ពីនេះ ពីនោះ
«​សាមគ្គីរស់ បែកបាក់​សាមគ្គី​ស្លាប់​»៖ បង្កប់​អត្ថន័យ​ល្អ ប៉ុន្តែ​មនុស្ស​ស្ទើ​គ្រប់គ្នា​ធ្វើ​មិនបាន​
12, Oct 2016 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការ​សាមគ្គី គឺជា​ពាក្យពេចន៍​ដ៏​មានតម្លៃ​មួយ​សម្រាប់​បង្ហាញ​ពី​កម្លាំង នៃ​ការ​រួមចិត្តរួមគំនិត រួម​សកម្មភាព ក្នុង​បេសកម្ម​អ្វីមួយ​ឲ្យ​ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​។ ដោយឡែក ចាស់​បុរាណ​លោក​ក៏បាន​លើក​ឡើងជា​សុភាសិត​មួយ​ឃ្លា​ថា​«​សាមគ្គីរស់ បែកបាក់​សាមគ្គី​ស្លាប់​» ដើម្បី​ជា​មេរៀន​គិត​មួយ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​។ រហូត​ពាក្យ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ភាគច្រើន​លើកយក​មក​និយាយ និង​បកស្រាយ​យ៉ាង​ទូលំទូលាយ ប៉ុន្តែ​រឿង​ដែល​សំខាន់​គឺ​ភាគច្រើន​បានត្រឹមតែ​និយាយ និង​ជា​ទ្រឹស្ដី ហើយ​អនុវត្តន៍​មិនបាន​។​



​បច្ចុប្បន្ននេះ មនុស្ស​ស្ទើ​គ្រប់គ្នា​តែងតែ​លើកយក​ពាក្យ​មួយ​ឃ្លា​«​សាមគ្គីរស់ បែកបាក់​សាមគ្គី​ស្លាប់​» មក​ពន្យល់ និង​ណែនាំ​អ្នកដទៃ​ឲ្យ​រួបរួមគ្នា បណ្ដុះ​ស្មារតី​ស្រឡាញ់​ជាតិ ស៊ូស្លាប់​ដើម្បី​ជាតិ រស់​ដើម្បី​ជាតិ ហើយ​រួមគ្នា​ធ្វើ​អ្វីៗ​សព្វបែបយ៉ាង​ដើម្បី​ឲ្យ​ជាតិរស់​ជាដើម​។ ពិតណាស់ ក្នុង​អត្ថន័យ​នៃ​សុភាសិត​នេះ ចាស់​បុរាណ​លោក​បានបង្ហាញ​យ៉ាងច្បាស់​ថា មិន​ថា​នៅក្នុង​ចំណងមិត្តភាព​ក្ដី ជីវិត​គ្រួសារ​ក្ដី ការធ្វើការ​ជា​សហជីព​ក្ដី ជា​ក្រុមហ៊ុន​ក្ដី ស្ថាប័ន​សង្គម​ក្ដី ជា​ពលរដ្ឋ​នៅក្នុង​សង្គមជាតិ​មួយ​ទាំងមូល​ក្ដី ឲ្យ​តែ​បុគ្គល​ម្នាក់ៗ​នៅតាម​ស្ថាប័ន​ទាំងនោះ​មាន​ស្មារតី​ចុះសម្រុង​គ្នា សហការគ្នា និង​រួម​សាមគ្គី​គ្នា ច្បាស់​ណាស់​គ្រប់​ចំណងមិត្តភាព ស្ថាប័ន និង​សង្គម​នោះ​នឹងមាន​ភាពរឹងមាំ និង​រីកចម្រើន​។

​ប៉ុន្តែ ប្រសិនបើ​បុគ្គល​ទាំងនោះ​មិនអាច​មាននូវ​ស្មារតី សាមគ្គី​បានទេ ទោះបី​បុគ្គល​នីមួយៗ ព្យាយាម​ប្រឹងប្រែង​តែម្នាក់ឯង​យ៉ាងណា ក៏​មិនបាន​សមិទ្ធផល​ធំធេង​នោះដែរ​។ ហេតុផល​នេះហើយ ទើបបានជា​ចាស់​បុរាណ​លោក​លើកឡើង​ពំនោល​ពាក្យ​ពិចារណា​ទាំងនេះ​មក​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ពិចារណា​។

