អន្តរជាតិ
អង់គ្លេស​ត្រូវ​ជ្រើស​រវាង​«​ចេញ​ឲ្យ​ផុត​» និង «​មិន​ចាកចេញ​តែម្ដង​»​ពី​សហភាព​អឺរ៉ុប​
14, Oct 2016 , 9:19 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី Theresa May បានប្រកាស​ហើយ​ថា រដ្ឋាភិបាល​លោកស្រី នឹង​ចាប់ផ្ដើម​អនុវត្តតាម​មាត្រា​៥០ នៃ​សន្ធិសញ្ញា Lisbon នៅ​ដើមឆ្នាំ​២០១៧ ដែល​នោះ​ជាការ​ចាប់ផ្ដើម​នៃ​រយៈពេល​ពីរ​ឆ្នាំ ក្នុង​ដំណើរ​ការចរចា​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​នោះ គឺ​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស ក្រោយ​ការចាកចេញ​ជា​ផ្លូវការ​នោះ​។ លោកស្រី May ចង់​ឲ្យ​អង់គ្លេស​នៅ​បន្ត​ចូលរួម​ក្នុង​ទីផ្សារ​តែមួយ​របស់​អឺរ៉ុប តែ​មេដឹកនាំ​អឺរ៉ុប​ចង់​ឲ្យ​អង់គ្លេស ចាកចេញ​ឲ្យ​ដាច់ស្រេច​។​



សូមស្ដាប់ព័ត៌មានលម្អិត៖





​ជិត​បួន​ខែ​មកហើយ អង់គ្លេស​បានសម្រេច​ចិត្ត​ចាក​ចេញពី​អឺរ៉ុប តាមរយៈ​ប្រជាមតិ​ដែលមាន​លទ្ធផល​៥២​ភាគរយ ទល់នឹង​៤៨​ភាគរយ​នោះ​។ ក្នុង​រយៈពេល​នេះ និង​រយៈពេល​ទៅមុខទៀត ចក្រភព​អង់គ្លេស នឹង​នៅតែ​បន្ត​ទទួលបាន​សិទ្ធិ និង​សេរី​ភាពជា​សមាជិក​សហ​ភាព​អឺរ៉ុប​ដដែល ដូចជា​ការប្រើប្រាស់​ទីផ្សារ​រួម​ជាដើម​ដរាបណា​អង់គ្លេស​មិនទាន់​ចាកចេញ​ក្នុងពេល​ពីរ​ឆ្នាំ​ទេនោះ​។

​នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី Theresa May ហាក់​នៅ​រារែក​ក្នុង​ការចរចា​ជាមួយ​អឺរ៉ុប ជុំវិញ​ការចាកចេញ​នេះ ដ្បិត​លោកស្រី ទំនងជា​ចង់​រៀបចំ​លក្ខខណ្ឌ​មួយចំនួន​សិន សម្រាប់​តទល់​ជាមួយ​អឺរ៉ុប​។ ជាការ​ពិត នាយករដ្ឋមន្ត្រី​អង់គ្លេស​រូបនេះ គាំទ្រ​ការចាកចេញ តែ​លោកស្រី ចង់បាន​ការចាកចេញ​ទន់ភ្លន់ (Soft Brexit)  ដែល​អង់គ្លេស​នៅតែ​អាច​បន្ត​ប្រើប្រាស់​ទីផ្សារ​អឺរ៉ុប ព្រម​គ្នា​នោះ​អង់គ្លេស​ក៏​ទទួលបាន​ស្វ័យភាព​លើ​ការងារ​អន្តោប្រវេសន៍​វិញ​ដែរ​។

​បន្ថែម​ពីលើ​នោះ ការចាកចេញ​ទន់ភ្លន់​ដែល​ក្រុម​ចង់​ឲ្យ​អង់គ្លេស​បន្ត​ជា​សមាជិក​អឺរ៉ុប​ចង់បាន​នោះ ក៏​នឹង​ផ្ដល់ឱកាស​ឲ្យ​មាន​លំហូរ​ទំនិញ​ចេញចូល​ដោយ​សេរី និង​មិន​ត្រូវបាន​ត្រួតពិនិត្យ​អ្វី​ឡើយ​។ ប៉ុន្តែ​ការចាកចេញ​របៀបនេះ មិនមែនជា​អ្វីដែល​មេដឹកនាំ​អឺរ៉ុប​ភាគច្រើន​ចង់បាន​ឡើយ​។ ក្រៅពី​ចង់​ឲ្យ​អង់គ្លេស​ចាកចេញ​ឲ្យ​បាន​ឆាប់ អឺរ៉ុប​ក៏​មិន​ចង់​ឲ្យ​អង់គ្លេស បន្ត​ពាក់ព័ន្ធ​លើ​ការប្រើប្រាស់​ទីផ្សារ​រួម​របស់ខ្លួន​ដែរ​។​

