អន្តរជាតិ
រាជទាយាទ Maha Vajiralongkorn ប្រាប់​ប្រជាជន​ថៃ​កុំ​បារម្ភ​រឿង​ពន្យារពេល​គ្រងរាជ្យ​
16, Oct 2016 , 1:12 pm        
រូបភាព
បន្ទាប់ពី​ការ​សោយ​ទិវង្គត​មហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត គេ​រំពឹងថា រាជទាយាទ Maha Vajiralongkorn នឹង​ឡើង​គ្រងរាជ្យ​ភ្លាមៗ ទៅតាម​រដ្ឋធម្មនុញ្ញ​ថៃ​។ ប៉ុន្តែ​រាជទាយាទ​អង្គ​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​ទៅវិញ បន្ទាប់ពី​ទ្រង់​ពន្យារពេល​គ្រងរាជ្យ​នេះ ព្រោះ​ចង់​កាន់ទុក្ខ​បិតា​សិន​។ យ៉ាងណា​ចុងក្រោយ​នេះ រាជទាយាទ Maha Vajiralongkorn បាន​ទទូច​ឲ្យ​ប្រជាជន​ថៃ មិនចាំបាច់​បារម្ភ​អ្វី​លើ​បញ្ហា​នេះឡើយ​។​

 
​នាយករដ្ឋមន្ត្រី​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​១៥ ខែតុលា និយាយថា ខ្លួន​លោក និង​ប្រធាន​ឧ​ត្ត​ម​ប្រឹក្សា​មហាក្សត្រ Prem Tinsulanonda ត្រូវបាន​រាជទាយាទ Maha Vajiralongkorn ហៅចូល​គាល់ ដើម្បី​ពិភាក្សា​រឿង​ពន្យារពេល​ឡើងគ្រងរាជ្យសម្បត្តិ​នេះ​។ លោក ប្រា​យុទ្ធ និយាយទៀតថា រាជទាយាទ បានស្នើ​ឲ្យ​ប្រជាជន​ថៃ បន្ត​ស្ថិតក្នុង​ស្ថានភាព​ស្ងប់ស្ងៀម និង​កុំ​ព្រួយបារម្ភ​អ្វី​ទាំងអស់​។​
 
​ការប្រកាស​ពន្យារពេល​ឡើងគ្រងរាជ្យសម្បត្តិ ដែល​ឈានទៅដល់​ការតែងតាំង​ស្ដេច​រា​ជានុ​សិទ្ធិ បាន​បង្ក​ការព្រួយបារម្ភ​ជុំវិញ​ស្ថាន​ភាពមិនច្បាស់លាស់​រប​ស់​ប្រទេស ក្រោយ​ការចូល​ទិវង្គត​របស់​មហាក្សត្រ ភូមិបុល​។ តាមពិត រាជទាយាទ Maha Vajiralongkorn ត្រូវបានតែងតាំង​ជា​អ្នក​ស្នងរាជ្យ​ជា​យូរ​មកហើយ តែ​រាជទាយាទ​អង្គ​នេះ បានប្រកាស​ពន្យារពេល ដើម្បី​កាន់ទុក្ខ​សិន មុននឹង​ឡើង​គ្រងរាជ្យ​នោះ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ជាមួយនឹង​ការពន្យារ​ពេលនេះ ប្រធាន​ឧ​ត្ត​ម​ប្រឹក្សា​មហាក្សត្រ​ថៃ Prem Tinsulanonda ក៏ត្រូវ​បានប្រកាស​ជា​ស្ដ​ច​រា​ជានុ​សិទ្ធិ​តែម្ដង ដើម្បី​មើល​ការខុសត្រូវ​ប្រទេសជាតិ មុននឹង​ស្ដេច​ថ្មី​គ្រងរាជ្យសម្បត្តិ​។ លោក Prem គឺជា​អ្នក​តួនាទី​យ៉ាងសំខាន់​ក្នុង​នយោបាយ​ថៃ ដ្បិត​លោក​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​យោធា ដែល​ធ្វើ​រដ្ឋប្រហារ​ជា​ញឹកញយ​មក​នោះ​។​
 
​ថ្លែង​តាម​ទូរទស្សន៍​ក្រោយ​ជំនួប​ជាមួយ​រាជទាយាទ និង​ស្ដេច​រា​ជានុ​សិទ្ធិ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ បញ្ជាក់ថា រាជទាយាទ Maha Vajiralongkorn ប្រាប់​ឲ្យ​ប្រជាជន កុំ​ច្រឡំ ឬ​បារម្ភ​អ្វី​លើ​បញ្ហា​ស្នងរាជ្យ និង​ដំណើរការ​នៅក្នុង​ប្រទេស​ឡើយ​។ លោក​បន្តថា រាជទាយាទ និង​គ្រប់ភាគី​ទាំងអស់​គួរតែ​រង់ចាំ​សិន មុននឹង​មានការ​ផ្លាស់​ប្ដូរ​ភា្ល​មៗ​នោះ​។ ដោយ​ស្រង់​បន្ទូល​រាជទាយាទ លោក​ប្រា​យុទ្ធ បញ្ជាក់ថា ពេលវេលា​សមរម្យ​សម្រាប់​គ្រងរាជ្យសម្បត្តិ គឺ​បន្ទាប់ពី​បញ្ចប់​ពិធី​បុណ្យសព​មហាក្សត្រ​។​
 
​ការ​សោយ​ទិវង្គត​របស់​ព្រះ​ចៅ​ភូមិបុល អាឌុលយ៉ាដេត បានធ្វើ​ឲ្យ​ប្រជាជន​សោកសង្រេង​ខ្លាំង ក៏ដូចជា​បារម្ភ​ពី​អនាគត​របបរាជានិយម​ដែល​តែងមាន​ឥទ្ធិពល​ខ្លាំង​ក្នុងសង្គម​ថៃ​ផងដែរ​។ ស្ថាប័ន​ព្រះមហាក្សត្រ​ដែល​ធ្លាប់មាន​ឥទ្ធិពល​លើសលុប​គ្របដណ្តប់​សង្គម​ថៃ​នោះ​នឹង​ធ្លាក់ចុះ​តាម​ព្រះ​រាជ្យ​អវត្តមាន​របស់​ព្រះមហាក្សត្រ​ភូមិបុល អាឌុលយ៉ាដេត ដែរ​។ រាជទាយាទ Maha Vajiralongkorn ដែល​នឹង​ឡើង​គ្រងរាជ្យ​ជំនួស​ព្រះបិតា​ទ្រង់ មិនសូវ​ជាមាន​ប្រជាប្រិយភាព​និង​ឥទ្ធិពល​ខ្លាំង ដែល​រឿងនេះ​ធ្វើ​ឲ្យ​គេ​បារម្ភ​ខ្លាំង​៕

Tag:
 ថៃ​
  Maha Vajiralongkorn
© រក្សាសិទ្ធិដោយ thmeythmey.com