ជាតិ
​ព្រះ​តេជគុណ សាន សុជា ប្រាប់​អ្នក​ស្រឡាញ់​វីរភាព​លោក កែម ឡី កុំ​ឲ្យ​ស្រឡាញ់​តែមួយ​ខ្យល់​
08, Oct 2016 , 8:59 pm        
រូបភាព
ដោយ:
 
​ធម្មក​ថិ​ក​ដ៏​ល្បី​នៅ​កម្ពុជា ព្រះ​តេជគុណ សាន សុជា មាន​ថេរ​ដីកា ប្រាប់​ដល់​អ្នក​ដែល​ស្រឡាញ់ គាំទ្រ លោក កែម ឡី ទាំងអស់ កុំ​គោរព​តែមួយ​ពេល ហើយ​ស្ងាត់បាត់​ទៅវិញ​។ នៅសល់​២ ថ្ងៃ​ទៀត ការស្លាប់​លោក កែម ឡី បាន​កន្លងផុត​អស់​រយៈពេល ៣ ខែ​មកហើយ​។​


​ព្រះ​តេជគុណ សាន សុជា ស្នើ​ឲ្យ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ដែល​ស្រឡាញ់ គោរព​នូវ​វីរភាព​របស់លោក កែម ឡី កុំ​ស្រឡាញ់ និង​គាំទ្រ​នូវ​វីរភាព​នេះ​តែមួយ​ពេល​ឬ មួយថ្ងៃ​នោះទេ តែ​ត្រូវមាន​ការគោរព ស្រឡាញ់​ជា​រឿង​រហូត​។ « កុំ​ធ្វើ​តែមួយ​ខ្យល់​នោះ​»​។ នេះ​ជា​ព្រះ​សង្ឃដីកា​បញ្ជាក់​របស់​ប្រធាន​សមាគម​ធម្មកថិក​ក​ម្ពុ​ជា​ខាងលើ ទន្ទឹមនឹង​ព្រះ​តេជគុណ អំពាវនាវ​ឲ្យ​ធម្ម​ថិ​ក​ទាំងអស់​ត្រូវ​ទេសនា ធ្វើយ៉ាងណា​ឲ្យ​ខ្មែរ​ស្រឡាញ់គ្នា មាន​មេត្តា​ឲ្យ​បាន​ច្រើន និង​ឲ្យ​មនុស្ស​មានគុណ​ធម៌​ក្នុង​ខ្លួន​។​
 
​តាមពិតទៅ​ថេរ​ដីកា​របស់​ព្រះ​តេជគុណ​បែបនេះ ធ្វើឡើង​តាមរយៈ​វីដេអូ​មួយ ដែល​ព្រះអង្គ​ចូលរួម​រំលែក​ទុក្ខ បន្ទាប់ពី​ឃាតករ​បាន​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦ មក​ម្លេះ​។  ការអំពាវនាវ​របស់​ព្រះអង្គ​បែបនេះ ទំនងជា​ព្រះ​តេជគុណ​យល់ថា ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន ស្រឡាញ់ ឬ​គាំទ្រ​នូវ​វីរភាព​របស់​អ្នកណាម្នាក់​ដែល​មានគុណ​សម្រាប់​សង្គម​ជាតិ​តែមួយ​ភ្លែត​ប៉ុណ្ណោះ​។ 
 
