អន្តរជាតិ
រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​មិន​ឲ្យ​បក្សប្រឆាំង​ធ្វើបាតុកម្ម​បិទ​ទីក្រុង​
25, Oct 2016 , 2:23 pm        
រូបភាព
​គណបក្ស Pakistan Tehreek-e-Insaf (PTI) ជា​បក្សប្រឆាំង​ប្រកាស​រៀបចំ​ធ្វើបាតុកម្ម​បិទ​ទីក្រុង អ៊ី​ស្លា​ម៉ា​បាដ នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ដើម្បី​ប្រឆាំង​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន Nawaz Sharif ដែល​ទាក់ទង​នឹង​រឿងអាស្រូវ​ពុករលួយ Panama Paper​។ ប៉ុន្តែ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ក៏បាន​ប្រកាស​វិញ​ថា អាជ្ញាធរ​នឹងមិន​ឲ្យ​មានការ​ធ្វើបាតុកម្ម​តាម​ការគ្រោងទុក​នោះឡើយ​។



​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​នៅ​ថ្ងៃទី​២៤ ខែតុលា បាន​បញ្ជាក់ថា ខ្លួន​នឹង​រារាំង​ការតវ៉ា​របស់​គណបក្ស​ប្រឆាំង ប្រសិនបើ​មេដឹកនាំ​ប្រឆាំង លោក Imran Khan  បន្ត​អនុវត្ត​ផែនការ​បិទ​អាគារ​រដ្ឋាភិបាល និង​ប្រព័ន្ធ​ដឹកជញ្ជូន​នៅក្នុង​រដ្ឋធានី អ៊ី​ស្លា​ម៉ា​បាដ (Islamabad) មិន​ឲ្យ​ដំណើរការបាន​នោះ​។ គណបក្សប្រឆាំង​ប្រមូល​ប្រជាជន​ធ្វើបាតុកម្ម ដើម្បី​ដាក់​សម្ពាធ​ឲ្យ​នាយករដ្ឋមន្ត្រី Nawaz Sharif ចុះ​ចេញពី​តំណែង ក្រោយ​លោក​មានឈ្មោះ​ជាប់​ពាក់ព័ន្ធ​អាស្រូវ Panama Paper ដែល​លេច​ធ្លាយ​រួចមក​។​

​ដោយសារតែ​បញ្ហា​នេះ ប្រមុខ​បក្សប្រឆាំង Imran Khan បានទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី Sharif ចុះ​ចេញពី​តំណែង ដ្បិត​ឯកសារ​ដែល​លេច​ធ្លាយ​បង្ហាញ​ពី​ការកើនឡើង​នៃ​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​របស់លោក​។ ប៉ុន្តែ​គ្រូ​សារ​របស់លោក Sharif បាន​ទាត់ចោល​ការពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​នេះ​។ ចំណែក​បក្សប្រឆាំង​ក៏​ឆ្លៀតឱកាស​នេះ ដើម្បី​ធ្វើការ​ទាមទារ​ទម្លាក់​លោក Sharif តែម្ដង​។​

​យ៉ាងណាក្ដី អ្នកនាំពាក្យ​រដ្ឋាភិបាល Pervaiz Rashid ប្រកាសថា រដ្ឋាភិបាល​នឹងមិន​អនុញ្ញាត​ឲ្យ​មានការ​បិទផ្លូវ ឬ​អាគារ​រដ្ឋ​ឡើយ​។ លោក​បញ្ជាក់ថា នេះ​ជាការ​ទទួលខុសត្រូវរ​បស់​រដ្ឋាភិបាល​ដើម្បី​ធានា​ពី​ប្រក្រតីភាព​របស់​ជីវិត​ប្រជាជន​នៅក្នុង​ទីក្រុង​។ ហើយ​ច្បាប់​នឹងត្រូវ​អនុវត្ត​ប្រឆាំងនឹង​ការប៉ុនប៉ង​បិទ​ទីក្រុង​។ ប៉ុន្តែ​អ្នកនាំពាក្យ​រូបនេះ មិនបាន​បញ្ជាក់​ពី​វិធាន​ការដែល​រដ្ឋាភិបាល​ត្រូវ​ប្រើ​សម្រាប់​ឆ្លើយតប​បាតុកម្ម​ឡើយ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មេបក្ស​ប្រឆាំង​និយាយថា បាតុកម្ម​របស់​បក្សប្រឆាំង​នឹង​បិទ​សាលារៀន ការិយាល័យ​សាធារណៈ ផ្លូវ​ក្នុង​ទីក្រុង និង​ព្រលានយន្តហោះ​ដែរ​។ ពោលគឺ​បិទ​រហូតដល់​នាយករដ្ឋមន្ត្រី Sharif លាលែង​ពី​តំណែង ឬក៏​ព្រម​ឲ្យ​បើក​ការស៊ើបអង្កេត​លើ​ករណី​ពុករលួយ Panama Paper ដែល​រូបលោក​មានឈ្មោះ​ដែរនោះ​។ លោក Imran ប្រកាសថា គ្មាន​ប៉ូលិស​ណា​អាច​ទប់ស្កាត់​ប្រជាជន​មួយ​លាន​នាក់​បានឡើយ​។​

​ឯកសារ​ដែល​លេច​ធ្លាយ​បង្ហាញថា កូនស្រី និង​កូនប្រុស​ពីរ​នាក់​របស់លោក Sharif ជា​ម្ចាស់​ក្រុមហ៊ុន​មួយ​ដែលមាន​ទីតាំងនៅ​បរទេស ហើយ​លោក Imran បាន​ចោទថា ចំណូល​ទាំងនោះ​បានមក​ដោយសារ​រឿង​ពុករលួយ​។ មេបក្ស​ប្រឆាំង​បាន​ប្រាប់​ទៅកាន់​អ្នកគាំទ្រ​របស់លោក​នៅ​ថ្ងៃទី​២៤ ខែតុលា ថា នាយករដ្ឋមន្ត្រី Sharif មិនអាច​រត់​រួច​ពី​ការបិទ​ទីក្រុង​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា​ឡើយ​៕


Tag:
 ​ប៉ា​គី​ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com