អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Duterte ៖ «​អ្នកផ្សេង​រិះគន់​យើង មានតែ​ចិន​មួយ​ប៉ុណ្ណោះ​ជួយ​យើង​»
18, Oct 2016 , 10:03 am        
រូបភាព
នាយករដ្ឋមន្ត្រីចិន លី ឃឺឈាំង ចាប់ដៃជាមួយប្រធានាធិបតីហ្វីលីពីន ឌើទើតេ នាកិច្ចប្រជុំអាស៊ាន (រូបភាព GMA Network)
នាយករដ្ឋមន្ត្រីចិន លី ឃឺឈាំង ចាប់ដៃជាមួយប្រធានាធិបតីហ្វីលីពីន ឌើទើតេ នាកិច្ចប្រជុំអាស៊ាន (រូបភាព GMA Network)
 ​បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ព្រុយ​ណេ ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte នឹងធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​ទឹកដី​ចិន ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើកទីមួយ​របស់​លោក​នៅ​ទីនោះ​។ នៅមុន​ចាកចេញ លោក Duterte បាន​លើកសរសើរ​ចិន ដែល​បាន​ជួយ​ហ្វីលីពីន ហើយ​លោក​រំពឹង​ខ្ពស់​ថា​ទស្សនកិច្ច​នេះ​នឹង​នាំ​ផលប្រយោជន៍​កាន់តែច្រើន​ឲ្យ​ហ្វីលីពីន​។​

 
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ចាប់ផ្ដើម​ទស្សនកិច្ច​បួន​ថ្ងៃ​នៅ​ទឹកដី​ចិន តាម​ការអញ្ជើញ​របស់​សម​ភាគី​ចិន លោក ស៊ី ជិន​ពីង (Xi Jinping)​។ នៅមុន​ដំណើរ​ទស្សនកិច្ច​នៅ​ចិន លោក Duterte និយាយថា លោក​នឹង​កាន់តែ​យល់​ថែមទៀត​អំពី​ចិន​ក្នុង​ទស្សនកិច្ច​លើកទីមួយ​នេះ ហើយ​លោក​រំពឹងថា ទំនាក់ទំនង​ប្រពៃណី​រវាង​ចិន និង​ហ្វីលីពីន នឹង​កាន់តែ​ស៊ីជម្រៅ​ទាំង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​។ 
 
​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៧ ខែតុលា ប្រធានាធិបតី​ហ្វីលីពីន បាន​លើកសរសើរ​ចិន ដែល​បាន​ជួយ​ប្រទេស​ដទៃទៀត​ក្នុងនាម​ជា​តួអង្គ​ដ៏​សំខាន់​របស់​ពិភពលោក​។ លោក​បញ្ជាក់ថា ក្រៅពី​ការអភិវឌ្ឍ​ខ្លួនឯង ចិន​មិន​ភ្លេច​ប្រទេស​ក្រីក្រ​ផ្សេង​ទៀតឡើយ ជាពិសេស​ប្រទេស​អាហ្វ្រិក និង​អាស៊ី ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ប្រទេស​នីមួយៗ​។ 
 
​ក្នុង​បទសម្ភាសន៍​ដដែល​នោះ លោក​ប្រធានាធិបតី Duterte ក៏បាន​លើក​ពី​គុណសម្បត្តិ​របស់​ចិន ដែល​គាំទ្រ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់​ហ្វីលីពីន តាមរយៈ​ការជួយ​សាងសង់​មជ្ឈមណ្ឌល​ស្ដារនីតិសម្បទា ខណៈ​អាមេរិក សហភាព​អឺរ៉ុប និង​អង្គការសហប្រជាជាតិ រិះគន់​ហ្វីលីពីន​ខ្លាំងៗ​នោះ​។ លោក​បន្តថា​៖ «​ប្រទេស​ខ្លះ​ដឹងថា​យើង​ខ្វះ​លុយ តែ​ពួកគេ​មិន​ជួយ​យើង​ឡើយ ហើយ​បែរជា​រិះគន់​ទៅវិញ​។ ចិន​មិនដែល​រិះគន់​ទេ តែ​ថែមទាំង​ជួយ​យើង​ស្ងាត់ៗ​ទៀត​»​។    
 
​មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋ​ហ្វីលីពីន​រូបនេះ ក៏​ចង់​ចូលរួម​ជាមួយ​គំនិត​ផ្ដួចផ្ដើម «​ខ្សែក្រវ៉ាត់ និង​ផ្លូវ​» របស់​ចិន​ដែរ ដ្បិត​ហ្វីលីពីន​ខ្វះខាត​ហិរញ្ញវត្ថុ​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត​។ ចំណែក​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ចិន​វិញ លោក Duterte និយាយ​ដែរ​ថា លោក​នឹង​បង្កើត​កិច្ចសន្ទនា​ជាមួយ​ចិន សំដៅ​ពង្រឹង​ការទុកចិត្ត​គ្នា​ទៅវិញទៅមក ក៏ដូចជា​ភាពជា​ដៃគូ​ចិន​-​ហ្វីលីពីន​ផងដែរ​។​
 
«​អ្វីដែល​យើង​ចាំបាច់​ធ្វើ​នោះ គឺ​ការពិភាក្សាគ្នា និង​ទទួល​បានការ​ចាប់ដៃ​កក់ក្ដៅ​ពី​មន្ត្រី​ចិន​។ យើង​ជា​ជនជាតិ​ហ្វីលីពីន ហើយ​យើង​ត្រៀមខ្លួន​រួចរាល់​ដើម្បី​សហប្រតិបត្តិការ​ជាមួយ​ចិន សម្រាប់​ជួយ​ហ្វីលីពីន ក្នុង​ការកសាង​សេដ្ឋកិច្ច ក៏ដូចជា​ប្រទេស​ហ្វីលីពីន​ដែរ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក Duterte នៅមុន​ទស្សនកិច្ច​ផ្លូវការ​ទៅ​ចិន ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៨ ខែតុលា​៕

Tag:
 ​ចិន​
  ហ្វីលីពីន​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com