អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​ថៃ ស្នើ​ឲ្យ​មានការ​យោគយល់ ខណៈ​មាន​អ្នក​មិន​ស្លៀកពាក់​កាន់ទុក្ខ​
18, Oct 2016 , 9:39 am        
រូបភាព
 
 
​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​អំពាវ​ឲ្យ​មានការ​យោគយល់​ក្នុងចំណោម​ប្រជាជន​ថៃ ក្រោយ​ការកើនឡើង​ការមិនសប្បាយចិត្ត​ដោយសារ​តែមាន​អ្នក​មិន​ស្លៀកពាក់​ពណ៌​ស​-​ខ្មៅ ដើម្បី​កាន់ទុក្ខ​មហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ដែល​បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃទី​១៣ ខែតុលា​។ នាយករដ្ឋមន្ត្រី​ថៃ​អះអាងថា ពេលវេលា​នេះ គឺជា​ពេលដែល​ប្រជាជន​ថៃ​ត្រូវ​រួបរួមគ្នា​។​

 
​បន្ទាប់ពី​ការចូល​ទិវង្គត​របស់​មហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត រដ្ឋាភិបាល​ថៃ​បានប្រកាស​កាន់ទុក្ខ​រយៈ​ពេល​វែង​នៅ​ទូទាំងប្រទេស​។ ប្រជាជន​ថៃ នាំគ្នា​ស្លៀក​សម្លៀកបំពាក់​ពណ៌​ស និង​ខ្មៅ ដើម្បី​បង្ហាញ​ការ​កាន់ទុក្ខ និង​ក្ដី​សោកសង្រេង​របស់​ពួកគេ​។ ទន្ទឹមគ្នា​នោះ ក៏មាន​ប្រជាជន​ថៃ​ខ្លះ មិនបាន​ស្លៀកពាក់​កាន់ទុក្ខ​ឡើយ ដោយ​ធ្វើ​ឲ្យ​អ្នក​ផ្សេងទៀត ខឹងសម្បារ​ខ្លាំង​។​
 
​ជុំវិញ​រឿងនេះ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ប្រាប់​ឲ្យ​ប្រជាជន​ថៃ​ស្ងប់ស្ងៀម​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ Sansern Kaewkamnerd និយាយថា លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ជឿជាក់ថា ប្រជាជន​ទាំងអស់ សុទ្ធតែ​សោកស្ដាយ ហើយ​ពួកគេ​សុទ្ធតែ​ចង់​ស្លៀក​សម្លៀកបំពាក់​កាន់ទុក្ខ​ទាំងអស់គ្នា​។ ប៉ុន្តែ​តម្រូវការ​សម្លៀកបំពាក់​ពណ៌​ខ្មៅ និង​ស កំពុង​ខ្វះខាត​ខ្លាំង ដែល​រឿង​អាចជា​ការលំបាក​មួយ​ដែរ​។​
 
​ដោយ​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ នោះ អ្នកនាំពាក្យ​រូបនេះ​បន្តថា មាន​ប្រជាជន​ខ្លះ មិនមាន​លទ្ធភាព​ទិញ​អាវ​ពណ៌​ស​-​ខ្មៅ​បានទេ ដូច្នេះ​លោក​ស្នើ​ឲ្យ​ប្រជាជន​ទាំងអស់​មានការ​យោគយល់​ជុំវិញ​រឿងនេះ​។ កាសែត​បាងកក​ប៉ុស្តិ៍​ផ្សាយ​ថា នាយករដ្ឋមន្ត្រី​ថៃ ក៏​អំពាវនាវ​ឲ្យ​មានការ​រួបរួមគ្នា បង្ហាញ​ក្ដី​ស្រឡាញ់​ទៅវិញទៅមក និង​បង្កើត​បរិយាកាស​សន្តិភាព​នៅក្នុង​ប្រទេស​។​
 
​សូមបញ្ជាក់ថា បន្ទាប់ពី​ការ​សោយ​ទិវង្គត​នៃ​ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត និង​ការប្រកាស​កាន់ទុក្ខ​ទូទាំងប្រទេស​មក​នោះ ប្រជាជន​ថៃ​ជាច្រើន បាន​សម្រុក​ទៅរក​ទិញ​សម្លៀកបំពាក់​ខ្មៅ​សម្រាប់​ការ​កាន់ទុក្ខ ដែល​ធ្វើ​ឲ្យ​សម្លៀកបំពាក់​ពណ៌​ខ្មៅ​អស់ពី​ស្តុក​យ៉ាង​រហ័ស​។ ចំណែក​តម្លៃ​សម្លៀកបំពាក់​ពណ៌​ខ្មៅ ក៏​ឡើងថ្លៃ​ភ្លាមៗ ដោយសារ​តម្រូវ​ការកើនឡើង​នោះ​។ 
 
​យ៉ាងណាក្ដី រដ្ឋាភិបាល​ថៃ កំពុង​ដោះស្រាយ​កង្វះ​សម្លៀកបំពាក់​ពណ៌​ខ្មៅ​ក្នុងពេល​ខ្លី​ខាងមុខ​។ បណ្ដា​រោងចក្រ បាន​បង្កើន​ការផលិត​សម្លៀកបំពាក់​ពណ៌​ខ្មៅ​ឲ្យ​បាន​ច្រើន​ថែមទៀត សម្រាប់​បំពេញតម្រូវការ ដែល​កំពុង​ហក់​ឡើង​ខ្លាំង ខណៈ​រាជវាំង​ថៃ​ប្រកាសថា មន្ត្រី​រដ្ឋាភិបាល និង​បុគ្គលិក​ក្រុមហ៊ុន​រដ្ឋ​ទាំងអស់ តម្រូវ​ឲ្យ​ស្លៀក​សម្លៀកបំពាក់​ពណ៌​ខ្មៅ​រយៈពេល​១០០​ថ្ងៃ​៕ 

Tag:
 ថៃ​
  Bhumibol Adulyadej
  ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com