អន្តរជាតិ
អ៊ីរ៉ាក់​ប្រាប់​តួ​ក​គី​ឲ្យ​ដកទ័ព បើ​មិន​ចង់​មាន​សង្គ្រាម​ក្នុង​តំបន់​
05, Oct 2016 , 8:39 pm        
រូបភាព
​ប្រមុខ​រដ្ឋាភិបាល​អ៊ីរ៉ាក់ បាន​ប្រាប់​រដ្ឋាភិបាល​តួ​ក​គី ឲ្យ​ដក​កងទ័ព​របស់ខ្លួន​ចេញពី​ទឹកដី​អ៊ីរ៉ាក់ បើ​មិន​ចង់​ឲ្យ​ជម្លោះ​រាលដាល​ពេញ​តំបន់​មជ្ឈិម​ទេនោះ​។ ការព្រមាន​នេះ​ធ្វើឡើង បន្ទាប់​សភា​តួ​ក​គី អនុម័ត​ឲ្យ​កងទ័ព​ប្រទេស​នេះ អាច​បន្ត​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ឬ​ក្រុម​ដែ​ស្ហ (Daesh) ក្នុង​ទឹកដី​ស៊ី​រី និង​អ៊ីរ៉ាក់ រយៈពេល​១២​ខែ​ទៅមុខទៀត​។​



​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក Haider al-Abadi បាន​ប្រតិកម្ម​ខ្លាំងៗ​នឹង​ការសម្រេច​របស់​សភា​តួ​ក​គី ដែល​ផ្ដល់​ភ្លើង​ខៀវ​ឲ្យ​កងទ័ព​តួ​ក​គី បន្ត​យុទ្ធនា​ការកម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ រយៈពេល​មួយឆ្នាំ​ទៀត​។ ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ាក់ TV ផ្សាយ​នៅ​ថ្ងៃទី​៥ ខែតុលា​ថា លោក Haider al-Abadi ព្រមាន​តួ​ក​គី​ថា ការបន្ត​រក្សា​កងទ័ព​តួ​ក​គី​នៅ​ភាគ​ខាងជើង​អ៊ីរ៉ាក់ អាច​នឹង​ឈានដល់​សង្គ្រាម​នៅ​ទូទាំង​តំបន់​មិន​ខាន​។

​ក្នុង​សន្និសីទកាសែត​ថ្ងៃទី​៤ ខែតុលា នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​និយាយថា អ៊ីរ៉ាក់ បាន​ប្រាប់​តួ​ក​គី​ជា​ច្រើនដង​ហើយ ដោយ​មិនត្រូវ​លូកដៃ​ចូល​កិច្ចការ​របស់​អ៊ីរ៉ាក់​ឡើយ​។ ហើយ​លោក​បារម្ភ​ថា ការ​ផ្សងព្រេង​របស់​កងទ័ព​តួ​ក​គី អាច​នាំ​ឲ្យ​មាន​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​។ លោក​បន្តថា អាកប្បកិរិយា​របស់​ថ្នាក់ដឹកនាំ​តួ​ក​គី ជា​រឿង​មិនអាច​ទទួលយក​បានឡើយ ហើយ​អ៊ីរ៉ាក់ ក៏​មិន​ចង់​ប្រឈមមុខ​យោធា​ជាមួយ​អាមេរិក​ដែរ​។​

​ដោយឡែក​សភា​អ៊ីរ៉ាក់​ឯណោះ​វិញ នៅ​ថ្ងៃទី​៤ ខែតុលា​ដូចគ្នា ក៏បាន​ថ្កោលទោស​ការសម្រេចចិត្តរ​បស់​សភា​តួ​ក​គី​ដែរ​។ ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា​តួ​ក​គី​បាន​បញ្ជូន​កងទ័ព​ររ​បស់​ខ្លួន ទៅកាន់​តំបន់​ភាគ​ខាងជើង​អ៊ីរ៉ាក់ កាលពី​ចុង​ឆ្នាំមុន ដើម្បី​បង្វឹក​កងទ័ព​អ៊ីរ៉ាក់ ក្រោម​ក្របខណ្ឌ​អន្តរជាតិ ដើម្បី​ប្រយុទ្ធ​នឹង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ដែល​កំពុងកាន់​ទឹកដី​ជាប់​ខាងត្បូង​ព្រំដែន​របស់ខ្លួន​។

​យ៉ាងណាក្ដី រដ្ឋាភិបាល​អ៊ីរ៉ាក់​អះអាងថា ខ្លួន​មិនដែល​បាន​អញ្ជើញ​កងទ័ព​តួ​ក​គី ចូល​ទឹកដី​របស់ខ្លួន​ឡើយ​។ បន្ត​បន្ទាប់មក អ៊ីរ៉ាក់ ក៏បាន​ប្រាប់​ឲ្យ​តួ​ក​គី​ដក​ទាហាន​របស់ខ្លួន​ចេញពី​ដែន​អធិបតេយ្យ​របស់​អ៊ីរ៉ាក់ ដោយ​ចាត់ទុក​សកម្មភាព​នេះ ជាការ​រំលោភ​កិច្ចការ​ផ្ទៃក្នុង និង​ជាការ​រំលោភបំពាន​ដែនដី​របស់ខ្លួន​ទៀតផង​។​

​សូមបញ្ជាក់ថា ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម នៅតែ​បន្ត​គ្រប់គ្រង​ទឹកដី​យ៉ាង​ធំ​ទូលំទូលាយ​លើ​ដែនដី​ចន្លោះ​ស៊ី​រី តួ​ក​គី និង​អ៊ីរ៉ាក់​។ ទីក្រុង Mosul ដែលជា​ទីក្រុង​ធំ​មួយ​របស់​អ៊ីរ៉ាក់ នៅ​ស្ថិតក្រោម​ឥទ្ធិពល​ក្រុម​រដ្ឋ​ឥស្លាម​នៅឡើយ បើទោះជា​ទីក្រុង​ធំ​មួយចំនួន​ដូចជា Fallujah ជាដើម​នោះ ត្រូវបាន​រំដោះ​ហើយ​។ ចំណែក​តួ​ក​គី ដែល​ខ្លាច​ក្រុម​ជ្រុលនិយម​ជ្រៀតចូល​ទឹកដី​ខ្លួន​នោះ ក៏បាន​បើក​យុទ្ធនាការ​បោសសម្អាត​នៅតាម​បណ្ដោយ​ព្រំដែន​ជាមួយ​ស៊ី​រី និង​អ៊ីរ៉ាក់​ដែរ​៕  


Tag:
 ​អ៊ីរ៉ាក់​
  តួ​ក​គី​
  មជ្ឈិមបូព៌ា​
© រក្សាសិទ្ធិដោយ thmeythmey.com