ជាតិ
លោក ស៊ុន ចាន់ថុល​៖ យើង​ចាប់​មិន​រើសមុខ​ឡើយ ចំពោះ​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​
24, Sep 2016 , 10:39 pm        
រូបភាព
ដោយ:
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានលើកឡើង ធ្ងន់ៗ​ថា ក្រសួង​និង​ចាត់វិធានការ ចំពោះ​រថយន្ត​ដែល​ល្មើសច្បាប់​ទាំងអស់ ទោះបីជា​រថយន្ត​អ្នកតូច​ក្ដី រថយន្ត​របស់​អ្នកធំ​ក្ដី​។ លោក ចាន់ថុល បានលើកឡើង​ដូច្នេះ ក្នុងជំនួប​ជាមួយ​សមាគម​ដឹកជញ្ជូន និង​ដឹក​អ្នកដំណើរ រួមជាមួយ​តំណាង​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ក្នុងប្រទេស​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​។ 


​ក្នុងជំនួប​ដដែល រដ្ឋមន្ត្រីក្រសួង​សាធារណការ​ថ្មី​រូបនេះ បាន​បញ្ជាក់ថា រហូតមកដល់​ពេលបច្ចុប្បន្ន រថយន្ត​ខុសច្បាប់​ដែល​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ចរ​រាច​រណ៍​ផ្លូវគោក​ថ្មី​បាន​ចាប់ គឺ​មិនទាន់​មានការ​អន្តរ​គម​ន៍​ណាមួយ មកសុំ​យក​រថយន្ត​ទាំងនោះ​វិញ​នៅឡើយ​ទេ​។  ករណីនេះ លោក ស៊ុន ចាន់ថុល អះអាងថា​លោក សេង ឈួន ដែលជា​អ្នកទទួលបន្ទុក​លើ​កិច្ច​នេះ គឺ​មិន​លើកលែង​វិញ​ជាដាច់ខាត​។ 

«​សូម​ក្រុមហ៊ុន​ដឹកជញ្ជូន មេត្តា​ជ្រាប​ពី​បញ្ហា​នេះ យើងខ្ញុំ​មិន​បន្ថយ​ទេ​រឿងនេះ ព្រោះ​សម្ដេច ហ៊ុន សែន លោក​ឲ្យ​ធ្វើ​កិច្ចការ​នេះ​»​។ នេះ​គឺជា​បញ្ជាក់​របស់លោក ស៊ុន ចាន់ថុល ទន្ទឹមនឹង​លោក បន្ថែម​ពី​ការហួសចិត្ត​នៅពេលដែល​ក្រុម​ឧក​ញ្ញា អ្នកមាន និង​មនុស្ស​ខិលខូច​មួយចំនួន នាំគ្នា​បំផ្លាញ​ផ្លូវ  ដែលជា​ញើស​ឈាម​របស់​ប្រជាពលរដ្ឋ​។ 

​លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា​៖ « បើ​មិន​ធ្វើបែបនេះ​ទេ វា​ធ្វើ​ឲ្យ​ខូច​ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​ទាំងអស់ ដែល​បាន​ចំណាយ​ថវិកា​រាប់លាន​ដុល្លា ស្នើរ​សុំ​ដៃគូ​អភិវឌ្ឍ ថវិកា​ខ្ចី​គេ​ផង ជំនួយ​គេ​ផង ហើយ​បើ​ខ្ចី​គេ គឺ​ខ្ចី​ក្នុងនាម​កូន​ខ្មែរ​ទាំងអស់គ្នា រឿង​អី​ដែល​ត្រូវ​បណ្ដោយ​ឲ្យ​ឧក​ញ្ញា អ្នកមាន អ្នក​ខូច​ប៉ុន្មាន​អ្នកជា​អ្នក​បំផ្លាញ​។ ហើយ​យើង កូន​យើង ចៅ​យើង គឺជា​អ្នក​បង់លុយ​សង​គេ ហើយ​ផ្លូវ​ប្រើ​មិនទាន់បាន​ស្រួល​ផង​ខូច​ទៀត​បាត់​»​។ 

​សូម​ស្ដាប់​ប្រសាសន៍​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅក្នុង​ជំនួប​ជាមួយ​សមាគម​ដឹកជញ្ជូន និង​អ្នកដំណើរ និង​តំណាង​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ដូចខាងក្រោម​៖




Tag:
 ស៊ុន ចាន់ថុល​
  រថយន្ត​ល្មើសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com