អន្តរជាតិ
របប​ស៊ី​រី​ចោទ​លោក បាន គី​មូ​ន ថា បំផ្លាញ​មុខមាត់​របស់ UN
12, Oct 2016 , 9:19 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន (រូបភាព Xinhua)
អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន (រូបភាព Xinhua)
​របប​ស៊ី​រី​របស់​ប្រធានាធិបតី បាស​សា អាល់​អាសាដ បាន​រិះគន់​ខ្លាំងៗ​ដាក់​ប្រមុខ​អង្គការសហប្រជាជាតិ បាន គី​មូ​ន ដែល​បាន​បំផ្លាញ​មុខមាត់​របស់​អង្គការសហប្រជាជាតិ​។ របប​ស៊ី​រី ថែមទាំង​ចោទ​ប្រមុខ​អង្គការសហប្រជាជាតិ​ដែល​ត្រូវផុត​អាណត្តិ ជុំវិញ​ការពារ​ក្រុម​ភេរវជន និង​ក្លាយជា​ឧបករណ៍​ប្រើ​សម្រាប់​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ទៀតផង​។​



​ក្រុង​ដា​ម៉ាស់ នៅ​ថ្ងៃទី​១១ ខែតុលា បាន​ចោទប្រកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ច​ប់​អាណត្តិ បាន គី​មូ​ន ថា បាន​បំផ្លាញ​កិត្តិយស​របស់​អង្គការ​ពិភពលោក ដោយបាន​លម្អៀង​ទៅរក​ក្រុម​ម្ខាងៗ​ក្នុង​ជម្លោះ​នៅ​ជុំវិញ​ពិភពលោក ជាពិសេស​ជម្លោះ​នៅ​ស៊ី​រី និង​យេ​ម៉ែន​។ របប​ស៊ី​រី ក៏​បន្ទោ​សលោក បាន គី​មូ​ន ដែល​បរាជ័យ​ក្នុងការ​ការពារ​សុច្ចរិត ឯករាជ្យ និង ភាពស្មោះត្រង់​របស់​អង្គការសហប្រជាជាតិ ក្នុង​អាណត្តិ​របស់លោក​។​

​ប្រភពពី​ក្រសួងការបរទេស​ស៊ី​រី និយាយថា លោក បាន គី​មូ​ន បាន​បំផ្លាញ​មុខមាត់​របស់​អង្គការសហប្រជាជាតិ ដោយ​គាំទ្រ​ភាគី​ម្ខាងៗ​នៅក្នុង​ជម្លោះ និង​មិនបាន​ប្ដេជ្ញាចិត្ត​ដើម្បី​ដោះស្រាយ​ជម្លោះ ស្របតាម​គោលការណ៍​របស់​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ឡើយ​។ ប្រភព​ដដែល​បន្តថា លោក បាន គី​មូ​ន គួរ​ទទួលខុសត្រូវ​ទាំង​ផ្នែក​ច្បាប់ និង​សីល​ធ៌ ចំពោះ​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​ស៊ី​រី ដ្បិត​លោក​អនុវត្តតាម​គោលនយោបាយ​ប្រទេស​ខ្លះ ប្រឆាំង​ក្រុង​ដា​ម៉ាស​។​

​បើតាម​សារព័ត៌មាន RT មន្ត្រី​ក្រសួងការបរទេស​ស៊ី​រី​ដែល​មិន​បញ្ចេញ​អត្តសញ្ញាណ បន្ត​ចោទ​អគ្គលេខាធិការ​ជនជាតិ​កូរ៉េខាងត្បូង​ទៀតថា បានផ្ដល់​ការការពារ​ផ្នែក​នយោបាយ​ឲ្យ​ភេរ​វករ និង​ជួយ​ធ្វើ​សកម្មភាព​ប្រឆាំង​ស៊ី​រី ដោយបាន​ថ្លែងការណ៍​គ្មាន​មូលដ្ឋាន​ទៀតផង​។ លើសពីនោះ មុខមាត់​របស់​អង្គការសហប្រជាជាតិ ក៏ត្រូវ​បំផ្លាញ ក្រោយ​ដក​អា​រ៉ា​ប៊ី​សា​អូឌីត និង​សម្ព័ន្ធមិត្ត​ចេញពី​បញ្ជី​រដ្ឋ​រំលោភសិទ្ធិ​កុមារ​នោះ​។​

