អន្តរជាតិ
ចិន ខឹងសម្បារ​ខ្លាំង ក្រោយ​អាមេរិក បញ្ជូន​នាវាចម្បាំង​ក្បែរ​តំបន់​កោះ​ដែល​ខ្លួន​គ្រប់គ្រង​នៅ​សមុទ្រ​ចិន​ខាងត្បូង
22, Oct 2016 , 2:30 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ខឹងសម្បារ​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ីន ដែល​បាន​បញ្ជូន​នាវាចម្បាំង​ទៅ​ក្បែរ​តំបន់​ប្រជុំ​កោះ​ប៉ា​រ៉ា​ស្សែ​ល​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន បានចាត់ទុក​ថា​ជា​តំបន់​ស្ថិតក្រោម​អធិបតេយ្យ​របស់ខ្លួន​នោះ​។ ក្រុង​ប៉េកាំង បានចាត់ទុក​សកម្មភាព​ល្បាត​នាវាចម្បាំង​របស់​ក្រុង​វ៉ាស៊ីនតោន​ថា​ជា​សកម្មភាព​បំពាន​ធ្ងន់ធ្ងរ និង​ខុសច្បាប់​។



​ក្រសួងការពារជាតិ​ចិន នៅ​យប់​ថ្ងៃ​សុក្រ​ទី​២១ ខែតុលា​ម្សិលមិញ បានចេញ​សេចក្តីថ្លែងការណ៍​ក្នុង​គេហទំព័រ​ខ្លួន ដោយ​អះអាងថា នាវា​ល្បាត​ចិន​ពីរ​គ្រឿង បាន​ព្រមាន នាវា​អាមេរិក​មួយគ្រឿង ក្រោយពី​នាវា​នោះ បាន​ចូលក្នុង​ដែនទឹក​របស់​ចិន ដែល​ក្បែរ​នឹង​បណ្តុំ​កោះ​ប៉ា​រ៉ា​ស្សែ​ល (Paracel Islands) នៃ​សមុទ្រ​ចិន​ខាងត្បូង​។

​ជុំវិញ​បញ្ហា​នេះ ក្រសួងការបរទេស​ចិន ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក ដោយបាន​ចោទថា សកម្មភាព​នោះ បាន​បំពាន​អធិបតេយ្យ និង​ផលប្រយោជន៍​សន្តិសុខរ​បស់​ចិន​យ៉ាងធ្ងន់ធ្ងរ​។ សេចក្តីថ្លែងការណ៍​ដដែល​នោះ ក៏បាន​បន្តទៀតថា សកម្មភាព​នោះ ក៏បាន​រំលោភ​ទាំង​ច្បាប់​របស់​ចិន និង​ច្បាប់​អន្តរជាតិ​ទៀតផង​។

​នៅ​ថ្ងៃទី​២១ ខែតុលា​នោះដែរ ក្រសួងការពារជាតិ​អាមេរិក បាន​អះអាងថា អាមេរិក បាន​បញ្ជូន​នាវាចម្បាំង​ប្រភេទ USS Decatur ក្បែរ​តំបន់​កោះ​ប៉ា​រ៉ា​ស្សែ​ល តែ មិនមែន​ក្នុង​តំបន់​រយៈ​ចម្ងាយ ១២ nautical mile នោះទេ​។ ជាងនេះទៅទៀត ក្រសួង ក៏បាន​បញ្ជាក់ដែរថា សកម្មភាព​នោះ ធ្វើឡើង​ដោយ​ស្របតាម​ច្បាប់​អន្តរជាតិ ជាពិសេស​នោះ សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​។

​សូម​ជម្រាប​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ចិន​។ ចិន បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​ដោយយោង​តាម​កត្តា​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​ផ្សេងទៀត ទាមទារ​ដោយយោង​តាមច្បាប់​អន្តរជាតិ​។

​បើទោះបីជា​អាមេរិក មិនមែនជា​ភាគី​ជម្លោះ​ក៏ដោយ អាមេរិក បាន​លូកដៃ​យ៉ាងសកម្ម​ក្នុង​ជម្លោះ​នេះ តាមរយៈ​ទាំង​ការចេញ​សេចក្តីថ្លែងការណ៍​រិះគន់​សកម្មភាព​ចិន និង​ការបញ្ជូន​នាវា​ល្បាត និង​យន្តហោះ​ស៊ើបការណ៍​នៅ​តំបន់​ជម្លោះ ដោយ​អះអាងថា ធ្វើតាម​ច្បាប់​អន្តរជាតិ​ដើម្បី​ប្រឆាំងនឹង​ចិន​។ វត្តមាន​របស់​អាមេរិក​នៅក្នុង​តំបន់​ជម្លោះ​នោះ ក៏មាន​ហេតុផល​មួយផ្នែក​ដើម្បី​ជួយ​ជ្រោមជ្រែង និង​ការពារ​សម្ព័ន្ធមិត្ត​ខ្លួន​ដូចជា​ហ្វីលីពីន និង​វៀតណាម ដែល​កំពុងតែ​ប្រឈម​នឹង​ចិន​នៅក្នុង​តំបន់​ជម្លោះ​នោះ​។​

​អ្វីដែល​គួរកត់សម្គាល់​នោះ ការបង្ហាញ​វត្តមាន​នាវា​ល្បាត​អាមេរិក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ស្រប​ពេលដែល​អាមេរិក និង​សម្ព័ន្ធមិត្ត​ខ្លួន​ហ្វីលីពីន​កំពុង​តែមាន​ភាព​ល្អក់កក​រលើ​កិច្ចសហប្រតិបត្តិការ​ការពា​រ​ផងដែរ​។ លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បានប្រកាសថា​ហ្វីលីពីន នឹងមិន​ផ្អែកលើ​អាមេរិក​ដើម្បី​ធានា​ពី​វិស័យ​ការពារជាតិ​របស់ខ្លួន​ទៀតឡើយ​។ នេះ ក៏​មានន័យថា បើទោះបីជា​អាមេរិក មាន​បញ្ហា​ជា​សម្ព័ន្ធមិត្ត​ខ្លួន​នៅក្នុង​តំបន់​ក៏ដោយ អាមេរិក នៅតែ​មិន​បញ្ឈប់​សកម្មភាព​ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​៕


Tag:
 ចិន​
  អាមេរិក​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com