អន្តរជាតិ
ស៊ុ​លត​ង់​ទាំង​៩​របស់​ម៉ាឡេស៊ី ជួបគ្នា​រើស​មហាក្សត្រ​ថ្មី​
12, Oct 2016 , 2:53 pm        
រូបភាព
មហាក្សត្រម៉ាឡេស៊ីបច្ចុប្បន្ន Tuanku Abdul Halim Mu
មហាក្សត្រម៉ាឡេស៊ីបច្ចុប្បន្ន Tuanku Abdul Halim Mu'adzam Shah
​ដំណើការ​ជ្រើសរើស​មហា​ក្សត្រ​ថ្មី​របស់​ម៉ាឡេស៊ី បានចាប់ផ្ដើម​ហើយ​នៅ​ថ្ងៃទី​១១ ខែតុលា ស្របពេល​ដែល​ស៊ុ​ល​តង់​នៃ​រដ្ឋ​នីមួយៗ​របស់​ម៉ាឡេស៊ី កំពុង​ប្រជុំ​សម្រេច​ថា ស៊ុ​លត​ង់​មកពី​រដ្ឋ​ណា នឹង​ក្លាយជា​ប្រមុខរដ្ឋ​ថ្មី​របស់​ម៉ាឡេស៊ី​។ ខុសពី​របបរាជានិយម​នៃ​ប្រទេស​ដទៃ ប្រមុខរដ្ឋ​ម៉ាឡេស៊ី ផ្លាស់ប្ដូរ​គ្នា​រៀងរាល់​៥​ឆ្នាំ​ក្នុងចំណោម​ស៊ុ​លត​ង់​ទាំងអស់​របស់​ម៉ាឡេស៊ី​។ 



​ស៊ុ​លត​ង់​មកពី​រដ្ឋ​ចំនួន​៩​របស់​ម៉ាឡេស៊ី មកជួប​គ្នា​នៅ​ក្រុង​កូ​ឡា​ឡាំ​ពូរ​រយៈពេល​បី​ថ្ងៃ ដើម្បី​ពិភាក្សា​បញ្ហាសំខាន់ៗ ដែល​រួមទាំង​ការជ្រើសរើស​មហាក្សត្រ​ថ្មី ( ភាសា​ម៉ា​ឡេ​ហៅថា យ៉ាង​ឌី​ពើ​ទួន​អា​ហ្គុ​ង Yang Di Pertuan Agong)​។ មហាក្សត្រ​បច្ចុប្បន្ន Tuanku Abdul Halim Mu'adzam Shah នៃ​រដ្ឋ​កេ​ដា (Kedah) នឹង​ចប់​អាណត្តិ​នៅ​ដំណាច់​ឆ្នាំនេះ ដែល​តម្រូវ​ឲ្យ​មានការ​ជ្រើសរើស​មហាក្សត្រ​ឲ្យ​បាន​រួចរាល់​ជាមុន​។​

​ប្រពៃណី​នៃ​ការជ្រើសរើស Yang Di Pertuan Agong ឬ​មហាក្សត្រ​នៅ​ម៉ាឡេស៊ី មិន​ដូច​ការជ្រើសរើស​មហាក្សត្រ​ប្រទេស​ផ្សេង​ឡើយ​។ ថ្វី​ដ្បិ​តែ​រដ្ឋធម្មនុញ្ញ​ម៉ាឡេស៊ី​បានចែង​ពី​ដំណើរការ​ជ្រើសរើស​ក៏ដោយ សន្និសីទ​នៃ​ស៊ុ​លត​ង់​ទាំង​៩​របស់​ម៉ាឡេស៊ី គឺជា​អ្នកសម្រេចចិត្ត​ចុងក្រោយ​លើ​បញ្ហា​នេះ ដោយ​ផ្អែកលើ​ការអនុវត្ត​ពីមុនៗ និង​កិច្ចព្រមព្រៀង​ក្នុងចំណោម​ស៊ុ​ល​តង់​ទាំងអស់​។​
 