​សម្រាប់​មេដឹកនាំ​អឺរ៉ុប និង​អ្នកគាំទ្រ​ការចាកចេញ គឺ​ចង់​ឲ្យ​អង់គ្លេស​ចាកចេញ​ឲ្យ​ដាច់ស្រេច (Hard Brexit) មិនត្រូវ​ជាប់ទាក់ទង ឬក៏​បន្ត​ជាប់​ខ្លួន​នឹង​កិច្ចព្រមព្រៀង​ណាមួយ​របស់​អឺរ៉ុប​ទៀតឡើយ​។ នេះ​ក៏​ដោយសារតែ​សហភាព​អឺរ៉ុប ដែល​ប្រឈមមុខ​នឹង​ស្ថាន​ភាពមិនច្បាស់លាស់​ដោយ​សារ​ការចាកចេញ​រប​ស់​អងគ្លេស កំពុង​រិះរក​ច្រកចេញ ក៏ដូចជា​ចំណាត់ការ​បន្ទាប់​ទៀត​របស់ខ្លួន ក្រោយ​ការចាកចេញ​ដ៏​ភ្ញាក់ផ្អើល​របស់​អង់គ្លេស​។ 

១. ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​៖ អង់គ្លេស​មាន​ជម្រើស​ពីរ​គឺ មិន​ចាកចេញ ឬ​ចាកចេញ​ឲ្យ​ផុត​
​ខណៈដែល​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May ចង់បាន​ការចាកចេញ​ទន់ភ្លន់​នោះ (Soft Brexit) ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Donald Tusk បាន​ទាត់ចោល​លទ្ធភាព​ដែល​អង់គ្លេស​ចង់​បន្ត​ជា​សមាជិក​នៃ​ទីផ្សារ​តែមួយ​របស់​អឺរ៉ុប និង​មិន​ព្រម​បើកចំហ​ព្រំដែន​នោះ​។ លោក​ប្រកាស​ដាច់ខាត​ថា អឺរ៉ុប មិន​ចុះ​ញ៉ម​រឿង​លំហូរ​ប្រជាជន​ដោយ​សេរី​ជាមួយ​អង់គ្លេស​ឡើយ នៅពេល​អង់គ្លេស​ចាកចេញ​នោះ​។​

​ថ្លែង​ពី​ក្រុង​ព្រុ​ច​សែ​ល នៅ​ថ្ងៃទី​១៣ ខែតុលា ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​រូបនេះ និយាយថា ក្នុងករណី​ដែល​អង់គ្លេស​ចង់បាន​កា​រ​ចាកចេញ​តែ​បន្ត​នៅក្នុង​ទីផ្សារ​អឺរ៉ុប​នោះ អង់គ្លេស​មិនចាំបាច់​ចាកចេញ​ឡើយ​។ នេះ​ជា​លើកដំបូង ដែល​មេដឹកនាំ​អឺរ៉ុប​បង្ហាញ​ជំហរ​រឹងត្អឹង​ទៅកាន់​អង់គ្លេស ខណៈដែល​ការចរចា​រវាង​អឺរ៉ុប និង​ចក្រភព​អង់គ្លេស នៅ​មិនទាន់​ចាប់ផ្ដើម​ផង​នោះ ដ្បិត​គេ​ត្រូវ​រង់ចាំ​ក្រុង​ឡុង​ដ៍​អនុវត្តតាម​មាត្រា​៥០ សន្ធិសញ្ញា Lisbon សិន​។​

​បើតាម​កាសែត The Guardian លោក Donald Tusk បាន​ប្រាប់​សមាជិកសភា​អឺរ៉ុប​ថា វា​ជា​រឿង​ឥតប្រយោជន៍​ដែល​ត្រូវ​និយាយ​រឿង​ចាកចេញ តែ​ចង់​បន្ត​ប្រើប្រាស់​ទីផ្សារ​រួម​នោះ​។ វា​អាចជា​រឿង​ដែល​ពិបាក​ឲ្យ​ជឿថា អង់គ្លេស​អាច​មិន​ចាកចេញ​វិញ​នោះ តែ​វា​ជា​ជម្រើស​តែមួយគត់​។ ពោលគឺ​អង់គ្លេស មិនអាច​សោយសុខ​នៅក្នុង​អឺរ៉ុប​ដូច​ពេលកន្លងមក នៅពេលដែល​ខ្លួន​មិន​ចង់​បោះបង់​សិទ្ធិ​គ្រប់គ្រង​លើ​គោលនយោបាយ​អន្តោរ​ប្រវេសន៍ និង​គោលការណ៍​ផ្សេង​ទៀតឡើយ​។​

