អន្តរជាតិ
អា​រ៉ា​ប៊ី​សា​អូឌីត ប្រហារជីវិត​ព្រះអង្គម្ចាស់​មួយអង្គ​ពីបទ​មនុស្សឃាត​
19, Oct 2016 , 2:31 pm        
រូបភាព
​ប្រទេស​សម្បូរ​ប្រេង​អា​រ៉ា់​ប៊ី​សា​អូឌីត បាន​ដាក់ទោស​ប្រហារជីវិត​លើ​ព្រះអង្គម្ចាស់ Turki bin Saud bin Turki bin Saud al-Kabeer ពីបទ​មនុស្សឃាត​ក្នុងការ​វាយតប់​មួយ​។ នេះ​ជា​ករណី​ដែល​កម្រ​មាន​បំផុត ដែល​សមាជិក​រាជវង្ស​អា​រ៉ា​ប៊ី​សា​អូឌីត ទទួល​ធ្ងន់ធ្ងរ​បែបនេះ​នៅក្នុង​ប្រទេស​ដែល​អនុវត្ត​សាសនា​ឥស្លាម​តឹងតែង​នោះ​។​



​ក្រសួងមហាផ្ទៃ​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ថ្ងៃទី​១៨ ខែតុលា ប្រកាសថា ព្រះអង្គម្ចាស់ Turki bin Saud bin Turki bin Saud al-Kabeer ត្រូវ​ទទួលទោស​ប្រហារជីវិត​នៅក្នុង​រាជធានី​រី​យ៉ា​ដ សម្រាប់​ការបាញ់សម្លាប់ Adel al-Mahemid ក្នុងការ​ប្រតាយប្រតប់​មួយ​។ ប៉ុន្តែ​គេ​មិនដឹងថា ព្រះអង្គម្ចាស់​អង្គ​នេះ ត្រូវ​ប្រហារជីវិត​ដោយ​របៀប​ណា​ឡើយ តែ​ជាធម្មតា ការប្រហារជីវិត​តែង​ធ្វើឡើង​ដោយ​ការ​កាត់​ក្បាល​។​

​ដោយឡែក​សារព័ត៌មាន Arab News បាន​ស្រង់​សម្ដី​លោក Abdul Rahman al-Falaj ដែលជា​ពូ​ជនរងគ្រោះ​ថា ការកាត់ទោស​ប្រហារជីវិត​ព្រះអង្គម្ចាស់ Turki បានបង្ហាញ​ពី​យុត្តិធម៌​នៅក្នុង​ប្រទេស​កាន់សាសនា​ឥស្លាម​មួយ​នេះ​។ អា​រ៉ា​ប៊ី​សា​អូឌីត តែង​អនុវត្ត​ទោស​យ៉ាង​តឹងតែង​ចំពោះ​ទោស​ពាក់ព័ន្ធ​មនុស្សឃាត ការជួញដូរ​មនុស្ស ការ​ប្លន់​ប្រដាប់អាវុធ និង​បទ​រំលោភ​ផ្លូវភេទ​។ 

​ព្រះអង្គម្ចាស់ Turki គឺជា​មនុស្ស​ទី​១៣៤ ដែល​ត្រូវបាន​ប្រហារជីវិត​នៅក្នុង​ឆ្នាំ​២០១៦​នេះ ដែលជា​ចំនួន​ដ៏​ខ្ពស់ និង​គួរ​ឲ្យ​បារម្ភ​។ នៅក្នុង​ឆ្នាំ​២០១៥ មនុស្ស​ចំនួន​យ៉ាងតិច​១៥៨​នាក់ ត្រូវបាន​ប្រហារជីវិត ដែល​ធ្វើ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត ស្ថិតក្នុង​លំដាប់​ទី​បី​នៃ​ប្រទេស​ប្រហារជីវិត ដោយ​ស្ថិតនៅក្រោម​តែ​អ៊ីរ៉ង់ និង​ប៉ា​គី​ស្ថាន​ប៉ុណ្ណោះ​។ ហើយ​ព្រះអង្គម្ចាស់ Turki ក៏​មិនមែនជា​សមាជិក​រាជវង្ស​ដំបូង ដែល​ត្រូវ​ប្រហារជីវិត​ដែរ​។

​អា​រ៉ា​ប៊ី​សា​អូឌីត គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​កាន់​របបរាជានិយម​ផ្ដាច់​ការដែល​នៅ​សេសសល់​។ សមាជិក​រាប់ពាន់នាក់​នៃ​រាជវង្ស Saud ទទួលបាន​ប្រយោជន៍​យ៉ាងច្រើន និង​រស់នៅ​សោយសុខ​មានបាន ខុសពី​ប្រជាជន​២០​លាន​នាក់​ផ្សេងទៀត​។ ការប្រហារជីវិត​សមាជិក​រាជវង្ស​ចុងក្រោយ​ដែល​ត្រូវដាក់​ប្រហារជីវិត​ដោយ​រដ្ឋ គឺ​ព្រះអង្គម្ចាស់ Faisal bin Musaid ក្នុង​ឆ្នាំ​១៩៧៥ ដែល​ធ្វើឃាត​មហាក្សត្រ Faisal​។​

​នៅក្រោយ​ការដាក់ទោស​ប្រហារជីវិត ប្រជាជន​អា​រ៉ា​ប៊ី​សា​អូឌីត បានបង្ហាញ​ការពេញចិត្ត​ចំពោះ​ការអនុវត្ត​ទោស ដែល​គេ​មើលឃើញថា មិន​លម្អៀង បើទោះជា​ឧក្រិដ្ឋជន​ជា​សមាជិក​រាជវង្ស​ក៏ដោយ​។ នេះ​ក៏​ដោយសារតែ សមាជិក​រាជវង្ស ទទួលបាន​សិទ្ធិ​ពិសេសៗ​ជាច្រើន នៅក្នុង​ប្រទេស​ដែល​សម្បូរ​ប្រេង​មួយ​នេះ​៕


Tag:
 អា​រ៉ា​ប៊ី​សា​អូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com