អន្តរជាតិ
អ៊ីរ៉ាក់ បើក​ប្រតិបត្តិ​ការរំដោះ​ទីក្រុង Mosul ពី​ក្រុម​រដ្ឋ​ឥស្លាម​
17, Oct 2016 , 1:07 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក Haider al-Abadi បានប្រកាស​បើក​យុទ្ធនា​ការរំដោះ​ទីក្រុង Mosul ដែលជា​ទីក្រុង​ធំ​ទី​ពីរ​របស់​អ៊ីរ៉ាក់ ចេញពី​ការគ្រប់គ្រង​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​។ កងទ័ព​អ៊ីរ៉ាក់​រាប់ពាន់នាក់ ត្រៀមខ្លួន​រួចហើយ​សម្រាប់​ប្រតិបត្តិការ​ដ៏​ធំ​នេះ ហើយ កងទ័ព​អ៊ីរ៉ាក់ ក៏បាន​បាច​ខិ​ត្ត​បណ្ណ​រាប់ពាន់​សន្លឹក​ពីលើ​ក្រុង Mosul ដើម្បី​ប្រាប់​ប្រជាជន​ពី ដំណឹង​នៃ​ប្រតិបត្តិការ​នេះដែរ​។​



​ប្រមុខ​រដ្ឋាភិបាល​អ៊ីរ៉ាក់ Haider al-Abadi បានប្រកាស​តាម​ទូរទស្សន៍​នៅ​ថ្ងៃទី​១៧ ខែតុលា ថា កងទ័ព​អ៊ីរ៉ាក់ នឹង​វាយ​ដណ្ដើមយក​ទីក្រុង Mosul ត្រឡប់មកវិញ​ពី​ដៃ​ក្រុម​រដ្ឋ​ឥស្លាម ដែល​គ្រប់គ្រង​ទីក្រុង​នេះ​តាំងពី​ឆ្នាំ​២០១៤​មក​នោះ​។ ទីក្រុង Mosul ជាទី​តាំង​ធំ​នៅសល់​ចុងក្រោយ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅលើ​ទឹកដី​អ៊ីរ៉ាក់ បន្ទាប់​ពួកគេ​បាត់បង់ Fallujah ក្នុង​ប្រតិបត្តិការ​របស់​កងទ័ព​អ៊ីរ៉ាក់ កាលពី​ខែមិថុនា​កន្លងទៅ​។​

​ដោយមាន​មន្ត្រី​យោធា​ជាន់ខ្ពស់​នៅ​អម​ជាមួយ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ប្រកាស​ទៀតថា ពេលវេលា​បានមក​ដល់ ហើយ​ជ័យជម្នះ​ក៏​កាន់តែ​ខិតជិត​ដែរ​។ កងទ័ព​អ៊ីរ៉ាក់ ដោយមាន​ជំនួយ​ពី​កងកម្លាំង​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អាមេរិក នឹង​រំដោះប្រជាជន​ទាំងអស់​នៅ​ក្រុង Mosul ចេញពី​ដៃ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម និង​ការ​ធ្វើទុក្ខបុកម្នេញ​រប​ស់​ពួកគេ​។​

​យ៉ាងណាក្ដី ប្រតិបត្តិ​ការរំដោះ​ទីក្រុង Mosul ដែលជា​រដ្ឋធានី​របស់​ក្រុម​រដ្ឋ​ឥស្លាម និង​មាន​ប្រជាជន​១.២​លាន​នាក់ គឺជា​រឿង​ដែល​ពិបាក​មួយ​សម្រាប់​កងទ័ព​អ៊ីរ៉ាក់ និង​កងកម្លាំង​សម្ព័ន្ធមិត្ត​អាមេរិក​។ នេះ​ជា​ប្រតិបត្តិការ​យោធា​ធំជាងគេ​នៅ​អ៊ីរ៉ាក់ ចាប់តាំងពី​ការឈ្លានពាន​របស់​អាមេរិក​នៅក្នុង​ឆ្នាំ​២០០៣​មក ដ្បិត​កងកម្លាំង​ប្រហែល​បី​ម៉ឺន​នាក់ មកពី​យោធា អ៊ីរ៉ាក់ កងទ័ព​ឃើ​ដ និង​សកម្មជន​ស៊ូ​នី នឹងចូលរួម​ក្នុងការ​រំដោះ Mosul​។

​ទន្ទឹមនឹង​ការប្រកាស​បើក​ប្រតិបត្តិ​ការរំដោះ​ទីក្រុង Mosul ការព្រួយបារម្ភ​លើ​បញ្ហា​មនុស្សធម៌ ក៏​កើតឡើង​ផងដែរ ដ្បិត​ការ​បង្ហូរឈាម​ដ៏​ធំ​នឹង​មិនអាច​ចៀសផុត​ឡើយ​។ ច្បាស់​ណាស់​ថា វិបត្តិ​មនុស្សធម៌​នឹង​កើតមាន ជាពិសេស​បញ្ហា​កង្វះ​ស្បៀងអាហារ​តែម្ដង ខណៈដែល​ការប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​អ៊ីរ៉ាក់ និង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម បានកើត​ឡើង​នៅ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ទៅហើយ​។​

​យ៉ាងណាមិញ បើតាម​សារព័ត៌មាន Al Jazeera នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ក៏​ប្រកាស​ដែរ​ថា មានតែ​កងទ័ព​អ៊ីរ៉ាក់ និង​ប៉ូលិស​ប៉ុណ្ណោះ ដែល​អាច​ចូល​ទីក្រុង Mosul បាន​។ ចំណែក​កងកម្លាំង​ផ្សេងទៀត ជាពិសេស​សកម្មជន​ស៊ូ​នី មិនត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ទីក្រុង​ឡើយ ព្រោះ​ខ្លាច​មានការ​ប៉ះទង្គិចរ​វាង​និកាយ​ស៊ូ​នី និង​ស៊ី​អ៊ី​ត​។ ឯ​ខិ​ត្ត​បណ្ណ​រាប់ពាន់​សន្លឹក​ក៏ត្រូវ​បាច​លើ​ទីក្រុង​ដែរ ដើម្បី​ប្រាប់​ប្រជាជន​ពី​ប្រតិ​ប​ត្ត​ការ​នេះ ក៏ដូចជា​ការណែនាំ​ផ្សេងៗ​ដែរ ដោយ​រួមការ​ប្រាប់​ឲ្យ​ពួកគេ​នៅ​ឆ្ងាយ​ពី​ក្រុម​រដ្ឋ​ឥស្លាម​៕


Tag:
 អ៊ីរ៉ាក់​
  ក្រុម​រដ្ឋ​ឥស្លាម​
  Mosul
© រក្សាសិទ្ធិដោយ thmeythmey.com