អន្តរជាតិ
អ្នក​ដាក់ទណ្ឌកម្ម «Rodrigo Duterte» ជា​នរណា​?
11, Dec 2016 , 9:00 pm        
រូបភាព
ដោយ:
​ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី​ហ្វីលីពីន​ទី​១៦​មិនបាន​ប៉ុន្មាន​ខែ​ផង លោក Rodrigo Duterte (​រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ​) បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ខ្លាំង​ពី​បណ្តា​មជ្ឈដ្ឋាន​ក្នុងស្រុក តំបន់ និង​អន្តរជាតិ​ផងដែរ​។ ហើយ​នោះ ក៏​ព្រោះតែ​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ លោក ឌើ​ទើ​តេ ដែល​គេ​ហៅថា​ក្រៅ​ជា​«​អ្នក​ដាក់ទណ្ឌកម្ម​» បាន​អនុវត្ត​យុទ្ធសាស្ត្រ​កណ្តាប់ដៃ​ដែក​ក្នុងការ​បោសសម្អាត​បទល្មើស និង​បញ្ហា​គ្រឿងញៀន​ដែលជា​គោលនយោបាយ​អាទិភាព​របស់លោក​យ៉ាងខ្លាំង​ក្លា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក ថែមទាំង​ព្រមាន​ចំពោះ​រាល់​បុគ្គល រដ្ឋ និង​ស្ថាប័ន​ធំៗ​ដែល​ហ៊ាន​រិះគន់​លោក​ទៀតផង ។



​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​បន្ត​ប្រើប្រាស់​ពាក្យសម្តី​យ៉ាង​ក្រោធគ្រាដ និង​វាយប្រហារ​ខ្លាំង​លើ​អង្គការសហប្រជាជាតិ​ដែលជា​ស្ថាប័ន​កំពូល​ពិភពលោក សហភាព​អឺរ៉ុប និង​រួមទាំង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ស​ហ​រដ្ឋ​អាមេរិក ដែល​បាន​រិះគន់​ចំណាត់ការ​បង្ក្រាប​បទល្មើស​នៅ​ប្រទេស​ហ្វីលីពីន​របស់លោក​ថា​បាន​បំពាន​នឹង​ច្បាប់​ធ្ងន់ធ្ងរ​។ ការណ៍​ដែល​ហ៊ាន​និយាយ​ខ្លាំង​បែបនេះ ក៏​ជា​ហេតុផល​មួយ​ស្ថិត​ក្នុងការ​ប្រកាសថា ពី​គោលនយោបាយ​ឯករាជ្យ​របស់លោក​ប្រធានាធិបតី ពោលគឺ លោក ប្រកាសថា ហ្វីលីពីន មិន​ស្ថិតក្រោម​អំណាច​នៃ​ប្រទេស​ណា​ឡើយ​។

១. នរណា​គឺជា​បុរស​ខ្លាំង​ហ្វីលីពីន Rodrigo Duterte?
​សូម​ជម្រាប​ផងដែរ​ថា លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ឡើងកាន់តំណែង​ជា​ផ្លូវការ​ជា​ប្រធានាធិបតី​ហ្វីលីពីន​ទី​១៦​នៅ​ថ្ងៃទី​៣០ ខែមិថុនា​កន្លងទៅ បន្ទាប់ពី​លោក ទទួលបាន​ការគាំទ្រ​ជាង​៩០​ភាគរយ​នៃ​បណ្តា​ប្រជាពលរដ្ឋ​ហ្វីលីពីន​តាមរយៈ​ការបោះឆ្នោត​សកល​ថ្ងៃទី​០៩​ខែឧសភា​កន្លងទៅ​។ ប្រធានាធិបតី​ដំបូង​ហ្វីលីពីន​ដែល​មក​ខេត្ត​មិន​ដា​ណាវ​រូបនេះ ទទួលបាន​ការទុកចិត្ត និង​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ ក៏​ព្រោះតែ​លោក​មិន​ត្រឹម​តែមាន​កម្រិតវប្បធម៌​ខ្ពស់​នោះទេ តែ​លោក ថែមទាំង​មាន​ស្នាដៃ និង​គោលនយោបាយ​ពិត​ប្រក​ដ​ក្នុងការ​ដឹកនាំ​ទៀតផង​។

​ឈ្មោះ​ក្រៅ​ជា​«​អ្នក​ទណ្ឌកម្ម​» ដែលមាន​វ័យ​៧១​ឆ្នាំ​រូបនេះ  គឺជា​អតីត​និស្សិត​ច្បាប់​នៃ​ពី​មហាវិទ្យាល័យ San Beda ហើយ​លោក ជា​អតីត​និស្សិត​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ​ហ្វីលីពីន​នៅ​ឆ្នាំ​១៩៦៨​ផងដែរ​។ លោក ឌើ​ទើ​តេ បាន​ប្រលូក​ខ្លួន​ក្នុង​កិច្ចការ​ជា​អ្នកច្បាប់ បន្ទាប់ពី​រូបលោក បាន​ប្រលង​ជាប់​ក្នុង​គណៈមេធាវី​ហ្វីលីពីន​ក្នុង​ឆ្នាំ​១៩៧៣​។ បន្ថែម​ពីនេះ លោក ធ្លាប់​ធ្វើជា​ជំនួយការ​រដ្ឋអាជ្ញា​ក្រុង​ផងដែរ​។

