អន្តរជាតិ
នាយករដ្ឋមន្ត្រី​ន័​រ​វ៉េ​ស​លេង Pokémon Go ពេល​ប្រជុំ​សភា​
06, Oct 2016 , 11:42 am        
រូបភាព
នាយករដ្ឋមន្ត្រីន័រវ៉េស Erna Solberg កំពុងលេង Pokemon Go ក្នុងសភា (រូបភាព The Guardian)
នាយករដ្ឋមន្ត្រីន័រវ៉េស Erna Solberg កំពុងលេង Pokemon Go ក្នុងសភា (រូបភាព The Guardian)
 

​នាយករដ្ឋមន្ត្រី​ន័​រ​វ៉េ​ស លោកស្រី Erna Solberg ត្រូវបាន​គេ​ថត​បាន​សកម្មភាព​លេង​ហ្គេម​កំសាន្ត Pokémon Go អំឡុងពេល​កិច្ចប្រជុំសភា កាលពី​ថ្ងៃទី​៤ ខែតុលា​។ យ៉ាងណាក្ដី នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​នាយករដ្ឋមន្ត្រី​រូបនេះ លួច​លេង​ហ្គេម​កំសាន្ត​បែបនេះ​ក្នុងពេល​កិច្ចប្រជុំ​នៅក្នុង​សភា​នោះ​។ ហ្គេម Pokémon Go ដែលមាន​ប្រជាប្រិយភាព​នាពេល​កន្លងមក​នោះ ហាក់​ធ្លាក់ចុះ​ចំនួន​អ្នកលេង​នៅ​សព្វថ្ងៃនេះ​។



​ជាថ្មី​ម្ដងទៀត ប្រមុខ​រដ្ឋាភិបាល​ន័​រ​វ៉េ​ស លោកស្រី Erna Solberg បាន​លួច​លេង​ហ្គេម​ក្នុងពេល​កិច្ចប្រជុំសភា ដោយ​លើក​នេះ​លោកស្រី​លួច​លេង​ហ្គេម Pokémon Go ដែល​កំពុង​ល្បី​ពេញ​ពិភពលោក​វិញ​ម្ដង​។ នេះ​ក៏​ដោយសារតែ​លោកស្រី ជា​អ្នក​ងប់​ង​ល់​នឹង​ហ្គេម​នេះ​យ៉ាងខ្លាំង ហើយ​លោកស្រី​តែង​ឆ្លៀតពេល​លេង​ហ្គេម​នេះ ជាក់ស្ដែង​ក្នុង​ទស្សនកិច្ច​ទៅកាន់​ស្លូ​វ៉ា​គី លោកស្រី ក៏បាន​លេង​ហ្គេម​នេះដែរ​។  

​សារព័ត៌មាន The Independent ផ្សាយ​ថា នាយករដ្ឋមន្ត្រី​រូបនេះ​លេង​ហ្គេម Pokémon Go ខណៈដែល​ប្រធាន​បក្ស​សេរីនិយម លោកស្រី Trine Skei Grande កំពុង​ថ្លែង​ទៅកាន់​អង្គប្រជុំ​សភា​នៅ​ថ្ងៃទី​៤ ខែតុលា​។ យ៉ាងណាក្ដី អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ លោកស្រី Grande ផ្ទាល់ ក៏​ធា្ល​ប់​លួច​លេង​ហ្គេម​នេះ ក្នុងពេល​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ដែរ​។

​លោកស្រី Grande ត្រូវគេ​លួច​ថត​សកម្មភាព​លេង​ហ្គេម Pokémon Go កាលពី​ខែសីហា គឺ​ចំ​ពេលដែល​ល្បែង​កំសាន្ត​ប្រភេទ​ថ្មី​នេះ កំពុងតែ​ល្បីល្បាញ​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​។ យ៉ាងណាក្ដី ប្រជាប្រិយភាព​របស់ Pokemon Go ហាក់​ថមថយ​ខ្លាំង​នាពេល​បច្ចុប្បន្ននេះ ដោយសារ​ចំនួន​អ្នកលេង បាន​ថយចុះ​ខ្លាំង​ផងដែរ​។

​ទាក់ទិន​នឹង​រឿងនេះ លោកស្រី​នាយករដ្ឋមន្ត្រី Solberg និយាយថា ប្រធាន​បក្ស​សេរីនិយម នឹងមិន​ប្រកាន់​លោកស្រី​ឡើយ​។ លោកស្រី Solberg បន្តថា​៖ «​ខ្ញុំ​គិតថា លោកស្រី Grande នឹង​ចូលចិត្ត ពេល​ខ្ញុំ​លេង​ហ្គេម Pokémon Go ខណៈដែល​រូបគាត់​កំពុង​ថ្លែង​ទៅកាន់​កិច្ចប្រជុំសភា​នោះ​។​»

​ហ្គេម Pokémon Go គឺជា​ប្រភេត​ល្បែង​កំសាន្ត​ថ្មី ដែល​តម្រូវ​ឲ្យ​អ្នកលេង​ទាំងអស់ ស្វែងរក និង​ចាប់​តួអង្គ Pokémon នៅ​ទិដ្ឋភាព​ជាក់ស្ដែង​ពិតៗ​។ យ៉ាងណាមិញ ការកើនឡើង​យ៉ាង​ឆាប់រហ័ស ជាមួយនឹង​របៀប​លេង​ពិតៗ​នោះ ផលវិបាក​ក៏បាន​កើត​ឡើងជា​បន្តបន្ទាប់​ដែរ​។ គ្រោះថ្នាក់​ដែល​បង្កដោយ​ការលេង​ហ្គេម​នេះ បាន​កើនឡើង​យ៉ាងខ្លាំង​ដែល​រួមទាំង​គ្រោះថ្នាក់​ចរាចរណ៍ និង​ករណី​ឃាតកម្ម​ជាដើម​។​

​ប្រទេស​មួយចំនួន ក៏​បានចេញ​ការណែនាំ​ប្រជាជន​ខ្លួន ឲ្យ​មានការ​ប្រុងប្រយ័ត្ន​នៅពេល​លេង​ហ្គេម​មួយ​នេះ​។ ជាក់ស្ដែង​នោះ អាជ្ញាធរ​បូ​ស្នី បាន​ប្រាប់​ឲ្យ​ប្រជាជន​ខ្លួន ត្រូវ​ចៀស​ឆ្ងាយ​ពី​តំបន់​ដែលមាន​មីន ព្រោះ​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​មិន​ខាន ស្រប​ពេលដែល​គ្រាប់​មិនទាន់​ផ្ទុះ​ទាំងនោះ នៅ​មិនទាន់​ដោះ​នោះឡើយ​៕

 


Tag:
 ​ន័​រ​វ៉េ​ស​
  Pokémon Go
© រក្សាសិទ្ធិដោយ thmeythmey.com