​តថភាព​សង្គម​មួយចំនួន បង្ហាញ​ឲ្យ​ឃើញថា​សុភាសិត​«​សាមគ្គីរស់ បែកបាក់ សាមគ្គី​ស្លាប់​» គឺជា​សុភាសិត​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ផ្នត់គំនិត​ដ៏​ល្អ​របស់​ចាស់​បុរាណ ដើម្បី អប់រំ​កូនចៅ​ជំនាន់​ក្រោយ ឲ្យ​ចេះ​កាន់​ដៃ​គ្នា មូលមតិ​គ្នា កសាង​សុខសន្តិភាព​ឲ្យ​គ្នា បណ្ដុះ​ឆន្ទៈ​សហការគ្នា កសាង​ស្ថាប័ន កសាង​សង្គម​។ ក៏ប៉ុន្តែ មួយផ្នែកធំ​នៃ​សុភាសិត​នេះ ត្រូវ​បរាជ័យ ព្រោះតែ​ការអនុវត្ត​មិនបាន ពី​សំណាក់​ប្រជាពលរដ្ឋ​។

​ការពិត​ណាស់ ទស្សនៈ​ល្អ គំនិតល្អ មេរៀន​ល្អ សុភាសិត​ល្អ ហើយ​មាន​អ្នក​សូត្រ​ច្រើន និយាយ​ច្រើន បកស្រាយ​ច្រើនយ៉ាង​ណាក៏ដោយ ក៏​មិនអាច​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន ក្នុងករណី​ដែល​អ្នក​និយាយ​គ្មាន​ការប្រតិបត្តិ​ជាក់ស្ដែង​។  ជាក់ស្ដែង មាន​បុគ្គល​មួយចំនួន គ្រាន់តែ​ការធ្វើការងារ​ជា​ក្រុម ក៏​មិនមាន​ការចុះ​សម្រុង​គ្នា កើត​ចិត្ត​ច្រណែន និង​ចង់​ឈ្នះ​គ្នា​ទៅហើយ តើ​អាច​ទៅ​និយាយថា «​សាមគ្គីរស់ បែកបាក់​សាមគ្គី​ស្លាប់​»​បាន​ដោយ របៀប​ណា​? ចំណែក ជីវិត​ជា​ប្ដី​ប្រពន្ធ​មួយចំនួន មិនអាច​សាមគ្គី​គ្នា​ផង មិន​អាចមាន​ភាពស្មោះត្រង់​និង​គ្នា​ផង ប៉ុន្តែ​បែ​ជា​អាច​និយាយថា ដើម្បី​ឲ្យ​ជាតិ​រឹងមាំ ត្រូវតែ​រួម​សាមគ្គី​គ្នា កសាង​ជាតិ​។ តើ​ទៅ​សាមគ្គី​ជាតិ​បាន​យ៉ាងដូចម្ដេច បើ​សូម្បី​ជីវិត​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ​មិនអាច​ត្រូវ​គ្នា​?

​ម្យ៉​ង​វិញទៀត បើ​និយាយ​ពី​និស្សិត​បញ្ញវន្ត មួយចំនួន ក៏​រឹតតែ​សម្បូរ​អ្នក​លើកឡើង ជា​គំនិត ជា​ទ្រឹស្ដី ជាការ​យល់ឃើញ​ជុំវិញ​គោល​គំនិត «​សាមគ្គីរស់ បែកបាក់​សាមគ្គី​ស្លាប់​» នេះ​។ ប៉ុន្តែ​ក្រឡេក​ទៅ​មើល​ទំនាក់ទំនង​ក្នុង​ថ្នាក់​វិញ មានការ​បែងចែក​ជាប​ក្ស ជា​ពួក រើសអើង​គ្នា អ្នកមាន​អ្នកក្រ អ្នកស្រែ​អ្នកក្រុង​ទៅវិញ​។ រូបភាព​នេះ តើ​មាន​ទេ ពាក្យ​ថា «​សាមគ្គីរស់ បែកបាក់​សាមគ្គី​ស្លាប់​» នៅក្នុង​ចិត្ត និង​ការគិត​របស់គេ​ទេ​? ឬមួយ​គ្រប់យ៉ាង​គ្រាន់តែ​ជា​ទ្រឹស្ដី​តែប៉ុណ្ណោះ​?