​ដោយឡែក ប្រមុខ​អង្គការសហប្រជាជាតិ បាន គី​មូ​ន ក៏​ចោទប្រកាន់​របប​លោក អាសាដ ចំពោះ​ការស្លាប់​របស់​ប្រជាជន​ស៊ី​រី​រាប់ម៉ឺន​នាក់​នោះ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​អាល្លឺម៉ង់ Deutsche Welle នៅ​ថ្ងៃទី​១១ ខែតុលា លោក បាន គី​មូ​ន និយាយថា វា​ជា​ការពិត​ដែល​បរាជ័យ​ក្នុងការ​ដឹកនាំ​របស់លោក អាសាដ នាំ​ឲ្យ​មនុស្ស​ជាង​បី​សែន​នាក់​បាត់​បង់ជីវិត​ក្នង​ជម្លោះ​ដែល​ផ្ទុះ​ចេញពី​ឆ្នាំ​២០១១​មក​នោះ​។​

​ជម្លោះ​នៅ​ស៊ី​រី ដែល​បន្ត​មកដល់​សព្វ​ថ្ងៃ នៅតែ​រក​ច្រកចេញ​មិនឃើញ ស្របពេល​មហាអំណាច​ស​មា​ជិ​ក​ក្រុមប្រឹក្សាសន្តិសុខ​កំពុង​ហែកហួរ​គ្នា​ទៅវិញទៅមក​ដោយសារ​ជម្លោះ​ស៊ី​រី ហើយ​គ្មាន​ដំណោះស្រាយ​ណាមួយ​ត្រូវបាន​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល នេះ​ដាក់ចេញ​ដើម្បី​ឆ្លើយ​គ្រោះមហន្តរាយ​មនុស្សជាតិ​ដែល​កើតឡើង​នៅ​ស៊ី​រី​ឡើយ​។ រុស្ស៊ី​ប្រើប្រាស់​សិទ្ធិ​ជំទាស់ ទាត់ចោល​ដំណោះស្រាយ​ព្រាង​ឡើង​ដោយ​បារាំង ហើយ​លោកខាងលិច​ក៏​ទាត់ចោល​ដំណោះស្រាយ​របស់​រុស្ស៊ី​ដូចគ្នា​។

​ក្តីសង្ឃឹម​របស់​ប្រជាជន​ស៊ី​រី​ដែល​រងគ្រោះ​និង​ទន្ទឹងរង់ចាំ​ការសង្គ្រោះ​នោះ ប្រហែល​រលាយ​រលត់​អស់ ដោយសារតែ​ភាព​អាត្មានិយម និង​គ្មាន​ការទទួលខុសត្រូវ​រប​ស់​មហាអំណាច​ទាំងអស់​នេះឯង​។ ប្រជាជន​ស៊ី​រី​ដែលជា​ជនរងគ្រោះ​ពិតប្រាកដ​ឯណោះ​បាន​ត្រឹម​ផ្ញើ​ក្តីសង្ឃឹម​លើ​មេឃ​លើ​ផ្កាយ ទាំង​ដែល​ខ្លួន​គ្មាន​សិទ្ធិ​សម្រេច​ជោគវាសនា​ខ្លួនឯង​សូម្បី​បន្តិច​។ ប្រជាជន​២៥០០០០​នាក់​រស់នៅ​ក្រុង Aleppo ដែល​រងគ្រោះ​ខ្លាំងជាងគេ​នោះ​ប្រហែលជា​បាន​ត្រឹម​សង្ឃឹម​ប៉ុណ្ណោះ​៕


Tag:
 ស៊ី​រី​
  UN
  Ban Ki Moon
© រក្សាសិទ្ធិដោយ thmeythmey.com