អន្តរជាតិ
លោក Duterte៖ លោក​នឹងមិន​ដោះដូរ​ទឹកដី​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ចិន​ឡើយ​
17, Oct 2016 , 4:13 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បានប្រកាសថា លោក​នឹង​លើកយក​សាលក្រម​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​អចិន្ត្រៃយ៍ លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ទៅ​និយាយ​ជាមួយ​មេដឹកនាំ​ចិន អំឡុងពេល​ទស្សនកិច្ច​របស់លោក​នៅ​ទីនោះ​។ លោក​បញ្ជាក់ថា លោក​នឹងមិន​ចុះ​ញ៉ម​រឿង​អធិបតេយ្យភាព​របស់​ហ្វីលីពីន​ឡើយ ឬក៏​ធ្វើ​ខុសពី​សាលក្រម​របស់​តុលាការអន្តរជាតិ ដែល​កាត់ក្ដី​ឲ្យ​ហ្វីលីពីន​ឈ្នះក្ដី​នោះទេ​។​



​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ប្រធាន​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​លើកទីមួយ​របស់​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ទៅកាន់​ចិន​។ ទស្សនកិច្ច​លើក​នេះ គឺជា​ចំណុច​របត់​ថ្មី​មួយ​នៃ​ទំនាក់ទំនង​ទ្វេភាគី​ហ្វីលីពីន និង​ចិន ដែល​សោះកក្រោះ​ដោយសារតែ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ប៉ុន្តែ​ទស្សនកិច្ច​នេះ​ក៏បង្ក​ជាការ​ព្រួយបារម្ភ​ថា ហ្វីលីពីន ដែល​កំពុង​ងាក​ទៅរក​ចិន​នោះ អាច​នឹង​បោះបង់​ទឹកដី​ដែល​ខ្លួន​បានទាមទារ​នាពេល​កន្លងមក​។​

​ក្នុង​សន្និសីទកាសែត​ថ្ងៃទី​១៦ ខែតុលា មុនពេល​ចាប់ផ្ដើម​ទស្សនកិច្ច​ទៅកាន់​ព្រុយ​ណេ និង​ចិន ប្រធានាធិបតី​ហ្វីលីពីន​បញ្ជាក់​ច្បាស់​ថា លោក​នឹងមិន​ទិញ​លក់​អធិបតេយ្យ​ឡើយ ហើយ​លោក​នឹង​នៅតែ​ទាមទារ​អ្វី​ដែលជា​របស់​ហ្វីលីពីន​។ លោក​ប្រធានាធិបតី Duterte បន្តថា ចំណែក​សាលក្រម​តុលាការអន្តរជាតិ នឹង​នៅតែ​គោរព​ដដែល តែ​ហ្វីលីពីន​ក៏​មិនមាន​ជំហរ​តឹង​ត្អឹង​ពេក​ដែរ​លើ​បញ្ហា​នេះ ហើយ​ហ្វីលីពីន នឹង​និយាយ​គ្នា​ជាមួយ​ចិន ដើម្បី​ផលប្រយោជន៍​ខ្លួន​។​

​បើតាម​សារព័ត៌មាន Inquirer.Net លោក Duterte និយាយថា លោក​បានដឹង​ពី​ការព្រួយបារម្ភ​ជុំវិញ​ការពង្រឹង​ទំនាក់ទំនង​ជិតស្និទ្ធ​លឿន​ពេក​ជាមួយ​ចិន ដែល​អាច​ឲ្យ​ហ្វីលីពីន​ខាតបង់​ផលប្រយោជន៍​របស់ខ្លួន​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដ្បិត​លោក Duterte អាច​ដោះដូរ​ជាមួយ​ចិន​នោះ​។ ប៉ុន្តែ​លោក Duterte បានបញ្ជាក់​ច្បាស់​ហើយ​ថា រឿងនេះ​មិនអាច​កើតឡើង​បានឡើយ​។​

​លោក​ប្រធានាធិបតី Duterte នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ចិន​នៅ​ថ្ងៃទី​១៩-២១ ខែតុលា​ខាងមុខ​ដ៏​ខ្លី​នេះ បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ព្រុយ​ណេ​។ ហើយ​តាម​ការអះអាង​ដោយផ្ទាល់​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte បាន​រំពឹង​ខ្ពស់​ចំពោះ​ទស្សនកិច្ច​របស់លោក​ទៅកាន់​ចិន ដោយ​អះអាងថា លោក អាចនឹងទទួល​បាន​ផលប្រយោជន៍​សេដ្ឋកិច្ច និង​ការវិនិយោគ​ពី​ចិន​ច្រើន​ដើម្បី​យកមក​អភិវឌ្ឍន៍​ប្រទេស​។

​សូម​រម្លឹក​ដែរ​ថា ក្នុង​រដ្ឋបាល​អតីត​ប្រ​ធានា​ធីប​តី​ហ្វីលីពីន Aquino ទំនាក់ទំនង​ចិន និង​ហ្វីលីពីន ល្អក់កករ​ខ្លាំង ដ្បិត​ពេលនោះ ហ្វីលីពីន បាន​ប្រកាន់​ជំហរ​យ៉ាង​ដាច់ខាត​ប្រឆាំង​ចិន​លើ​សកម្មភាព​បំពាន​អធិបតេយ្យ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ហ្វីលីពីន បាន​អះអាងថា​ជា​កម្មសិទ្ធិ​របស់ខ្លួន​នោះ​។ រដ្ឋបាល​ចាស់​នោះដែរ ហ្វីលីពីន ត្រូវបាន​មើលឃើញ​យ៉ាងច្បាស់​ដែរ​ថា មាន​និន្នាការ​ពឹងផ្អែក​ខ្លាំង​ទៅលើ​អាមេរិក ដែលជា​ដៃគូ​ប្រជែង​អំណាច​និង​ឥទ្ធិពល​របស់​ចិន​៕


Tag:
 ចិន​
  ហ្វីលីពីន​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com