​បើ​មើល​ទៅលើ​រូបភាព​សង្គម​ទាំងមូល​វិញ រឹតតែ​មិនអាច​និយាយបានថា​សុភាសិត​នេះ​ទទួលបាន​ជោគជ័យ​នៅក្នុង​ការប្រតិបត្តិ ជាក់ស្ដែង​ឡើយ​។ សង្គម​បែងចែក​បក្សពួក បែងចែក​កម្រិត​តម្លៃ​មនុស្ស និង​ការ​សម្លឹង​ឃើញ​ប្រយោជន៍​បុគ្គល​ជាជាង​ប្រយោជន៍​រួម ប្រយោជន៍​ឯកជន ជាជាង​ប្រយោជន៍​ជាតិ​។ ប៉ុន្តែ​មនុស្ស​នៅក្នុង​សង្គម​នេះ បែរជា​សម្បូរ​អ្នក​ដែល​និយម​លើកយក​ពាក្យ​ថា «​សាមគ្គីរស់ បែកបាក់​សាមគ្គី​ស្លាប់​» មក​អះអាង​ពី​ឆន្ទៈ​ខាងក្រៅ​របស់ខ្លួន​ទៅវិញ​។​

​ជារួម​មក សុភាសិត​ខ្មែរ​មួយ​នេះ មិនមែន​មានន័យថា ចាស់​បុរាណ​លោក​បានទទួល​ជោគជ័យ​នៅក្នុង​ការអនុវត្ត​នោះទេ គឺ​ឆ្លងកាត់​ការវិវត្ត​នៃ​សង្គម ក៏​មិនបាន​ទាំងស្រុង​ដូចគ្នា​។ ប៉ុន្តែ​អ្វីដែល​សំខាន់ ទស្សនៈ​ខ្លី​មួយ​នេះ​ត្រូវបាន​គេ​ស្គាល់​រាប់សិប​ឆ្នាំ​មកហើយ អ្នកចេះ អ្នកដឹង​ក៏​ច្រើន ប៉ុន្តែ​នៅតែ​មិនអាច​អនុវត្តបាន​។ ដើម្បី​ជាការ​បញ្ជាក់​ពី​ជំហរ​ពិត​របស់ខ្លួន ក្នុងការ​សូត្រ​នូវ​សុភាសិត​នេះ​បុគ្គល​គ្រប់រូប​ត្រូវ​ដឹងថា មនុស្ស​ដែលមាន​តម្លៃ គឺ​ប្រកាន់​ជំហរ និង​រក្សា​ពាក្យសម្តី​ណាស់ បើ​ហ៊ាន​និយាយ​ហើយ គឺ​គេ​ហ៊ាន​ធ្វើ ហ៊ាន​ទទួលខុសត្រូវ​ចំពោះ​ពាក្យពេចន៍​របស់ខ្លួន​។ ជាក់ស្ដែង នៅពេលដែល​បុគ្គល​ដែល​ហ៊ាន​និយាយថា «​សាមគ្គីរស់ បែកបាក់​សាមគ្គី​ស្លាប់​» គួរ​ណាស់​តែ​និយាយ​ហើយ​ត្រូវ​ព្យាយាម​អនុវត្ត​ឲ្យ​បាន ដើម្បី​បង្ហាញ​ពី​តម្លៃពិត​របស់ខ្លួន​៕


© រក្សាសិទ្ធិដោយ thmeythmey.com