អន្តរជាតិ
ដូ​ណា​ល់ ត្រាំ​៖ « អាមេរិក​ប្រមាថ​លោក ពូ​ទីន​ខ្លាំងពេក ធ្វើ​ឲ្យ​ទំនាក់ទំនង​អាមេរិក​រុស្ស៊ី​ធ្លាក់ចុះ »
18, Oct 2016 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ដូ​ណា​ល់ ត្រាំ ត្រៀម​ជួប​លោក  វ្ល៉ា​ឌី​មៀ ពូ​ទីន មុនពេល​លោក​ឡើងកាន់តំណែង​ប្រសិន​លោក​ជាប់ឆ្នោត ដើម្បី​បញ្ចៀស​សង្គ្រាម​រវាង​អាមេរិក​និង​រុស្ស៊ី​។ លោក​លើកឡើង​បន្ថែមថា បញ្ហា​ពិភពលោក​ធ្លាក់​ក្នុងស្ថានភាព​ដូច​បច្ចុប្បន្ននេះ​ដោយសារ អាមេរិក ប្រមាថ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ខ្លាំងពេក​។



​ក្នុងពេល​ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន​ក្នុង​បទសម្ភាសន៍​មួយ​លោក Michael Savage ពាក់ព័ន្ធ​ទំនាក់ទំនង​អាមេរិក​និង​រុស្ស៊ី បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ បាន​អះអាងថា លោក​នឹង​ជួប​លោក ពូ​ទីន មុន​ចាប់ផ្តើម​ស្បថ​ចូលកាន់​តំណែង​។ លោក​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា បញ្ហា​តានតឹង​និង​ប្រ​ឈ​មុខ​គ្នា​រវាង​អាមេរិក​និង​រុស្ស៊ី​កើតឡើង ក៏​ព្រោះ​មេដឹកនាំ​អាមេរិក​ដែរ​។​

​អ្នកសារព័ត៌មាន​លោក Michael Savage បាន​ចោទសួរ​លោក ដូ​ណា​ល់ ត្រាំ ថា តើ​លោក​នឹងធ្វើ​បែប​ម៉េច​ដើម្បី​ការពារ​សង្គ្រាមលោក​រវាង អាមេរិក​និង​រុស្ស៊ី លោក ដូ​ណា​ល់ ត្រាំ មិនបាន​ឆ្លើយ​ចំ​សំណួរ​ទេ តែ​លោក​បាន​លើកឡើងថា​លោក​នឹង​ជួប​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ទៅវិញ​។

​លោក​និយាយថា​៖« បើសិនជា​ខ្ញុំ​ឈ្នះឆ្នោត​ថ្ងៃ ៨ វិច្ឆិកា ខ្ញុំ​អាច​ជួប​ជាមួយ​លោក ពូ​ទីន ហើយ​ជំនួប​នេះ​នឹងត្រូវ​ធ្វើឡើង​មុនពេល​ខ្ញុំ​ចាប់ផ្តើម​ឡើងកាន់តំណែង​។ ខ្ញុំ​គិតថា  វា​នឹង​ក្លាយជា​ពេលវេលា​អស្ចារ្យ​មួយ​»​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ បេក្ខជន​ប្រធានាធិបតី​រូបនេះ​បាន​បន្ទោស​មេដឹកនាំ​អាមេរិក​ចំពោះ​ស្ថានភាព​ទំនាក់ទំនង​រវាង​អាមេរិក​និង​រុស្ស៊ី ដែល​ធ្លាក់​ក្នុងស្ថានភាព​ប្រឈមមុខគ្នា​ដូច​បច្ចុប្បន្ននេះ​។  លោក​ក៏​ចោទប្រកាន់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​បេក្ខជន​ប្រធានាធិបតី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ថា​ព្យាយាម​ប្រមាថមើលងាយ​មេដឹកនាំ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ទើបបានជា​រុស្ស៊ី​មិន​អត់ធ្មត់​បាន​។​

«​ពួកគេ​ប្រមាថ​លោក ពូ​ទីន ជា​ញឹកញាប់​។ វា​គ្មាន​រឿង​អ្វី​ត្រូវ​ឆ្ងល់​ទេ ដែល​លោក ពូ​ទីន អត់ធ្មត់​មិនបាន​ចំពោះ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​»​។ លោក ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​បែបនេះ​។​

​តាំងពី​យូរ​មកហើយ លោក ដូ​ណា​ល់ ត្រាំ សរសើរ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ហើយ​លោក​ក៏​អះអាង​ផងដែរ​ថា លោក​អាច​សហការ​ជាមួយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន នៅពេល​លោក​ឡើងកាន់​អំណាច​។ វា​ហាក់បីដូចជា បង្ហាញថា បើ​លោក ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្រធានាធិបតី អាមេរិក​មែន ទំនាក់ទំនង​អាមេរិក​និង​រុស្ស៊ី​នឹងមាន​ភាពប្រែប្រួល​ខ្លាំង​ជាក់​ជាមិនខាន​។​

​យ៉ាងណា​ក៏ដោយចុះ លោក រាល់​ពាក្យសម្តី​របស់លោក ដូ​ណា​ល់ ត្រាំ ធ្វើ​ឲ្យ​មានការ​ខឹងសម្បារ ហើយក៏​បង្ក​ឲ្យ​មានការ​រិះគន់​ខ្លាំង ពី​សំណាក់​អ្នកគាំទ្រ​បក្ស​ប្រជាធិបតេយ្យ​។ កន្លងមក​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ថែមទាំង​បាន​ចោទប្រកាន់ថា ដូ​ណា​ល់ ត្រាំ បាន​ចូល​ដៃ​ចូល​ជើង​ជាមួយ​រុស្ស៊ី​ដើម្បី​លួច​ទាញ​ឯកសារ​ពីសារ​អេឡិចត្រូនិក​របស់​គណបក្ស​ប្រជាធិបតេយ្យ​ថែម​ទៀតផង​។​


Tag:
 ដូ​ណា​ល់ ត្រាំ​
 ​វ្ល៉ា​ឌី​មៀ ពូ​ទីន​
  ហ៊ី​ឡា​រី គ្លី​ន​តុ​ន​
  បា​រ៉ា​ក់ អូ​បា​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com