អន្តរជាតិ
ប្រជាជន​ថៃ​នាំគ្នា​ស្លៀកពាក់​ពណ៌​ផ្កាឈូក បួងសួង​ឲ្យ​ស្ដេច​មាន​សុខ​ភាពល្អ​
12, Oct 2016 , 4:36 pm        
រូបភាព
​ប្រជាជ​ជន​ទូទាំងប្រទេស បានបង្ហាញ​ក្ដីបារម្ភ​របស់ខ្លួន ជុំវិញ​ស្ថានភាព​សុខភាព​មិន​ប្រសើរ​របស់​មហាក្សត្រ ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត (Bhumibol Abdulyadej) បន្ទាប់ពី​រាជវាំង​ថៃ​ប្រកាសថា ព្រះអង្គ​កំពុងស្ថិត​ក្នុងស្ថានភាព​មិន​នឹងនរ ក្រោយ​ទទួល​ការព្យាបាល​ព្រះរោគ​រួចមក​។ ប្រជាជន​ថៃ​ជាច្រើន រួមទាំង​នាយករដ្ឋមន្ត្រី និង​កងទ័ព​ផង​នោះ  បាន​ប្រមូល​ផ្ដុំគ្នា​នៅ​រាជវាំង ដើម្បី​បន់ស្រន់​ឲ្យ​សុខភាព​មហាក្សត្រ​អង្គ​នេះ​ប្រសើរ​ឡើងវិញ​។​



សូមស្ដាប់ព័ត៌មានលម្អិត៖




​ខណៈដែល​សុខភាព​ស្ដេច ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត មិនល្អ​នោះ ប្រជាជន​ថៃ​នាំគ្នា​ស្លៀក​សម្លៀកបំពាក់​ពណ៌​ផ្កាឈូក ដើម្បី​បន់ស្រន់​ឲ្យ​មហាក្សត្រ​ដែល​គ្រងរាជ្យ​យូរ​ជាងគេ​អង្គ​នេះ ត្រឡប់​ទៅ​ស្ថានភាព​ប្រក្រតី​វិញ​។ ជាមួយគ្នានេះ ប្រជាជន​ថៃ​ជាច្រើន ក៏​នាំគ្នា​សម្រុក​ទៅកាន់​រាជវាំង ដើម្បី​ថ្វាយព្រះពរ​ដល់​មហាក្សត្ររ​បស់​គេ តាមរយៈ​ការសរសេរ​ពាក្យ​បន់ស្រន់​លើ​សៀវភៅ​ថ្វាយព្រះពរ ដែល​រៀបចំ​ដោយ​រាជវាំង​ដែរ​។  

​នៅ​ថ្ងៃទី​១១ ខែតុលា នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ក្រុម​យោធា និង​សមាជិក​រដ្ឋាភិបាល​ដទៃ​ទៀត ក៏បាន​ទៅកាន់​រាជវាំង ដើម្បី​បន់ស្រន់ ជាមួយ​ប្រជាជន​ដទៃទៀត​។ មិន​ត្រឹមតែ​រាជធានី​បាងកក​ឡើយ នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ ក៏មាន​ពិធី​បន់ស្រន់​ដូចគ្នានេះដែរ ក្នុង​គោលដៅ​បង្ហាញ​ការបារម្ភ និង​ការស្រឡាញ់​ចំពោះ​មហាក្សត្រ​អង្គ​នេះ​។​

​ប្រជាជន​ថៃ​មានជំនឿថា ពណ៌​ផ្កាឈូក គឺជា​ពណ៌​ល្អ​សម្រាប់​ស្ដេច​អង្គ​នេះ ហើយ​ការ​ស្លៀកពាក់​ពណ៌​ផ្កាឈូក នឹង​ជួយ​ឲ្យ​សុខភាព​មហាក្សត្រ​ថៃ​កាន់តែ​រឹងមាំ​ថែមទៀត​។ តាមពិតទៅ ជំនឿ​បែបនេះ លេចឡើង​កាលពី​ប៉ុន្មាន​ឆ្នាំមុន បន្ទាប់ពី​ក្រុម​ហោរា​រាជវាំង​ថៃ ចាត់ទុកជា​ពណ៌​ផ្កាឈូក ជា​ពណ៌​មង្គល​មួយ ហើយ​ចាប់ពីពេលនោះ​មក មហាក្សត្រ ភូមិបុល ក៏បាន​ប្រើ​សម្លៀកបំពាក់​ពណ៌​ផ្កាឈូក​ជា​ញឹកញយ​ដែរ​។

​ក្រោយ​ការប្រកាស​ព័ត៌មាន​ពី​សុខភាព​ស្ដេច ភូមិបុល មក​នោះ ប្រជាជន​ថៃ​ជាច្រើន ក៏​នាំគ្នា​ទៅកាន់​មន្ទីរពេទ្យ Siriraj ជាទី​ដែល​មហាក្សត្រ​ដែល​ត្រូវបាន​ប្រជាជន​ថៃ​គោរព​ដូច​អាទិទេព ចំណាយពេល​ភាគច្រើន​ដើម្បី​ព្យាបាល​ព្រះរោគ​ជាច្រើន​មុខ​នោះ​។ កាសែត​បាងកក​ប៉ុស្តិ៍​ផ្សាយ​ថា ពួកគេ​ទាំងនោះ បាន​ស្លៀក​សម្លៀកបំពាក់​ពណ៌​ផ្កាឈូក សម្រាប់​បន់ស្រន់​ដែរ​។​

​អស់​ពេល​ជា​យូរ​មកហើយ បញ្ហា​សុខភាព​របស់​មហាក្សត្រ ភូមិបុល គឺជា​រឿងនេះ​ធ្វើ​ឲ្យ​ប្រជាជន​ថៃ​ព្រួយបារម្ភ​យ៉ាងខ្លាំង ជាពិសេស​លើ​បញ្ហា​ការ​ស្នងរាជ្យ​តែម្ដង​។ រាជទាយាទ Maha Vajiralongkorn ក៏​មិនសូវមាន​ប្រជាប្រិយ​ភាពខ្លាំង ហើយ​ថែមទាំង​សម្បូរ​រឿង អាស្រូវ​ទៀតផង​។ លើសពីនោះ បញ្ហា​សុខភាព​នេះ ថែមទាំង​ប៉ះពាល់​ដល់​វិបត្តិ​នយោបាយ​ទៀតផង ដ្បិត​យោធា ដែល​ស្មោះត្រង់​ចំពោះ​ស្ដេច​នោះ នៅតែ​បន្ត​កាន់អំណាច និង​រឹតត្បិត​សិទ្ធិសេរីភាព​ប្រជាជន​ដដែល​៕


Tag:
 ថៃ​
  Bhumibol Abdulyadej
© រក្សាសិទ្ធិដោយ thmeythmey.com