អន្តរជាតិ
Duterte៖ ប្រសិន​ខ្ញុំ​ឈប់​គោរព​អ្នក​ហើយ ត្រៀមខ្លួន​ទទួល​បណ្ដាសារ​ទៅ​!
13, Oct 2016 , 7:39 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (រូបភាព Rappler)
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (រូបភាព Rappler)
​ជាថ្មី​ម្ដងទៀត ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​ព្រមាន​ខ្លាំងៗ​លើ​ក្រុម​អ្នក​រិះគន់​លោក ដោយ​រួមទាំង​អាមេរិក និង​សហភាព​អឺរ៉ុប ជុំវិញ​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​ចេញពី​សង្គម​ហ្វីលីពីន​។ ប៉ុន្តែ​ប្រធានាធិបតី​ហ្វីលីពីន បែរជា​សរសើរ​ចិន​ដោយ​ចំហ ព្រោះ​ចិន​បាន​ជួយ​សាងសង់​មជ្ឈមណ្ឌល​ស្ដារនីតិសម្បទា សម្រាប់​ជួយសង្គ្រោះ​អ្នកប្រើប្រាស់​គ្រឿងញៀន​ជាច្រើន​កន្លែង​។​



​បុរស​ខ្លាំង​ហ្វីលីពីន Rodrigo Duterte បាន​គំរាម​ប្រើពាក្យ​អសុរោះ និង​ដាក់​បណ្ដាសារ អ្នក​រិះគន់​លោក​លើ​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​នៅ​ទូទាំងប្រទេស​។ អាមេរិក សហភាព​អឺរ៉ុប និង​អង្គការសហប្រជាជាតិ ព្រមទាំង​អ្នកនយោបាយ​ហ្វីលីពីន​ខ្លះ ត្រូវគេ​មើលឃើញថា បាន​រិះគន់​លោក Duterte មិន​សំចៃមាត់ ដោយសារតែ​រឿង​បង្ក្រាប​គ្រឿងញៀន​នេះ​។

​ថ្លែង​ទៅកាន់​ក្រុម​ទាហាន​នាឱកាស​ខួប​លើក​ទី​១១៥​ឆ្នាំ នៃ​កំណើត​ឆ្មាំ​ការពារ​ឆ្នេរ ប្រធានាធិបតី​ហ្វីលីពីន​បាន​ព្រមាន​អ្នក​រិះគន់​លោក​ថា​៖ «​ប្រសិនបើ​ខ្ញុំ​ឈប់​គោរព​អ្នក​ទៀតហើយ ត្រៀមខ្លួន​ទទួលយក​រឿង​អាក្រក់ៗ​ទៅ​។ ខ្ញុំ នឹង​ប្រទេចផ្ដាសា​អ្នក​ឲ្យ​ច្រើនៗ​។​»

​ឆ្លៀតពេល​ដដែល​នោះ លោក​ប្រធានាធិបតី Duterte ក៏​មិន​ភ្លេច​រិះគន់​អាមេរិក និង​អង្គការសហប្រជាជាតិ ដែល​បានបង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ចំណាត់ការ​របស់លោក​។ លោក Duterte ក៏បាន​ព្រលះ​អ្នក​រិះគន់​លោក ចំពោះ​ទង្វើ​ដែល​លោក​ហៅថា «​សកម្មភាព​ឆ្កួតៗ​» ដ្បិត​ពួកគេ​នាំគ្នា​យក​ការមិន​ពេញ​របស់​ពួកគេ ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​ទៅវិញ​។   
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ប្រធានាធិបតី​ហ្វីលីពីន ក៏​សរសើរ​ចិន ដែល​ជួយ​ហ្វីលីពីន ដោះស្រាយ​គ្រឿងញៀន ជាជាង​អង្គុយចាំ​រិះគន់​ដូច​អាមេរិក និង​អង្គការសហប្រជាជាតិ ហើយ​លោក​ចាត់ទុក​ទង្វើ​របស់​ចិន ជា​អ្វី​មិត្តភក្តិ​គួរតែ​ធ្វើ​។ លោក​បញ្ជាក់ថា ប្រសិនបើជា​មិត្ត​នឹង​គ្នា អ្វីដែល​គួរ​ធ្វើ​នោះ គឺ​ការកសាង​មជ្ឈមណ្ឌល ដែល​អាច​ទទួល​អ្នក​ប្រើ​គ្រឿងញៀន​ឲ្យ​បាន​១៦០០​នាក់​។​

​បើតាម​សារព័ត៌មាន Rappler លោក Duterte និយាយ​ដូច្នេះ ដោយ​សំដៅលើ​មជ្ឈមណ្ឌល​ស្ដារនីតិសម្បទា​សម្រាប់​អ្នកញៀន​ថ្នាំ និង​បន្ទាយ​ទាហាន ដែល​ចិន​ជា​អ្នកផ្ដល់​ហរិញ្ញវត្ថុ​សម្រាប់​ការសាងសង់​នោះ​។ ជាមួយគ្នា​នោះ ក្រសួងសុខាភិបាល​ហ្វីលីពីន ក៏​បញ្ជាក់ដែរថា មជ្ឈមណ្ឌល​ស្ដារនីតិសម្បទា ដែល​អាច​ទទួល​ជនរងគ្រោះ​មួយ​ម៉ឺន​នាក់ និង​ផ្ដល់ជំនួយ​ដោយ​ពាណិជ្ជករ​ចិន នឹង​ដំណើរការ​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​ផងដែរ​៕ 


Tag:
 ហ្វីលីពីន​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com