អន្តរជាតិ
ករណី​ប្រមាថ​ស្ដេច​ថៃ​កើនឡើង ក្រោយ​មហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត សុគត
19, Oct 2016 , 8:39 pm        
រូបភាព
​ការប្រមាថ​មហាក្សត្រ រជ្ជទាយាទ និង​សមាជិក​រាជវង្ស​របស់​រាជាណាចក្រ​ថៃ ត្រូវបាន​ចាត់ទុកជា​ទោសឧក្រិដ្ឋ ដែល​ត្រូវ​ជាប់ពន្ធនាគារ​រហូត​ដល់​៣០​ឆ្នាំ​ឯណោះ​។ ប៉ុន្តែ​នៅក្រោយ​ការ​សោយ​ទិវង្គត​របស់​មហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត នៅ​ថ្ងៃទី​១៣ ខែតុលា មក​នោះ ករណី​ប្រមាថ​ស្ថាប័ន​មហាក្សត្រ​នេះ បាន​កើនឡើង​យ៉ាងខ្លាំង ហើយ​រដ្ឋាភិបាល​ថៃ ក៏បាន​ស្នើសុំ​កិច្ចសហប្រតិបត្តិការ​ពី​ប្រទេស​នានា ដើម្បី​នាំយក​ជនល្មើស​មក​ផ្តន្ទាទោស​ទៀតផង​។



​ប៉ូលិស​ថៃ កំពុង​ស៊ើបអង្កេត​ករណី​ប្រមាថ​ព្រះមហាក្សត្រ​ចំនួន​១២ ដែល​កើត​ឡើងលើ​បណ្ដាញ​សង្គម ចាប់​តាំង​មហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) សោយ​ទិវង្គត​មក​។ របបរាជានិយម​ថៃ​ត្រូវបាន​ប្រជាជន គោរព និង​ការពារ​យ៉ាង​មុតមាំ ហើយ ការប្រមាថ​មកលើ​មហាក្សត្រ រជ្ជទាយាទ ក៏ដូចជា​រាជវង្ស នឹងត្រូវ​បានដាក់​ពិន័យ​យ៉ាងធ្ងន់ធ្ងរ​ក្រោម​ច្បាប់​ស្ដីពី​ការប្រមាថ​មហាក្សត្រ (lese-majeste law)​។​

​អ្នកនាំពាក្យ​ប៉ូលិស​ថៃ លោក Kitsana Pattanacharoen បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា មកទល់ពេលនេះ​មាន​ករណី​ប្រមាថ​មហាក្សត្រ​ចំនួន​១២ ក្នុងនោះ​ករណី​ចំនួន​៨ បានចេញ​ដីការ​ចាប់ខ្លួន និង​ករណី​ចំនួន​៤ ស្ថិតក្រោម​ការឃុំខ្លួនរ​បស់​ប៉ូលិស​។ អ្នកនាំពាក្យ​រូបនេះ​បន្តថា ទោស​របស់​ពួកគេ គឺ​បាន​បង្ហោះ​សារ ឬ​រូបភាព ដែល​ប្រមាថ​រាជានិយម នៅលើ​បណ្ដាញ​សង្គម​។

​ការបង្ក្រាប​លើ​ករណី​ប្រមាថ​មហាក្សត្រ បាន​កើនឡើង​ខ្លាំង ចំ​ពេលដែល​ប្រជាជន​ថៃ​កំពុងតែ​សោកសៅ​នឹង​ការបាត់បង់​មហាក្សត្រ​ជាទី​ស្រឡាញ់​របស់​ពួកគេ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ចាប់តាំងពី​របប​យោធា​ឡើងកាន់​អំណាច​ជាង​២​ឆ្នាំ​មកនេះ មាន​ករណី​ប្រមាថ​មហាក្សត្រ​តែ​៧០​ដង​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពេលនេះ រយៈពេល​មិន​មួយ​សប្ដាហ៍​ផង មាន​ករណី​ដូចគ្នា​ចំនួន​១២​ទៅហើយ​។​

​ជាមួយគ្នា​នោះ រដ្ឋាភិបាល​ថៃ ក៏​ស្នើ​ឲ្យ​មាន​ការធ្វើ​បត្យាប័ន​រាល់​ពលរដ្ឋ​ដែល​នៅ​បរទេស​ដែល​បាន​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​ថៃ​កាលពី​ថ្មីៗ​នេះ​។ ហើយ​របប​សឹក​ក៏បាន​ដាក់សំណើ​ទៅ​ឲ្យ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងឡាយ ដើម្បី​ស្នើ​ឲ្យ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ទូរ​សព្ទ​ទាំងអស់ រាយការណ៍​ពី​ករណី​ប្រមាថ​ស្ដេច​នៅលើ​គេហទំព័រ ឬ​បណ្ដាញ​សង្គម​នានា​។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល​ថៃ ក៏​ស្នើ​ឲ្យ​អ្នកផ្គត់ផ្គង់​សេវាកម្ម​អ៊ីនធឺណិត​ទាំងអស់ តាមដាន​បណ្ដាញ​សង្គម Facebook Twitter និង YouTube ជាដើម ដើម្បី​ហាមឃាត់​សកម្ម​ភាពមិន​សមរម្យ​ទាំងនោះ ហើយ​បើ​មិន​ធ្វើតាម​នោះ នឹងត្រូវ​ចាត់ទុកជា​ទោសឧក្រិដ្ឋ​មិន​ខាន​។​

​មហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត បាន​សោយ​ទិវង្គត​នៅ​ថ្ងៃទី​១៣ ខែតុលា បន្ទាប់ពី​សោយរាជ្យ​អស់​រយៈពេល​៧០​ឆ្នាំ​នោះ​។ ព្រះ​អង្គជា​ស្ដេច​សោយរាជ្យ​យូរ​ជាងគេ​លើ​ពិភពលោក ហើយក៏​ទំនងជា​ស្ដេច​មានទ្រព្យ​សម្បត្តិ​ច្រើនជាងគេ​ដែរ​។ រជ្ជទាយាទ Maha Vajiralongkorn នឹងត្រូវ​ឡើ​សោយរាជ្យ​បន្ត តែ​បានប្រកាស​ពន្យារ​សិន ដែល​នាំ​ឲ្យ​ប្រធាន​ឧ​ត្ត​ម​ប្រឹក្សា​ស្ដេច Prem Tinsulanon ធ្វើជា​ស្ដេច​រា​ជានុ​សិទ្ឋិ​៕


Tag:
 ថៃ​
  Bhumibol Adulyadej
© រក្សាសិទ្ធិដោយ thmeythmey.com