​ស៊ុ​លត​ង់​នៃ​រដ្ឋ​ទាំង​៩ ក្នុងចំណោម​រដ្ឋ​១៣ សម្រេចចិត្ត​បែងចែក​អាណត្តិ​នៃ​ការគ្រងរាជ្យសម្បត្តិ ដែលមាន​រយៈពេល​៥​ឆ្នាំ ដើម្បី​ធានាថា ស៊ុ​លត​ង់​ទាំងអស់​សុទ្ធតែ​អង្គុយ​លើ​ប​ល្ល័​ង្គ​បាន​ម្ដង​ដូចៗ​គ្នា​។ ស៊ុ​លត​ង់​នៃ​រដ្ឋ​កេ​ដា Abdul Halim នឹង​ត្រូវផុត​អាណត្តិ​នៅ​ខែធ្នូ ឆ្នាំ​២០១៦ ហើយ​អ្នក​បន្ទាប់​ដែល​ត្រូវ​ឡើងជា​មហាក្សត្រ​នោះ គឺ​ស៊ុ​លត​ង់ Muhammad V នៃ​រដ្ឋ​កេ​ឡាន់​តាន់ (Kelantan)​។​

​យោងតាម​សារព័ត៌មាន Channel NewsAsia ការឈានទៅរក​រាជ្យសម្បត្តិ​របស់​ស៊ុ​ល​តង់​នៃ​រដ្ឋ​កេ​ឡាន់​តាន់ កំពុងមាន​បញ្ហា​ដែល​មិន​ស្រប​នឹង​កិច្ចព្រមព្រៀង​រវាង​ស៊ុ​លត​ង់​ទាំងអស់​។ ស៊ុ​លត​ង់ Muhammad V គ្រប់គ្រង​រដ្ឋ​កេ​ឡាន់​តាន់​បន្ត​ពី​បិតា ដែល​ដាក់រាជ្យ​ដោយសារតែ​ពិការភាព​។ ប៉ុន្តែ​កិច្ចព្រមព្រៀង​ចែងថា ប្រសិនបើ​មានការ​ផ្លាស់ប្ដូរ​ស៊ុ​លត​ង់​នៃ​រដ្ឋ​ណាមួយ ដោយសារតែ​ហេតុផល​សុខភាព ការលាលែង ឬ​ការដកតំណែង លេខ​រៀង​រដ្ឋ​មួយ​នោះ នឹង​ស្ថិតក្នុង​លំដាប់​ក្រោយ​គេ​នៃ​បញ្ជី​អ្នក​ត្រូវ​ឡើង​សោយរាជ្យ​។    

​បញ្ហា​មួយទៀត​ដែល​ប៉ះពាល់​ដល់​ការ​សោយរាជ្យ​របស់​ស៊ុ​លត​ង់ Muhammad V គឺ​ការ​រៀបការ​។ លក្ខខណ្ឌ​មួយ​ដើម្បី​ក្លាយជា​មហាក្សត្រ​ម៉ាឡេស៊ី គឺ​ត្រូវតែមាន​មហេសី​។ ប៉ុន្តែ​ស៊ុ​ល​តង់​កេ​ឡាន់​តាន់ មិនមាន​មហេសី​ឡើយ ព្រោះ​បាន​លែងលះ​។ ប្រសិនបើ​បេក្ខភាព​ស៊ុ​លត​ង់​កេ​ឡាន់​តាន់ មិនត្រូវ​តាម​លក្ខខណ្ឌ​ទេនោះ ស៊ុ​លត​ង់ Ahmad Shah នៃ​រដ្ឋ​ប៉ាហាំង (Pahang) នឹង​ក្លាយជា​មហាក្សត្រ​ម៉ាឡេស៊ី​ជំនួស​វិញ​៕


Tag:
 ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com