២. ស្កុ​តលែ​ន ចាក​ចេញពី​ចក្រភព​អង់គ្លេស បើ​អង់គ្លេស​ចាកចេញ​តាម Hard Brexit
​រដ្ឋមន្ត្រី​ទីមួយ​ស្កុ​តលែ​ន លោកស្រី Nicola Sturgeon បាន​ព្រមាន​ថា ស្កុ​តលែ​ន នឹង​ចាក​ចេញពី​ចក្រភព​អង់គ្លេស មុន​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប ប្រសិនបើ​អង់គ្លេស មិនអាច​បន្ត​ប្រើប្រាស់​ទីផ្សារ​រួម​របស់​អឺរ៉ុប​ទេនោះ​។ មិនតែប៉ុណ្ណោះ លោកស្រី ក៏​ប្រកាស​ពី​សេចក្ដីព្រាងច្បាប់​ប្រជាមតិ​ឯករាជ្យ​ថ្មី​មួយទៀត​ដែរ ហើយ​នេះ​ពិត​ជាការ​គំរាម​ខ្លាំង​ដល់​រដ្ឋាភិបាល​លោកស្រី Theresa May​។​

​ថ្លែង​ក្នុង​សន្និបាត​បក្ស​នៅក្នុង​ទីក្រុង Glasgow លោកស្រី Sturgeon បញ្ជាក់ថា ប្រជាមតិ​ថ្មី​នេះ នឹង​ដូច​ប្រជាមតិ​ចាស់​ឡើយ ដ្បិត​ស្កុ​តលែ​ន មិនអាច​បោះបង់​ប្រយោជន៍​របស់ខ្លួន​នៅក្នុង​អឺរ៉ុប​បានឡើយ​។ លោកស្រី​បន្តថា ស្កុ​តលែ​ន អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ពិចារណា​រឿង​ឯករាជ្យ​របស់ខ្លួន ជាជាង​ផ្ញើ​វាសនា​លើ​អង់គ្លេស​នោះ​។​

​ជាការ​ពិត ប្រសិនបើ​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប ហើយ​បាត់បង់​សិទ្ធិ​ក្នុង​ទីផ្សារ​រួម​មែន​នោះ ស្កុ​តលែ​ន​ក៏​រងគ្រោះ​ដែរ​។ នេះ​ក៏​ដោយសារតែ​ស្កុ​តលែ​ន​ជា​រដ្ឋ​ចំណុះ​ចក្រភព​អង់គ្លេស ហើយ​ការសម្រេច​ណាមួយ​លើ​ចក្រភព​អង់គ្លេស ក៏មាន​ឥទ្ធិពល​ខ្លាំង​ដល់​ស្កុ​តលែ​ន​ដែរ​។ ហើយ​តាំងពីដើម​មក​នោះ ប្រជាជន​ស្កុ​តលែ​ន​ភាគច្រើន​មិន​គាំទ្រ​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស​ពី​អឺរ៉ុប​ឡើយ​។​

​ចុងក្រោយ​នោះ ជាមួយនឹង​ការប្រកាស​ដាច់​ណាត់​របស់​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប នាយករដ្ឋមន្ត្រី​អង់គ្លេស ប្រហែលជា​រង​សម្ពាធ​ខ្លាំង​ក្នុង​ការចរចា​ជាមួយ​អឺរ៉ុប ដែល​ត្រូវ​ចាប់ផ្ដើម​នៅពេល​ខ្លួន​អនុវត្តតាម​មាត្រា​៥០​នោះ​។ អង់គ្លេស អាច​នឹង​បាត់បង់​សិទ្ធិ​ប្រើប្រាស់​ទីផ្សារ​តែមួយ​របស់​អឺរ៉ុប ដូចដែល​ខ្លួន​កំពុង​ប្រើ​បច្ចុប្បន្ន ក៏ដូចជា​អត្ថប្រយោជន៍​ផ្សេងទៀត​រួមទាំង​ការយកពន្ធ និង​លំហូរ​ពលករ​ជាដើម​៕ 


Tag:
 អឺរ៉ុប​
  Brexit
© រក្សាសិទ្ធិដោយ thmeythmey.com