អន្តរជាតិ
ប្រធានាធិបតី​ហ្វីលីពីន​៖ «​យើង​បី​ប្រទេស រុស្ស៊ី ចិន និង​ហ្វីលីពីន ប្រឆាំង​ពិភពលោក​»
21, Oct 2016 , 10:14 am        
រូបភាព
លោកប្រធានាធិបតីចិន ស៊ី ជិនពីង(ខាងឆ្វេង) និងលោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌើទើតេ (ខាងស្តាំ) (រូបភាពដោយ៖ Xinhua)
លោកប្រធានាធិបតីចិន ស៊ី ជិនពីង(ខាងឆ្វេង) និងលោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌើទើតេ (ខាងស្តាំ) (រូបភាពដោយ៖ Xinhua)
ដោយ:
​បន្ថែម​ពី​ការ​បញ្ឈឺ​អាមេរិក​តាមរយៈ​ការប្រកាស​ផ្តាច់ទំនាក់ទំនង​វិស័យសេដ្ឋកិច្ច និង​យោធា​នោះ លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​លើក​ខ្លួនឯង​ជាមួយនឹង​អនាគត​សម្ព័ន្ធមិត្ត រួមមាន ចិន និង​រុស្ស៊ី ថា ចូលរួម​គ្នា​ដើម្បី​ប្រឆាំងនឹង​ពិភពលោក​។ តែ​លោក មិនបាន​បញ្ជាក់ថា ការប្រឆាំង​នោះ​សំដៅលើ​អ្វី​ឡើយ​។​



«​ខ្ញុំ បានដាក់​ខ្លួន​របស់ខ្ញុំ​ផ្ទាល់​ទៅលើ​លំហូរ​មនោគមន៍​របស់​អ្នក​(​ចិន​) ហើយ ប្រហែលជា​ខ្ញុំ ក៏​នឹង​ទៅ​រុស្ស៊ី​ដើម្បី​ជជែក​ជាមួយនឹង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉ា្ល ឌឺ មៀ​ពូ​ទីន ហើយ​ខ្ញុំ នឹង​ប្រាប់​គាត់​ថា មាន​យើង​បីនាក់ ចិន ហ្វីលីពីន និង​រុស្ស៊ី ប្រឆាំង​ពិភពលោក​...​។​» នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ទៅកាន់់​អ្នកសារព័ត៌មាន​នៅ​ល្ងាច​ថ្ងៃទី​២០ ខែតុលា មុនពេល​លោក ចូលរួម​ក្នុង​វេទិកា​ពាណិជ្ជកម្ម និង​វិនិយោគ​ហ្វីលីពីន​-​ចិន ក្នុង​ក្រុង​ប៉េកាំង ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ហ្វីលីពីន ABS-CBN​។

​សូម​ជម្រាប​ផងដែរ​ថា លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ កំពុងតែ​ទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃ​គឺ​ចាប់តាំងពី​ថ្ងៃទី​១៨​ខែតុលា និង​បញ្ចប់​នៅ​ថ្ងៃទី​២១ ខែតុលា​នេះ នៅក្នុង​ក្រុង​ប៉េកាំង​តប​តាម​ការអញ្ជើញ​របស់លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង​។ នេះ គឺជា​ដំណើរ​ទស្សនកិច្ច​លើក ដំបូង​ហើយ​របស់លោក​ទៅកាន់​ប្រទេស​ដែល​ស្ថិត​ក្រៅ​តំបន់​អាស៊ីអាគ្នេយ៍​។

​អ្វី​គួរកត់សម្គាល់​នោះ ការប្រកាស​របស់លោក ឌើ​ទើ​តេ ក្នុងការ​បញ្ចប់​ទំនាក់​ទំនង​ជាមួយនឹង​«​អាមេរិក​»​លើ​វិស័យ​យោធា និង​សេដ្ឋកិច្ច ខណៈ​ប្រឹង​លើក​ចិន និង​រុស្ស៊ី ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​លោក បានបញ្ចប់​ជំនួប​ទ្វេភាគី​ជាមួយនឹង​លោក ស៊ី ជិន​ពីង​។ ក្នុងជំនួប​នោះ ភាគី​ទាំងពីរ បាន​ព្រមព្រៀងគ្នា​លើ​វិស័យ​ទូលំទូលាយ ដែល​ផ្តោតលើ​ផលប្រយោជន៍​សេដ្ឋកិច្ច និង​អនាគត​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។ ជាពិសេស​នោះ ហ្វីលីពីន ក៏​ទទួលបាន​កម្ចី​រាប់ពាន​លាន​ដុល្លារ​ពី​ចិន​ផងដែរ​៕


Tag:
 ​ហ្វី​លី​ពី​
  រុស្ស៊ី​
  ចិន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com