ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ​.​ជ​.​ប នឹង​ចាត់វិធានការ​ច្បាប់​លើ​កម្លាំងប្រដាប់អាវុធ បើសិន​រកឃើញថា ធ្វើ​ខុសច្បាប់​បោះឆ្នោត​
23, Sep 2016 , 4:14 pm        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប
ដោយ:
​ភ្នំពេញ​៖ អ្នកនាំពាក្យ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប អះអាងថា គ​.​ជ​.​ប នឹង​ចាត់វិធានការ​ផ្លូវច្បាប់​លើ​កងកម្លាំងប្រដាប់អាវុធ ប្រសើ​សិន​ជា​ពួកគេ​ប្រព្រឹត្តិ​ផ្ទុយ​ពី​ច្បាប់បោះឆ្នោត​។ ការបញ្ជាក់​របស់​អ្នកនាំពាក្យ គ​.​ជ​.​ប បែបនេះ ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បានស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ត្រួតពិនិត្យ  លើ​ករណី​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ យោធា និង​នគរបាល ដែល​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ទីតាំង​ផ្សេង ពី​លំនៅ​ពិតប្រាកដ​របស់​សាមីខ្លួន​។



​ឆ្លើយតប​នឹង​ការស្នើសុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ អ្នកនាំពាក្យ​របស់​គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បាន​អះអាងថា គ​.​ជ​.​ប បានរៀបចំ​មន្ត្រី និង​អ្នកច្បាប់​មួយចំនួន ឲ្យ​ចុះទៅ​ត្រួតពិនិត្យ​រួចរាល់​ហើយ ចំពោះ​បញ្ហា​ផ្លាស់ប្ដូរ​ទីកន្លែង​ចុះឈ្មោះ​បោះឆ្នោត​របស់​កងកម្លាំង​ប្រដាប់អាវុធ​នេះ​។ បើតាម​លោក ហង្ស ពុទ្ធា គ​.​ជ​.​ប ក៏​មិនទាន់​អាច​វិនិច្ឆ័យ​ចំពោះ​ទង្វើ​របស់​កម្លាំងប្រដាប់អាវុធ ថា​ត្រូវ ឬ​ខុសច្បាប់​នោះដែរ ដោយ​ត្រូវ​រង់ចាំ​ការស៊ើបអង្កេត និង​ការពិភាក្សា​របស់​អ្នកច្បាប់ គ​.​ជ​.​ប សិន​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​របស់​គ​.​ជ​.​ប​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«​គោលដៅ​ដែល​មន្ត្រី គ​.​ជ​.​ប ចុះទៅ​ត្រួតពិនិត្យ​មុនគេ គឺ​ខេត្តព្រះវិហារ ហើយ​បន្ទាប់មក នឹង​ចាប់ផ្តើម​នៅតាម​តំបន់​ផ្សេងទៀត​។ បើ​យើង​រកឃើញថា កម្លាំងប្រដាប់អាវុធ​ទាំងនោះ​ធ្វើ​ខុសច្បាប់​មែន យើង​នឹងដាក់​ទោសទណ្ឌ​»​។​

​ក្រោយពី​សង្កេតឃើញ​ភាពមិនប្រក្រតី​នៃ​ការផ្លាស់ប្តូរ​ទីតាំង​ចុះឈ្មោះ​បោះឆ្នោត​របស់​កងកម្លាំង​ប្រដាប់អាវុធ​នេះ គណបក្ស​សង្គ្រោះ​ជាតិ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ដំណើរការ​បោះឆ្នោត​ខាងមុខ​។ គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុកថា ករណី​ខាងលើនេះ​គឺ​ធ្វើ​ផ្ទុយ​ពីបទ​បញ្ជា និង​នីតិវិធី​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវ​ចាត់វិធានការ​លើ​ករណី​កងកម្លាំងប្រដាប់អាវុធ ដែល​ផ្លាស់ប្តូរ​ទីកន្លែង​ចុះឈ្មោះ​បោះឆ្នោត​ទាំងនេះ ដើម្បី​ធានា​ភាពត្រឹមត្រូវ និង​យុត្តិធម៌ នៅក្នុង​ការបោះឆ្នោត​។​

​លិខិត​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី​២២ កញ្ញា​នេះ បានបង្ហាញ​ក្តី​ព្រួយបារម្ភ​ប្រាប់​ទៅ​ប្រធាន​គ​.​ជ​.​ប លោក ស៊ិ​ក ប៊ុន​ហុក យ៉ាង​ដូច្នេះ​ថា​៖«​មាន​ស្ថាប័ន​កងទ័ព និង​នគរបាល​ការចាត់តាំង​កងកម្លាំង​ប្រដាប់អាវុធ យោធា និង​នគរបាល ឲ្យ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ផ្សេង​ពី​ទីលំនៅ​ឬ​ទី​សំណាក់​របស់​សាមីខ្លួន​បែបនេះ គឺជា​សកម្មភាព​រំលោភ​បំពាន​លើ​ច្បាប់បោះឆ្នោត និង​មាន​លក្ខណៈ​ជាការ​បង្ខិតបង្ខំ​ផ្ទុយ​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​សាមីខ្លួន ហើយក៏​បង្ហាញ​នូវ​រូបភាព គំរាមកំហែង ដល់​អ្នក​ចុះឈ្មោះ​បោះឆ្នោត ដទៃ​ផ្សេងទៀត​ផងដែរ​»៕


Tag:
 គ​.​ជ​.​ប​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com