ជាតិ
​​​ន​យោ​បាយ​ជាតិ​
ភ្ជុំបិណ្ឌ​៖​សម្តេច ហ៊ុន សែន និង​ឯ​.​ឧ កឹម សុខា ជូនពរ​ប្រជាជន និង​មិន​ចង់ឃើញ​ការវាយប្រហារ​គ្នា
29, Sep 2016 , 1:19 pm        
រូបភាព
ដោយ:
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ឯកឧត្តម​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ សុទ្ធតែ​ផ្ញើ​សារ​ជូនពរ​ប្រជាជន​ខ្មែរ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ លើសពីនេះ  អ្នក​ទាំងពីរ ក៏​ផ្ញើ​សារ​នយោបាយ​ឲ្យ​មន្ត្រី និង​សកម្មជន​ខ្លួន​រក្សា​ភាពស្ងប់ស្ងាត់ មិន​វាយប្រហារ​គ្នា​ក្នុងអំឡុង​ពិធីបុណ្យ​នេះ​ផងដែរ​។


​ឯកឧត្តម កឹម សុខា បាន​ជូនពរ​ប្រជាជន​ខ្មែរ​ក្នុងអំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បែបនេះ​ថា​៖« ខ្ញុំ កឹម សុខា ក្នុងនាម​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់ សារជាថ្មី​ម្តងទៀត ខ្ញុំ​សូម​បួងសួង​ឲ្យ​ក្រុមគ្រួសារ​ខ្មែរ​គ្រប់រូប​បាន​ជួបជុំគ្នា​ដោយ​សប្បាយរីករាយ និង​ក៏​សូម​ឲ្យ​គ្រួសារ​នយោបាយ​ខ្មែរ បាន​ជួបជុំគ្នា​ដោះស្រាយ​បញ្ហា​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ជាមួយគ្នា​ផងដែរ​»​។ 
 
​បន្ថែម​ពីលើ​នេះ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃទី ២៥ កញ្ញា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​កំពុង​ឃុំ​ខ្លួនឯង​នៅ​ស្នាក់ការ​បក្ស សរសេរ​យ៉ាងនេះ​ថា​៖«​ក្នុងឱកាស​នេះដែរ​ដើម្បី​រក្សា​ភាពស្ងប់ស្ងាត់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ធ្វើបុណ្យ​ទាន​ជូន​បុព្វការី​ជន​ផង​នោះ ខ្ញុំ​សូម​អំពាវ នាវ​ជាថ្មី​ម្តងទៀត ជាពិសេស​ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ សូម​ចៀសវាង ការប្រើ​អំពើហិង្សា ឬ​ពាក្យ​អសុរោះ ឬក៏​ពាក្យ​វាយប្រហារ​គ្នា ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិយាកាស​នៃ​ពិធីបុណ្យ​ប្រពៃណីជាតិ​នេះ និង​ប៉ះពាល់​ដល់​បរិយាកាស​ន​យោ​បាយ​យូរអង្វែង​ទៅមុខ​ទៀតផង​»​។​
 
​រីឯ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ ក៏​ជូនពរ​ប្រជាជន​ខ្មែរ​ក្នុងអំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ឲ្យ​ជួបតែ​សេចក្តីសុខ​ផងដែរ​។ «​សូម​ជូនពរ​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅ​ប្រ​ទស​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​»​។ នេះ​ជា​សារ​ជូនពរ​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី ២៨ ខែកញ្ញា ដោយមាន​ផ្ទាំង​រូបថត​សម្តេច ហ៊ុន សែន និង​ភរិយា​ផងដែរ​។ 
 


  ទាក់ទង​នឹង​ស្ថានភាព​នយោបាយ សម្តេច ហ៊ុន សែន បានប្រកាស​មិន​ឆ្លងឆ្លើយ​នយោបាយ​អ្វី​ឡើយ​នៅក្នុង​អំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ដោយ​សម្ដេច បញ្ជាក់ថា «​ខ្ញុំ​ចង់​ឲ្យ​សភាពការណ៍​ស្ងប់ស្ងាត់​» ។ ថ្លែង​ចំពោះមុខ​និស្សិត​ជាង​១​ពាន់​នាក់​នៅ​សណ្ឋាគារ​សុខា កាលពី​ថ្ងៃទី ២២ កញ្ញា ប្រមុខ​រដ្ឋាភិបាល បាន​លើកឡើងថា ស្ថានការណ៍​ស្ងប់ស្ងាត់​ក្នុងឱកាស​ភ្ជុំបិណ្ឌ​នេះ គឺជា​រឿង​ល្អ ដែល​គួរតែ​នាំគ្នា​ទៅ​វត្ត ធ្វើបុណ្យ​ទាំងអស់គ្នា​៕

Tag:
 កឹម សុខា​
  ហ៊ុន សែន​
  ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com