ពីនេះ ពីនោះ
យុវជន​ចង់​ធ្វើ​ធំ ដោយ​មិន​ពង្រឹងសមត្ថភាព តើ​ទៅរួច​ដែរ​ទេ​?
13, Oct 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សមត្ថភាព​ខួរក្បាល​របស់​មនុស្សម្នា​ក់ៗ​មិន​លើសខ្វះ​គ្នា នោះទេ ប៉ុន្តែ​ទម្រាំ​បាន​ក្លាយជា​បុគ្គល​ដែលមាន​សមត្ថភាព​ខួរក្បាល​ខ្ពស់ គឺ​អាស្រ័យទៅលើ​លទ្ធភាព ការខិតខំ​ប្រឹង ដុសខាត់​វិចារណញ្ញាណ និង​ការប្រឹងប្រែង​សិក្សា​រៀនសូត្រ ពង្រឹង និង​ពង្រីក​ជាប្រចាំ​ទៅលើ​សមត្ថភាព​ដែល​ខ្លួន​មាន​។ នៅពេលដែល​ក្លាយជា​អ្នកមាន​សមត្ថភាព​ហើយ ទោះ​ប្រាថ្នា​ចង់​ធ្វើ​កិច្ចការ ឬ​មុខដំណែង​សំខាន់​ប៉ុណ្ណា ក៏​បុគ្គល​ទាំងនោះ​អាចធ្វើ​បាន​។​



​យុវជន​មួយចំនួន​បច្ចុប្បន្ន មិនសូវ​ចេះ តែ​ចង់​ធ្វើ​ធំ សួរថា​តើ​អាច​ទៅ​ដឹកនាំ​អ្នកផ្សេង​បាន​ដោយ​របៀប​ណា​? ចំណែក​សុភាសិត​ខ្មែរ​លោក​ក៏បាន​លើ​ឡើង​ថា «​បើ​ខ្លួន​ល្ងង់​កុំ​ធ្វើ​ចេះ បើ​ខ្លួន​គ្មាន​ចំណេះ​កុំ​ចង់​ធ្វើ​ធំ​» នោះ​គឺ​មិនមែនជា​រឿង​គ្មាន​មូលដ្ឋាន​គិត​នោះដែរ​។ ចាស់​បុរាណ​លោក​មានការ​គិតពិចារណា និង​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​សមត្ថភាព​របស់​អ្នកដឹកនាំ​។  ហើយក៏​មិនមែន​ការយក ចំណេះ មក​ប្រើ​ដើម្បី​ប្រកួតប្រជែង​យក​ឋានៈ បុណ្យស័ក្តិ ឬ​លាភ​សក្ការ​នោះដែរ​។​

​តួនាទី មុខតំណែង ជា​ប្រធាន​គេ ជា​អ្នកគ្រប់គ្រង​គេ ជា​អ្នកដឹកនាំ​គេ ឬ​ជា​ថ្នាក់ដឹកនាំ​ប្រទេស​គ្រប់​ជាន់ថ្នាក់ មិនមែន​ចេះតែ​យក​ក្រុមមនុស្ស​ដែលមាន​សមត្ថភាព​ខួរក្បាល​សាមញ្ញ​មក​ធ្វើ​នោះទេ ព្រោះ​ជា​រឿង​ដែល​ខុសឆ្គង​បំផុត​ចំពោះ​ពាក្យ​ថា ដឹកនាំ និង​គ្រប់គ្រង​។ ទោះបីជា​យក​មនុស្ស​ធម្ម​តា អាច​កាន់​ការងារ​បាន​ដូចគ្នា ប៉ុន្តែ​ប្រសិទ្ធភាព​ការងារ​មិនអាច​សមភាព​សមិទ្ធផល ដូចគ្នា​ជាមួយ​អ្នក​ដែលមាន​សមត្ថភាព​ខ្ពស់​នោះទេ​។

​កត្តា​នេះ យុវជន​ត្រូវ​ដឹងថា តំណែង តួនាទី កាន់តែ​ធំ ការទទួលខុសត្រូវ​កា​ន់​តែ​ខ្ពស់ សមត្ថភាព​ក៏​ពង្រីក​ឲ្យ​កាន់តែខ្លាំង និង​ទូលាយ​ទើប​អាចធ្វើ​ឲ្យ​ការងារ​មាន​ប្រសិទ្ធភាព​។