​លោក ឌើ​ទើ​តេ បាន​ចូលរួម​ប្រជែង​ក្នុងការ​បោះឆ្នោតជាតិ​លើកដំបូង និង​ត្រូវបាន​ជ្រើសរើស​ជា​អភិបាលក្រុង​ដា​វ៉ា​វ (Davao) នៅក្នុង​ឆ្នាំ​១៩៨៨​។ ហើយ​លោក បាន​កាន់កាប់​តំណែង​នេះ​រហូតមក ពោលគឺ​រហូតដល់​លោក ត្រូវបាន​ជ្រើសរើស​ជា​ប្រធានាធិបតី​ហ្វីលីពីន​តាមរយៈ​ការបោះឆ្នោត​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦​កន្លងទៅ​។

​តើ​លោក ឌើ​ទើ​តេ បានធ្វើ​កិច្ចការ​អ្វីខ្លះ​ក្នុងពេល​ជា​អភិបាលក្រុង​ក្នុង​រយៈ​ជាង​ពីរ​ទសវត្សរ៍​នោះ​?
​ដូច​បានបញ្ជាក់ លោក ឌើ​ទើ​តេ បាន​កាន់តំណែង​ជា​អភិបាលក្រុង​នៅ​ឆ្នាំ​១៩៨៨ ដែល​ពេលនោះ ក៏​ពេលដែល​របប​ដឹកនាំ​បែប​ផ្តាច់ការ​របស់​អតីត​ប្រធានាធិបតី ម៉ា​កូ​ស ក៏​ទើបតែ​ត្រូវបាន​បញ្ចប់​ផងដែរ​។ វា ក៏​មានន័យថា​ដែរ វា ក៏​ជា​ពេលដែល​ហ្វីលីពីន ស្ថិតនៅក្នុង​ដំណាក់កាល​នៃ​ការរៀបចំ​ប្រទេស​ជាថ្មី ដែល​មិនទាន់មាន​សណ្តាប់​សង្គម​នៅឡើយ​នោះទេ​។ ជាពិសេស​នោះ ទាំង​បញ្ហា​ជួញដូរ​គ្រឿងញៀន និង​ការគំរាមកំហែង​ពី​ឧទ្ទាម ក៏បាន​កើតមាន​ខ្លាំង និង​ច្រើន​ផងដែរ​។

​យ៉ាងណាក៏ដោយ ក្នុងអំឡុងពេល​នៃ​ការដឹកនាំ​ក្រុង​ដា​វ៉ា​វ​រយៈពេល​ជាង​ពីរ​ទសវត្សរ៍ លោក ឌើ​ទើ​តេ បានប្រែក្លាយ​ទីក្រុង​មួយ​នេះ​ឲ្យ​ក្លាយជា​ទីក្រុង​ដែលមាន​ការអភិវឌ្ឍ និង​មាន​សន្តិភាព​បំផុត​នៃ​ប្រទេស​ហ្វីលីពីន​។ ការណ៍​ដែល​អាច​ប្រែក្លាយ​ឲ្យ​ទៅជា​បែបនេះ ក៏​ព្រោះតែ​លោក បាន​អនុវត្ត​គោលនយោបាយ​ទាក់ទាញ​អ្នកវិនិយោគ​តាមរយៈ​ការ​បោសសម្អាត​បទល្មើស​ដែលជា​គោលនយោបាយ​ដែល​លោក បាននិងកំពុង​តែ​យកមកអនុវត្ត​ក្នុងនាម​ជា​ប្រធានាធិបតី​នោះឯង​។​

​មានរឿង​ដែល​នឹកស្មាន​មិន​ដល់​ជាច្រើន ក្នុងអំឡុងពេល​នៃ​ការដឹកនាំ​របស់លោក ឌើ​ទើ​តេ ជា​អភិបាលក្រុង​។ តែ​អ្វីដែល​គួរកត់សម្គាល់​ពី​អត្តចរិត​របស់លោក​នោះ លោក ឌើ​ទើ​តេ មិនមែនជា​ប្រភេទ​មេដឹកនាំ​ដែល​ចូលចិត្ត​ការសរសើរ​ពី​អ្នកណា​ឡើយ​។ ជាក់ស្តែង​នោះ នៅ​ឆ្នាំ​២០១៤ លោក បាន​ច្រានចោល​ការផ្តល់​ពានរង្វាន់​«​អភិបាលក្រុង​ល្អ​បំផុត​ពិភពលោក » ដោយ​មូលនិធិ The City Mayors ដោយ​លោក​ឆ្លើយតប​ថា «​លោក មិនមែន​ធ្វើការ​ដើម្បី​ជោគជ័យ​ខ្លួនឯង​ឡើយ ប៉ុន្តែ ក៏​ព្រោះតែ នោះ​គឺជា​អ្វីដែល​ប្រជាជន​ចង់​ឲ្យ​លោក​ធ្វើ​នោះទេ​។​»

​ឯកសារពិគ្រោះ​៖
CONGRESS.GOV.PH
http://​newsinfo.inquirer​.net/793138​/profile-r​odrigo-d​uterte
http:/​/www.filipiknow​.net/rodrigo​-duterte/
http://​www.theatlantic.com/​international/archive​/2016/09​/rodrigo-​duterte-​philippines-manila​-drugs-​davao/500756/


Tag:
 ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com