​តាមរយៈ​វីដេអូ​នោះ ព្រះ​តេជគុណ សាន សុជា មាន​សង្ឃដីកា​ថា បើទោះបីជា លោក កែម ឡី មិនមែនជា​សាច់ញាតិ​របស់​ព្រះអង្គ ឬ​មិន​ធ្លាប់​ទំនាក់​ទ​នង​ការងារ​ជាមួយ​ក្តី ក៏​ព្រះ​តេជគុណ សាន សុជា យល់ថា ការស្លាប់​របស់លោក កែម ឡី ប្រៀបបាន​ដូចជា​ដាច់​សាច់​មួយ​ដុំ​ចេញពី​ព្រះកាយ​របស់​ព្រះអង្គ​ដែរ​។ ព្រះអង្គ មាន​ថេរ​ដីកា​តាមរយៈ​វីដេអូ​នៅក្នុង​ថ្ងៃ​ដែល​លោក កែម ឡី ត្រូវ​ឃាតករ​បាញ់សម្លាប់​បែបនេះ​ថា​៖«​មានការ​ខ្លោចផ្សារ​ក្នុង​បេះដូង ខ្មែរ​មាន​អ្នកចេះដឹង​ហើយ បាត់បង់​អ្នកចេះដឹង​យ៉ាង​ផុយស្រួយ​ជាទីបំផុត​។ ហើយក៏​មិន​ខឹង​អ្នក​បាន​បាញ់​ទៅទៀត​។ ចិត្ត​មែនទែន​ឥឡូវនេះ កាន់តែ​សង្វេគ​ថា រឿង​អី​ធ្វើ​ឲ្យ​សត្វលោក​យើង​បាត់បង់​សតិសម្បជញ្ញៈ​ដល់​ប៉ុណ្ណឹង​? អំពើ​ផ្តាច់​ជី​វិញ​បែបនេះ ចេះតែ​ហ៊ាន​ធ្វើទៅ​រួច​ដែរ​»​។​
 
​ធម្មក​ថិ​ក​ដ៏​ល្បី ដែល​មិនមែន​ស្ថិត​តែ​នៅក្នុង​ចិត្ត​មនុស្ស​ចាស់ៗ តែ​ថែមទាំង​ស្ថិតនៅក្នុង​ចិត្ត​យុវជន​ខ្លះ​ផង​នោះ បន្តថា លោក កែម ឡី គឺជា​បញ្ញវន្ត ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ក្មេង ចាស់ នៅក្នុង​ប្រទេស ក្រៅប្រទេស ភាគច្រើន​យល់ថា លោក គឺជា​មនុស្ស​និយាយ​ត្រង់ៗ ។ ព្រះអង្គ សាន សុជា បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ កុំ​ស្អប់​គ្នា ព្រោះ​តែមាន​និន្នាការ​នយោបាយ​ផ្សេងគ្នា​។​«​បើ​យើង​ធ្វើ​នយោបាយ ដើម្បី​សេចក្តីសុខ​សេចក្តីចម្រើន​ប្រទេសជាតិ​យើង កុំ​ត្រេកអរ​នៅពេលដែល​ឃើញ​អ្នក​ដែលមាន​ទស្សនៈ​ខុស​យើង​ស្លាប់​»​។​
 
​នៅ​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ១៦ ខែតុលា ខាងមុខនេះ គណៈកម្មការ​រៀបចំ​បុណ្យសព​លោក​បណ្ឌិត កែម ឡី នឹងធ្វើ​ពិធីបុណ្យ​គម្រប់​ខួប ១០០ ថ្ងៃ​នៃ​ការបាត់​បង់ជីវិត​រប​ស់លោក កែម ឡី​។ គណៈកម្មការ​បុណ្យ មានបំណង​រៀបចំ​ពិធី​នេះ នៅ​វត្ត​ចាស់ ស្ថ​តិ​នៅ​សង្កាត់​ជ្រោយចង្វារ ឬ​នៅមុខ​វត្ត​បទុម​វ​ត្តី រាជធានី​ភ្នំពេញ តែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បដិសេធ​មិន​ឲ្យ​ធ្វើ ដោយ​ប្រាប់​ឲ្យ​គណៈកម្មការ​បុណ្យ​រៀបចំ​ពិធី​នេះ​នៅក្នុង​ផ្ទះ ឬ​នៅ​ទីកន្លែង​បញ្ចុះសព​លោក កែម ឡី នៅ​ខេត្តតាកែវ​វិញ​។​
 
 
 
 
 

Tag:
 សាន សុជា​
  កែម ឡី
© រក្សាសិទ្ធិដោយ thmeythmey.com