាន​បញ្ជាក់​ចំៗ​ថា​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ឡើយ​)​។​

​យ៉ាងណាមិញ អ្នកនាំពាក្យ​លោក George H.W. Bush លោក  Jim McGrath មិនបាន​ផ្តល់យោបល់​អ្វី​ឡើយ​ពាក់ព័ន្ធ​សំណួរ​ថា​តើ​អតីត​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​នេះ​នឹង​បោះឆ្នោត​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​មែនឬ​អត់​។ អ្នកនាំពាក្យ​ខាងលើ​គ្រាន់តែ​បញ្ជាក់ថា លោក  George H.W. Bush នឹង​អញ្ជើញ​ទៅ​បោះឆ្នោត​ដូច​ប្រជាជន​ដទៃទៀត​ជា​លក្ខណៈ​ឯកជន​។ លោក​បោះឆ្នោត​ឲ្យ​អ្នកណា​នោះ​មិនមែនជា​អ្វី​កាតព្វកិច្ច​ដែល​លោក​ត្រូវធ្វើ​ដើម្បី​ឲ្យ​អ្នកដទៃ​បានដឹង​ឡើយ​។

​តាមពិតទៅ អតីត​ប្រធានាធិបតី​អាមេរិក ទាំង​ឪពុក​និង​កូន​ត្រកូល ប៊ុ​ស  បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ដោយ​មិន​ចេញមុខ​ប្រកាស​គាំទ្រ ឬ​សរសើរ​លោក ដូ​ណា​ល់ ត្រាំ ឡើយ​ចាប់តាំងពី​សមាជ​បក្ស​ខែកក្កដា​មកម្ល៉េះ​។  នេះ​ក៏ដោយ​សារ​លោក George H.W. Bush ក៏បាន​ប្រកាស​ចូលនិវត្តន៍​និង​ដកខ្លួន​មិន​ពាក់ព័ន្ធ​បញ្ហានយោបាយ​ទៀត​ដែរ​។  កន្លងមក បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​រិះគន់​លោក George W Bush ដែលជា​កូនប្រុស​របស់លោក ជារឿយៗ រឿង​អាមេរិក​ឈ្លានពាន​អ៊ីរ៉ាក់ និង រដ្ឋបាល​អាមេរិក​ចោទប្រកាន់​លោក សា​ដាម ហ៊ូ​សេន ថា​ផលិត​អាវុធ​ប្រល័យ​លោក​ដោយ​គ្មាន​ភ័ស្តុតាង​ត្រឹមត្រូវ​៕


Tag:
 George H.W. Bush
  ហ៊ី​ឡា​រី គ្លី​ន​តុ​ន​
  Kathleen Kennedy Townsend
© រក្សាសិទ្ធិដោយ thmeythmey.com