អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម្ចាស់​ក្ស​ត្រី​យ៍ Sirindhorn នឹង​ដឹកនាំ​ការសាងសង់​មេរុ​ព្រះ​សព​មហាក្សត្រ ភូមិបុល
19, Oct 2016 , 8:39 am        
រូបភាព
 
 
​រជ្ជទាយាទ​ថៃ Maha Vajiralongkorn បានផ្ដល់​ឲ្យ​សិទ្ធិ​ម្ចាស់​ក្ស​ត្រី​យ៍ Sirindhorn ក្នុងការ​សម្រេច​ចិត្តជា​ចុងក្រោយ​លើ​ការសាងសង់​មេរុ​សម្រាប់​ពិធីបុណ្យ​មហាក្សត្រ ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត (Bhumibol Adulyadej)​។ ជាមួយគ្នានេះដែរ រដ្ឋាភិបាល​ថៃ ក៏​កំពុង​រៀបចំ​កម្មវិធី​បុណ្យ និង​ការគ្រប់គ្រង​ប្រជាជន​ដែល​ចូលរួម​ពិធីបុណ្យ​នេះដែរ​។​

 
​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Wissanu Krea-ngam នៅ​ថ្ងៃទី​១៧ ខែតុលា បាន​បង្ហើប​ថា ម្ចាស់​ក្ស​ត្រី​យ៍ Sirindhorn នឹង​ទទួលបន្ទុក​លើ​ការងារ​មេរុ​សម្រាប់​ពិធី​បូជាព្រះសព​បិតា​ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត ដែល​សោយ​ទិវង្គត​កាលពី​ថ្ងៃទី​១៣ ខែតុលា​។ ម្ចាស់​ក្ស​ត្រី​យ៍ Sirindhorn នឹង​ទទួលខុសត្រូវ​លើ​ការងារ​សំខាន់​នេះ បន្ទាប់ពី​រជ្ជទាយាទ Maha Vajiralongkorn ផ្ទេរសិទ្ធិ​រួចមក​។ 
 
​លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ​រូបនេះ បន្តថា កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ក៏​នឹង​ពិភាក្សា​លើ​ការរៀបចំ​ព្រះ​រាជពិធី​បុណ្យសព​ព្រះ​ចៅ ភូមិបុល ដែល​គ្រងរាជ្យ​យូរ​ជាងគេ​លើ​លោក​។ មិនតែប៉ុណ្ណោះ គណៈរដ្ឋមន្ត្រី ក៏​នឹង​រៀបចំ​គោលការណ៍​ណែនាំ​ផ្សេងទៀត សម្រាប់​ឲ្យ​ប្រជាជន​ថៃ​លើសលប់​ដែល​រំពឹងថា​មកកាន់​រាជវាំង សម្រាប់​អនុវត្ត​អំឡុងពេល​ចូលរួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​មហាក្សត្រ​អង្គ​នេះ​។ 
 
​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក Wissanu Krea-ngam បញ្ជាក់ដែរថា រជ្ជទាយាទ Maha Vajiralongkorn បានលើកឡើង​រឿង​សាងសង់​មេរុ​នេះ ពេល​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា នាពេល​ថ្មីៗ​នេះ​។ ហើយ​រជ្ជទាយាទ​អង្គ​នេះ ចង់​ឲ្យ​ព្រះអនុជ Sirindhorn ជា​អ្នកសម្រេច​ចុងក្រោយ​លើ​ការងារ​នេះ ដែល​ត្រូវការ​ការសិក្សា​ប្លង់ ទីតាំង ក៏ដូចជា​ទំហំ​មេរុ​នោះ​។​
 
​តាម​ការបញ្ជាក់​របស់​លោក Wissanu Krea-ngam ព្រះមេរុ នឹង​សាងសង់​នៅ​វាល Sanam Luang ដែល​ស្ថិត​ក្បែរ​រាជវាំង​ស្រាប់ ហើយ​សំណង់​មួយចំនួនទៀត​នឹងត្រូវ​សាងសង់​ដែរ សម្រាប់​បម្រើ​ពិធី​បូជាព្រះសព​មហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត​។ ចំណែក​ក្បូរក្បាច់​សំណង់​ទាំងឡាយ នឹងត្រូវ​ទទួលបន្ទុក​ដោយ​នាយកដ្ឋាន​វិចិត្រ​សិ​ល្បះ​ថៃ​ផ្ទាល់​តែម្ដង​។​
 
​ដោយសារតែ​ការ​កាន់ទុក្ខ​នឹងមាន​រយៈពេល​ពេញ​មួយឆ្នាំ​នោះ មនុស្ស​រាប់ពាន់នាក់​នឹង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​ចៅ ភូមិបុល អា​ឌុល រាល់ថ្ងៃ បន្ទាប់ពី​រាជ​វាំ​ប្រកាសថា ពួកគេ​អាច​ចូលទៅ​គោរព​ព្រះ​សព​នៅក្នុង​វាំង​ក្រោយ​ពិធីសូត្រមន្ត​១៥​ថ្ងៃនោះ​។ គេ​រំពឹងថា​ក្នុង​រយៈ​រយៈពេល​កាន់ទុក្ខ​នេះ​ប្រជាជន​ថៃ​រាប់សែន​នាក់​ចេញពី​តាម​ខេត្ត​ដើម្បី​មកកាន់​រាជធានី​បាងកក​។ ខាង​អាជ្ញាធរ​បានស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​ឯកជន​មួយចំនួន​ផ្តល់​ទីកន្លែង​ស្នាក់នៅ​ឥតគិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​ថៃ​ដែល​អញ្ជើញ​មកកាន់​ក្រុង​បាងកក​នោះ​៕ 
 
 
 
 

Tag:
 ថៃ​
  Bhumibol Adulyadej
© រក្សាសិទ្ធិដោយ thmeythmey.com