អន្តរជាតិ
រុស្សី បញ្ជូន​នាវា​ដឹក​យន្តហោះ​ទៅ​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​នេ​ដើម្បី​កម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​
16, Oct 2016 , 9:30 pm        
រូបភាព
​ខណៈដែល​ជម្លោះ​នៅ​ស៊ី​រី​ច្រកចេញ​មិនទាន់​ឃើញ​ដោយសារតែ​ខ្វែងគំនិត​គ្នា​របស់​មហាអំណាច​នោះ រុស្សី ក៏បាន​បញ្ជូន​កង​នាវា​មួយក្រុម​ទៀត​ដឹកនាំ​ដោយ​នាវា​ដឹក​យន្តហោះ Admiral Kuznetsov សំដៅ​សមុទ្រ​ម៉េ​ឌី​ទេ​រ៉ា​នេ​ដើម្បី​ចូលរួម​កម្ទេច​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​។ កង​នាវា​មួយក្រុម​នេះ នឹងចូលរួម​ជា​ប្រតិបត្តិ​ការប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម ដែល​កំពុងមាន​វត្តមាន​នៅ​ទឹកដី​ស៊ី​រី​ស្រាប់​ហើយ​នោះ​។​

 
​កង​នាវាចរណ៍​ខាងជើង​របស់​រុស្សី នៅ​ថ្ងៃទី​១៥ ខែតុលា ប្រកាសថា នាវា​ដឹក​យន្តហោះ Admiral Kuznetsov បាន​ចាក​ចេញពី​កំពង់ផែ Severomorsk នៅ​តំបន់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ខាងជើង សំដៅ​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​នេ​ដើម្បី​ចូលរួម​យុទ្ធនាការ​បោសសម្អាត​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​។ នាវា​ដឹក​យន្តហោះ​នេះ អមដោយ​នាវា​ល្បាត Pyotr Velikiy នាវា​ពិឃាត​ពីរ​គ្រឿង Vice Admiral Kulakov និង Severomorsk ព្រមទាំង​នាវា​ដឹកជញ្ជូន​ផ្សេងទៀត​។​
 
​ក្រៅពី​នាវាចម្បាំង​ជាច្រើន​គ្រឿង​នោះ យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ប្រភេទ Su-33 ដែល​តាំង​លើ​នាវា​ស្រាប់ ក៏បាន​ធ្វើដំណើរ​លើ​នាវា Admiral Kuznetsov ដែរ​។ ជាមួយគ្នា​នោះ ឧទ្ធម្ភាគចក្រ​ប្រភេទ Ka-27/Ka-29 ASW ក៏មាន​វត្តមាន​ក្នុង​ដំណើរ​ទៅកាន់​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​នេ​ដែរ​។ យន្តហោះ​ចម្បាំង Su-33 ត្រូវបាន​រាយការណ៍​ថា ទើបតែ​បំពាក់​ប្រព័ន្ធ​កំណត់​គោលដៅ​ថ្មី ដែលមាន​ប្រសិទ្ធភាព​ប្រយុទ្ធ​កាន់តែខ្លាំង​។​
 
​យោងតាម​សារព័ត៌មាន Sputnik យន្តហោះ​ប្រយុទ្ធ MiG-29K ចំនួន​បួន​គ្រឿង ដែលមាន​អាច​បំពាក់​មី​ស៊ី​ល​ប្រឆាំង​កប៉ាល់ ក៏ដូចជា​ឧ​ទ្ធាគ​ចក្រ​ឈ្លប​ការណ៍ និង​ប្រយុទ្ធ​ប្រភេទ Ka-52K ជាច្រើន​គ្រឿង​ទៀត​ក៏ត្រូវ​បន្ថែម​លើ​ក្រុម​នាវា​នេះដែរ​។ ឧទ្ធម្ភាគចក្រ​ប្រភេទ Ka-52K បំពាក់​ដោយ​មី​ស៊ី​ល​សម្រាប់​ប្រយុទ្ធ​លើ​អាកាស និង​បាញ់​ទៅ​គោលដៅ​លើដី ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ផងដែរ​។​
 
​តាមពិតទៅ កា​រប​ញ្ជូ​នាវា​ដឹក​យន្តហោះ និង​នាវាចម្បាំង​ជាច្រើន​គ្រឿង​ដែល​បំពាក់​សព្វាវុធ​ទំនើប​ទៅកាន់​ស៊ី​រី ធ្វើឡើង​ក្រោយ​ការប្រកាស​កាលពី​ខែ​មុន​របស់​រដ្ឋមន្ត្រី​ការពារជាតិ​រុស្សី Sergei Shoigu ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​ជើង​ទឹក​រុស្សី​នៅក្នុង​តំបន់​។ នាវាចម្បាំង​ជាច្រើន​គ្រឿង រួមជាមួយ​យន្តហោះ​ចម្បាំង​រាប់សិប​គ្រឿង​ទៀត​នោះ កំពុងមាន​វត្តមាន​នៅ​ស៊ី​រី​ស្រាប់​ហើយ​ដែរ ក្នុង​កម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​នោះ​។ 
 
​ក្រៅពី​ចូលរួម​ក្នុង​ប្រតិបត្តិ​ការកម្ទេច​ក្រុម​រដ្ឋ​ឥស្លាម ឬ​ក្រុម Daesh នាវា​ដឹក​យន្តហោះ Admiral Kuznetsov ក៏​នឹងចូលរួម​ជាមួយ​នាវាមុជទឹក​ប្រើ​ថាមពលនុយក្លេអ៊ែរ និង​យន្តហោះ​ទម្លាក់​គ្រាប់បែក Tu-160 ក្នុងការ​កម្ទេច​ក្រុមចោរ​សមុទ្រ និង​សមយុទ្ធ​ប្រឆាំង​ភេរវកម្ម​ដែរ​៕​

Tag:
 ​រុស្សី​
  ស៊ី​រី​
  ក្រុម​រដ្ឋ​ឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com