អន្តរជាតិ
ស្ដេច​ប៊ូ​តង់​ប្រកាសកាន់ទុក្ខមួយថ្ងៃចំពោះការចូល​ទិវង្គតរបស់់​មហាក្សត្រ​ថៃ​
13, Oct 2016 , 10:59 pm        
រូបភាព
 ប្រទេស​ប៊ូ​តង់ នឹង​កាន់ទុក្ខ​រយៈពេល​មួយថ្ងៃ គឺ​នៅ​ថ្ងៃទី ១៤ ខែតុលា ដើម្បី​បង្ហាញ​ការរម្លែក​ទុក្ខ​ចំពោះ​មរណទុក្ខ​មហាក្សត្រ​ថៃ ព្រះ​ចៅ​ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត ដែល​សោយ​ទិវង្គត នៅ​ថ្ងៃទី​១៣ ខែតុលា​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​មហាក្សត្រ​ប៊ូ​តង់ Jigme Khesar Namgyel Wangchuck​។​

 ភ្លាមៗ​បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ការចូល​ទិវង្គត​នៃ​ព្រះមហាក្សត្រ​ថៃ ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត ស្ដេច​ប៊ូ​តង់ Jigme Khesar Namgyel Wangchuck សមាជិក​រាជវង្ស​ដទៃទៀត និង​សមាជិក​រដ្ឋាភិបាល​ប៊ូ​តង់ បាន​ដឹកនាំ​ពិធី​ដុត​ទៀន ធូប និង​បន់ស្រន់​ចំពោះ​ការចូល​ទិវង្គត​របស់​មហាក្សត្រ​ថៃ​។
 មហាក្សត្រ​ប៊ូ​តង់ ក៏​បញ្ជា​ឲ្យ​គេ​ដុត​ធូប​ទៀន​នៅតាម​វិហារ និង​ទីសក្ការៈ​ផ្សេងទៀត នៅ​ទូទាំងប្រទេស​ផងដែរ​។ ជាមួយគ្នា​នោះ ស្ដេច​ប៊ូ​តង់ ក៏​ប្រកាស​កាន់ទុក្ខ​ទូទាំងប្រទេស​រយៈពេល​មួយថ្ងៃ ពោលគឺ​ថ្ងៃទី​១៤ ខែតុលា ហើយ​ទង់ជាតិ​ប៊ូ​តង់ ក៏​នឹង​ត្រូវគេ​បង្ហូត​ពាក់កណ្ដាល​ដង​ដែរ​ដើម្បី​បង្ហាញ​ពី​ការសម្តែង​មរណទុក្ខ​។​
 
 សាលារៀន និង​ការិយាល័យ​នានា ក៏ត្រូវ​បិទ​ដែរ ដើម្បី​ទុក​ឱកាស​ឲ្យ​ប្រជាជន​បាន​ចូលរួម​ពិធី​កាន់ទុក្ខ​នេះ​។ កា​ដុត​ទៀន​នឹង​បន្ត​រហូត ៧​ថ្ងៃ​នៅតាម​ទី​សក្ការៈទាំ​ងអស់ទូទាំង​ប្រទេស​​។ 
 
​បើតាម​ការប្រកាស​ដដែល​នេះ ស្ដេច​ប៊ូ​តង់​ចាត់ទុក​មហាក្សត្រ​ថ្មី ជា​មេដឹកនាំ​អស្ចារ្យ​សម្រាប់​ប្រជាជន​ថៃ​។ ហើយ​ប្រជាជន​ប៊ូ​តង់ ក៏​សោកសង្រេង​យ៉ាងខ្លាំង​ដែរ​ចំពោះ​ការ​សោយ​ទិវង្គត​របស់​ព្រះ​ចៅ ភូមិបុល និង​សូម​រម្លែក​ទុក្ខ​នេះ​ជាមួយ​ប្រជាជន​ថៃ​ដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com