​ប្រសិនបើ​ចង់​ក្លាយជា​អ្នកធំ មាន​តំណែង​តួនាទី​ជា​អ្នកគ្រប់គ្រង និង​ដឹកនាំ​គេ យុវជន​ត្រូវតែ​ព្យាយាម​ពង្រឹងសមត្ថភាព​ខ្លួនឯង ជាពិសេស​គឺ​ចំណេះដឹង​នេះ​តែម្ដង​។ ត្រូវ​រៀបចំ​ខ្លួនឯង ឲ្យ​ក្លាយជា​មនុស្ស​មាន​ភាពច្បាស់​លាស់ ក្នុងការ​កំណត់​គោលដៅ យុទ្ធសាស្ត្រ សកម្មភាព​ជាក់ស្តែង និង​រិះរក​គ្រប់​មធ្យោបាយ សម្រាប់​យកទៅអនុវត្ត​គម្រោង ផែនការ សកម្មភាព​ឲ្យ​មាន​ប្រសិទ្ធភាព និង​បាន​ជោគជ័យ នោះ​ទើប​អាចជា​ផ្នែក​មួយ​នៃ​កិច្ចការ​របស់​អ្នកធំ អ្នកដឹកនាំ អ្នកគ្រប់គ្រង​។​

​បន្ថែម​ពីនេះ ព្យាយាម​ហ្វឹកហាត់​ការងារ រៀន​ពី​របៀប​ដឹកនាំ​មនុស្ស របៀប​បែងចែក​ការងារ ស្គាល់​ប្រភព​បញ្ហា អាច​ដោះស្រាយ​បញ្ហា​។ បើ​និយាយ​ពី​ការងារ​ជាតិ ត្រូវ​ដឹង​ពី​របៀប​ធ្វើ​កិច្ចការ​ថ្នាក់មូលដ្ឋាន ការងាររដ្ឋបាល ស្គាល់​ច្បាប់ ចេះ​ចាំ​ជំនាញ់​ច្បាស់លាស់​។​

​ដោយឡែក សីលធម៌ គុណធម៌ ការគោរព មនសិការ ស្មារតី​សាម គ្គី​ភាព​ការផ្តល់​តម្លៃ​គ្នា​ទៅវិញទៅមក និង​គម្រូ​ភាព​ក្នុងការ​សហការគ្នា​ធ្វើ​ការងារ ក៏​ជា​កិច្ច​ការដែល​យុវជន​ត្រូវ​រៀបចំ និង​សិក្សា​ពី​ខ្លួនឯង​ជាមុន​ផងដែរ ដើម្បី​ក្លាយជា​អ្នកធំ ឬ​អ្នកដឹកនាំ​ល្អ​មួយរូប​។

​ដូច្នេះ កុំ​ព្យាយាម​អង្គុយ​ស្រមៃ​ថា​ខ្លួន​បានធ្វើ​ធំ ខ្លួន​ក្លាយជា​អ្នកមាន  ទាំង​មិនបាន​គិតគូរ​ពង្រឹងសមត្ថភាព​ខ្លួនឯង និង​រៀបចំខ្លួន​ឲ្យ​ក្លាយជា​ជំពូក​មនុស្ស ដែល​អាចដឹកនាំ​គេ​។ កុំ​ព្យាយាម​ធ្វើជា​ជំពូក​មនុស្ស​គ្រាន់តែ​និយាយ ហើយ​ខ្វះ​ការ​ប្រតិ​ប​ត្ត ព្រោះ​អ្នកដឹកនាំ មិនមែនជា​ជំពូក​មនុស្ស​ដែល​គ្រាន់តែ​ទៅកាន់​តំណែង ហើយ​បញ្ជា​នោះទេ ប៉ុន្តែ​ជា​ក្រុមមនុស្ស​ដែល​ត្រូវ​ទទួលខុសត្រូវ​គ្រប់បែបយ៉ាង​ចំពោះ​បញ្ហា​។​


© រក្សាសិទ្ធិដោយ thmeythmey.com