អន្តរជាតិ
រាជវាំងថៃ៖ សុខភាពមហាក្សត្រ ភូមិពល អាប់ឌុលយ៉ាដេត ធ្លាក់ចុះខ្លាំង ព្រះមហាក្សត្រថៃ ភូមិពល អាប់ឌុលយ៉ាដេត (រូបភាព Xinhua)
× ព្រះមហាក្សត្រថៃ ភូមិពល អាប់ឌុលយ៉ាដេត (Bhumibol Abdulyadej) កំពុងស្ថិតក្នុងស្ថានភាពមិនប្រសើរឡើយ បន្ទាប់ពីទ្រង់ទទួលការព្យាបាលដោយការបំបែកលោហិតរួចមក។ ព្រះមហាក្សត្រ ភូមិពល អាប់ឌុលយ៉ាដេត បានបន្តការព្យាបាលព្រះរោគនៅក្នុងមន្ទីរពេទ្យក្រុងបាងកក អស់ពេលជាយូរមកហើយ ដែលរឿងនេះធ្វើឲ្យប្រជាជនថៃព្រួយបារម្ភយ៉ាងខ្លាំង ហើយថែមទាំងប៉ះពាល់ដល់វិបត្តិនយោបាយទៀតផង។
រាជវាំងថៃ ប្រកាសនៅថ្ងៃទី៩ ខែតុលា ថា ក្រុមគ្រូពេទ្យព្យាបាលព្រះមហាក្សត្រ ភូមិពល អាប់ឌុលយ៉ាដេត បានដាក់ឧបករណ៍ជំនួយការដកដង្ហើម ដើម្បីជំនួយព្រះមហាក្សត្រអង្គនេះក្នុងការដកដង្ហើម បន្ទាប់ពីព្រះអង្គទទួលការលាងលោហិតរួចមក។ រាជវាំងថៃបន្ថែមថា សុខភាពព្រះមហាក្សត្រ ភូមិពល អាប់ឌុលយ៉ាដេត ដែលមានវ័យ៨៨វស្សាហើយនោះ បានធ្លាក់ចុះខ្លាំង។
ស្ដេច ភូមិពល អាប់ឌុលយ៉ាដេត ដែលជាប្រមុខរដ្ឋគ្រងរាជ្យយូរជាងគេលើពិភពលោក បានចំណាយពេលវេលាភាគច្រើននៅក្នុងមន្ទីរពេទ្យ Siriraj ដើម្បីព្យាបាលព្រះរោគជាច្រើនមុខមកនោះ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP មហាក្សត្រអង្គនេះ បានបង្ហាញព្រះភក្ត្រចុងក្រោយកាលពីខែមករាដើមឆ្នាំ២០១៦នេះ ហើយចាប់ពីពេលនោះមក ព្រះអង្គក៏មិនដែលចេញព្រះភក្ត្រទៀតឡើយ។
ព័ត៌មានទាក់ទងនឹងព្រះសុខភាពរបស់មហាក្សត្រអង្គនេះ តែងត្រូវបានចាត់ទុកជារឿងសម្ងាត់ មិនងាយបញ្ចេញជាសាធារណៈឡើយ។ ប៉ុន្តែនាពេលចុងក្រោយនេះ ព័ត៌មានទាំងនោះ ត្រូវបានបញ្ចេញជាបន្តបន្ទាប់ដោយរាជវាំងថៃ។ សេចក្ដីប្រកាសព័ត៌មានថ្ងៃទី៩ ខែតុលា គឺជាសេចក្ដីប្រកាសទីពីរសម្រាប់ខែតុលា ពាក់ព័ន្ធនឹងសុខភាពព្រះមហាក្សត្រដែលត្រូវបានប្រជាជនថៃគោរពដូចអាទិទេពនោះ។
សេចក្ដីប្រកាសខាងលើបន្តថា ក្រុមគ្រូពេទ្យនៅបន្តការតាមដាន និងការព្យាបាលយ៉ាងយកចិត្តទុកដាក់លើព្រះរាជសុខភាពមហាក្សត្រអង្គនេះ ខណៈដែលសុខភាពព្រះអង្គនៅមិនទាន់ស្រួលបួលនៅឡើយ។ សុខភាពព្រះអង្គ បន្តទ្រុឌទ្រោមដោយសារមានជម្ងឺបន្តបន្ទាប់។ កាលពីថ្ងៃទី១ ខែតុលា រាជវាំងថៃ បានប្រកាសថា ព្រះមហាក្សត្រ ភូមិពល ក៏ទទួលការព្យាបាលជម្ងឺដង្ហើមដែរ។
សុខភាពមហាក្សត្រ ភូមិពល អាប់ឌុលយ៉ាដេត គឺជាការព្រួយបារម្ភរបស់ប្រជាជនថៃ ជាពិសេសលើបញ្ហាការស្នងរាជ្យតែម្ដង ដ្បិតពួកគេមិនដែលមានបទពិសោធស្ថិតក្រោមការគ្រប់គ្រងរបស់ស្ដេចថ្មីឡើយ ខណៈដែលរាជទាយាទ ក៏មិនសូវមានប្រជាប្រិយភាពខ្លាំងដែរ។ ម្យ៉ាងទៀត មហាជនថៃ កាន់តែបារម្ភចំពោះបញ្ហានេះ ព្រោះវិបត្តិនយោបាយក្នុងប្រទេសក៏មិនទាន់ធូរស្រាល ដោយសារតែការរឹតត្បិតរបស់ក្រុមយោធា៕
Tag:
ថៃ
Bhumibol Abdulyadej
© រក្សាសិទ្ធិដោយ thmeythmey.com