អន្តរជាតិ
ទេសចរ​បរទេស​ត្អូញត្អែរ ព្រោះ​កន្លែង​កម្សាន្ត​បិទ​ដើម្បី​កាន់ទុក្ខ​ស្ដេច​ថៃ​
16, Oct 2016 , 3:57 pm        
រូបភាព
​ភ្លាមៗ​បន្ទាប់ពី​មហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត សោយ​ទិវង្គត​ក្នុង​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​បាងកក រដ្ឋាភិបាល​ថៃ​ក៏​ប្រកាស​កាន់ទុក្ខ​រយៈពេល​វែង​ភ្លាមៗ​ដែរ​។ កន្លែង​កម្សាន្ត​កម្មវិធី​កម្សាន្ត​តាម​ទូរទស្សន៍​ជាច្រើន ក៏ត្រូវ​ប្រកាស​ឲ្យ​ផ្អាក​ប្រតិបត្តិការ​ជា​បណ្ដោះអាសន្ន​ក្នុង​រយៈពេល​កាន់ទុក្ខ​នេះ​។ ចំណែក​វិស័យ​ទេសចរណ៍​វិញ ក៏​រង​ផលប៉ះពាល់​ដែរ ដោយ​ទេសចរណ៍​ភាគច្រើន ត្អូញត្អែរ​យ៉ាងខ្លាំង​ជុំវិញ​បញ្ហា​នេះ​។  

 
«​នេះ​ជា​សុ​បិ​ន្ត​អាក្រក់​។ ថ្ងៃ​សម្រាក​របស់ខ្ញុំ​ត្រូវ​បំផ្លាញ​អស់ហើយ​។​» នេះ​ជាការ​ត្អូញត្អែរ​របស់​អ្នកទេសចរ​ប​ស្ចឹ​ម​ប្រទេស ដែល​ខកខាន​ការ​លំហែកាយ ដោយសារតែ​ការ​សោយ​ទិវង្គត​របស់​មហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) នោះ​។ ខណៈ​ដដែល​ប្រជាជន​ថៃ​កំពុង​កាន់ទុក្ខ កន្លែង​កម្សាន្ត​ពេល​រាត្រី ត្រូវបាន​ផ្អាក​ដំណើរការ ហើយ​ពិធីជប់លៀង​ពេល​រាត្រី​ដ៏​មាន​ប្រជាប្រិយភាព ក៏ត្រូវ​បាន​លុបចោល​ទៀត​នោះ​។​
 
​ជាធម្មតា​ទៅហើយ ខែតុលា ជា​ពេលវេលា​ដែល​សម្បូរ​ទេសចរ​មួយ​នៅ​ប្រទេស​ថៃ​។  ទេសចរ​ជាច្រើន​លាន​នាក់ សម្រុក​ទៅ​ទី​កម្សាន្ត​ផ្សេងៗ ជាពិសេស​រង្គសាល​រាត្រី និង​សង្កាត់​ភ្លើងពណ៌​ក្រហម ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​។ ប៉ុន្តែ​ការ​កាន់ទុក្ខ​មហាក្សត្រ​ថៃ ធ្វើ​ឲ្យ​កម្មវិធី​សប្បាយៗ និង​កន្លែង​ទេ​ចរណ៍​មាន​ប្រជាប្រិយភាព​ទាំងអស់ ផ្អាក​សកម្មភាព​។​
 
​សូម​រម្លឹកថា ក្រោយ​ការប្រកាស​ព័ត​មាននៃ​ការ​សោយ​ទិវង្គត​មក រាជវាំង​ថៃ​ប្រកាសថា មន្ត្រី​រដ្ឋាភិបាល និង​បុគ្គលិក​ក្រុមហ៊ុន​រដ្ឋ​ទាំងអស់ តម្រូវ​ឲ្យ​ស្លៀក​សម្លៀកបំពាក់​ពណ៌​ខ្មៅ​រយៈពេល​១០០​ថ្ងៃ​។ ហើយ​ទង់ជាតិ​ថៃ ក៏​នឹងត្រូវ​បង្ហូត​ត្រឹម​ពាក់កណ្ដាល​ដង​រយៈពេល​៣០​ថ្ងៃ​នៅ​ទូទាំងប្រទេស​ដែរ​។ ក្នុង​រយៈពេល​នេះ កម្មវិធី​ភាគច្រើន ជាពិសេស​កម្មវិធី​ទូរទស្សន៍ នឹង​ចាក់ផ្សាយ​តែ​កម្មវិធី​ពាក់ព័ន្ធ​នឹង​ពិធីបុណ្យ​ប៉ុណ្ណោះ​។​
 
​ដោយឡែក​កម្មវិធី​បុណ្យ​ព្រះ​សព​មហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ក៏បាន​ចាប់ផ្ដើម​ដែរ កាលពី​ថ្ងៃទី​១៤ ខែតុលា បន្ទាប់​ព្រះ​សព​ស្ដេច​អង្គ​នេះ យាង​ដល់​រាជវាំង​រួចមក​។ គេ​រំពឹងថា ពិធីបុណ្យ​ព្រះ​សព នឹង​ប្រព្រឹត្តទៅ​រយៈពេល​វែង​ទៅមុខទៀត ដែល​អាច​នឹងធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ធ្លាក់ចុះ​មិន​ខាន​។​
 
​សារព័ត៌មាន Daily Mail ផ្សាយ​ថា អាជ្ញាធរ​ទេសចរណ៍​ក៏បាន​ប្រាប់​ឲ្យ​ភ្ញៀវទេសចរ អាចធ្វើ​ដំណើរ​កម្សាន្ត​ជាធម្មតា នៅ​អំឡុង​ពេលនេះ ដោយ​គ្រាន់តែ​បង្ហាញ​ការគោរព​ចំពោះ​ការ​សោយ​ទិវង្គត​ប៉ុណ្ណោះ​។ យ៉ាងណា ទេសចរ​ទាំងអស់ ក៏ត្រូវ​បាន​ណែនាំ​ឲ្យ​បង្ហាញ​អាកប្បកិរិយា​សមរម្យ ជាពិសេស​ការ​ស្លៀកពាក់ នៅក្នុងពេល​កាន់ទុក្ខ​នេះដែរ​៕​

Tag:
 ​ថៃ​
  Bhumibol Adulyadej
© រក្សាសិទ្ធិដោយ thmeythmey.com