អន្តរជាតិ
សមុទ្រ​ចិន​ខាងត្បូង​៖ មេទ័ព​ចិន ប្រាប់​អូស្ត្រាលី​ឲ្យ​ប្រយ័ត្ន​សម្ដី​និង​សកម្មភាព​
13, Oct 2016 , 8:39 pm        
រូបភាព
មន្ត្រីយោធាជាន់ខ្ពស់ចិន និងអូស្រា្តលី ជួបពិភាក្សាគ្នា (រូបភាព Xinhua)
មន្ត្រីយោធាជាន់ខ្ពស់ចិន និងអូស្រា្តលី ជួបពិភាក្សាគ្នា (រូបភាព Xinhua)
​មន្ត្រី​យោធា​ជាន់ខ្ពស់​ចិន បាន​ប្រាប់​ចំៗ​ឲ្យ​អូស្ត្រាលី ត្រូវ​ប្រើប្រាស់​ពាក្យសម្ដី ក៏ដូចជា​ធ្វើ​សកម្មភាព​ឲ្យ​ប្រយ័ត្នប្រយែង​ពាក់ព័ន្ធ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ចិន ប្រាប់​អូស្ត្រាលី​ដូចនេះ ដ្បិត​នាពេល​កន្លងមក អូស្ត្រាលី ដែល​មិន​ជាប់​ពាក់ព័ន្ធ​អ្វី​សោះ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បាន​បញ្ជូន​យន្តហោះ​ឈ្លប​ការណ៍ មកកាន់​ដែនសមុទ្រ​មាន​ជម្លោះ​នេះ ព្រមទាំង​គាំទ្រ​អនុវត្ត​សេរីភាព​នាវាចរណ៍​របស់​អាមេរិក​នៅ​តំបន់​នោះ​ទៀតផង​។​



សូមស្ដាប់ព័ត៌មានលម្អិត៖




​អនុប្រធាន​គណៈកម្មកា​រ​យោធា​មជ្ឈិម​ចិន លោក​ឧ​ត្ត​ម​សេនីយ៍ Fan Changlong បាន​ជួប​ជាមួយ​ប្រមុខ​កងទ័ព​អូស្ត្រាលី លោក​ឧ​ត្ត​ម​សេនីយ៍ Mark Binskin នៅ​រដ្ឋធានី​ប៉េកាំង នៅក្រៅ​វេទិកា Xiangshan ។ ឆ្លៀត​ពេលនោះ មេទ័ព​ចិន ក៏បាន​លើកឡើង​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែល​អូស្ត្រាលី​ជា​រដ្ឋ​ខាងក្រៅ​ជម្លោះ លូកដៃ​ចូល​ដែរនោះ​។  

​ក្នុងជំនួប​នៅ​ថ្ងៃទី​១២ ខែតុលា លោក​ឧ​ត្ត​ម​សេនីយ៍ Fan Changlong បានបង្ហាញ​ក្ដីសង្ឃឹម​ថា អូស្ត្រាលី​នឹង​និយាយស្ដី ក៏ដូចជា​ធ្វើ​សកម្មភាព​អ្វីមួយ ឲ្យ​ប្រុងប្រយ័ត្ន ទាក់ទង​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ លោក​ឧ​ត្ត​ម​សេនីយ៍​រូបនេះ​បញ្ជាក់ទៀតថា ទាំង​ពាក្យសម្ដី និង​សកម្មភាព​នោះ ក៏​ត្រូវតែ​ស្របគ្នា​ដែរ​។ ពោល គឺ​មិនត្រូវ​និយាយ​ផ្សេង តែ​ទៅធ្វើ​សកម្មភាព​អ្វី​ផ្សេង​ខុសពី​ពាក្យសម្ដី​ទាំងនោះ​ឡើយ​។

​យោងតាម​ការផ្សាយ​រប​ស់​ក្រសួងការពារជាតិ​ចិន ទន្ទឹមនឹង​ការ​ប្រាប់​ឲ្យ​អូស្ត្រាលី​ប្រយ័ត្ន​សម្ដី​នោះ លោក​ឧ​ត្ត​ម​សេនីយ៍ Fan Changlong ក៏បាន​បង្ហាញ​បំណង​ចង់បាន​ទំនាក់ទំនង​ល្អ​រវាង​កងទ័ព​អូស្ត្រាលី និង​កងទ័ព​រំដោះប្រជាជន​ចិន​ដែរ​។ ឧ​ត្ត​ម​សេនីយ៍​ចិន​រូបនេះ​បាន​សរសើរ​កិច្ចសន្ទនា​ជា​យុទ្ធសាស្ត្រ​របស់​កងទ័ព​ទាំងពីរ ដោយ​លោក​បាន​លើក​ឡើ​ថា យោធា​មកពី​ភាគី​ទាំងពីរ​បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​ផងដែរ​។​

​ជារឿយៗ អូស្ត្រាលី​តែង​បង្ហាញ​ការគាំទ្រ​ប្រតិបត្តិការ​នៃ​សេរីភាព​នាវាចរណ៍​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​ដឹក​នាំមុខ​ដោយ​អាមេរិក​។ ជាមួយនឹង​ការប្រកាស​គាំទ្រ​នេះ អូស្ត្រាលី​ហាក់ដូចជា​មិន​ខ្វល់​នឹង​ចិន​នោះទេ​។ ក្រុង​ប៉េកាំង​ធ្លាប់​ប្រកាសថា សកម្មភាព​របស់​អាមេរិក បាន​គំរាមកំហែង​ដល់​អធិបតេយ្យ និង​សន្តិសុខ របស់​ចិន បង្ក​គ្រោះថ្នាក់​ដល់​ប្រជាជន​និង សំណង់​នៅ​កោះ ក៏ដូចជា​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​នៅ ក្នុង​តំបន់​ផងដែរ​។

​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​រវាង ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ចិន​។ ជម្លោះ​នេះ​មានការ​ប្រឈមមុខ​យ៉ាងខ្លាំង ខណៈ​ដំណោះស្រាយ​លើ​ជម្លោះ​នេះ មិនទាន់​លេច​ជា​រូបរាង​នោះឡើយ​។ ហើយ​ការ​លូកដៃ​របស់​អាមេរិក​ក៏​ធ្វើ​ឲ្យ​ជម្លោះ​កាន់តែ​ក្ដៅ តែ​មិនមែន​រវាង​ចិន និង​ប្រទេស​ទាមទារ​ផ្សេងទៀត​នោះទេ គឺ​រវាង​ចិន​និង​អាមេរិក​ទៅវិញ​៕


Tag:
 ចិន​
  អូស្ត្រាលី​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com