អន្តរជាតិ
រុស្សី​ខ្ទាត​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ​
29, Oct 2016 , 4:46 pm        
រូបភាព
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយមហាសន្និបាតអង្គការសហប្រជាជាតិ
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយមហាសន្និបាតអង្គការសហប្រជាជាតិ
សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ រុស្សី បាន​ខ្ទាត​ចេញពី​កៅអី​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​ហ្សឺ​ណែវ​។ ក្រៅពី​រុស្សី សមាជិក​ចំនួន​៨​ប្រទេស​ទៀត ក៏ត្រូវ​ចាកចេញ​ពី​ស្ថាប័ន​សិទ្ធិមនុស្ស​កំពូល​របស់​អង្គការសហប្រជាជាតិ​ដែរ​។ ការចាកចេញ​របស់​រុស្សី ត្រូវគេ​ជឿថា​បណ្ដាលមកពី​ការចូលទៅ​ពាក់ព័ន្ធ​នៅក្នុង​ជម្លោះ​នៅ​ស៊ី​រី​ដែលមាន​ការរំលោភ​សិទ្ធិ​មនុស្ស​យ៉ាងខ្លាំង​។​


​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៨ ខែតុលា បាន​បោះឆ្នោត​ដោយ​សម្ងាត់​ជ្រើសរើស​ប្រទេស​ចំនួន​១៤ ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែល​ទទួលខុស​ត្រូវកា​រកា​រពារ និង​ការជំរុញ​ការគោរព​សិទ្ធិមនុស្ស​លើ​ពិភពលោក​។ រុស្សី ដែល​ឈរ​ជា​បេក្ខភាព​សម្រាប់​អឺរ៉ុប​ខាងកើត មិនបាន​ជាប់​ក្នុងការ​បោះឆ្នោត​នេះឡើយ បើទោះជា​រុស្សី​ជា​សមាជិក​អាណត្តិ​ចាស់​ក៏ដោយ​។ 

​ក្រៅពី​រុស្សី ប្រទេស​៨​ទៀត​ដែល​ត្រូវ​ចាក​ចេញពី​កៅអី​សមាជិក​មាន អាល់​ហ្សេ​រី បារាំង ម៉ា​ល់​ឌី​វ ម៉ិ​ក​ស៊ិ​ក ម៉ា​រ៉ុ​ក ណា​មី​ប៊ី ម៉ា​សេ​ដ្វា​ន និង​វៀតណាម​។ ចំណែក​ប្រទេស​ជាប់ឆ្នោត​ថ្មី​មាន ប្រ​ស៊ី​ល ក្រូ​អាស៊ី អេ​ស៊ី​ប ហុង​គ្រី អ៊ីរ៉ាក់ ជប៉ុន រ​វ៉ាន់ដា ទុយ​នី​ស៊ី និង​អាមេរិក​។ ដោយឡែក​សមាជិក​ជាប់​ឆ្នោត​ឡើងវិញ​មាន ចិន គុយបា អា​រ៉ា​ប៊ី​សា​អូឌីត អាហ្វ្រិក​ខាងត្បូង និង​ចក្រភព​អង់គ្លេស​។

​សមាជិក​ទាំង​៤៧​ប្រទេស​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស មាន​អាណត្តិ​បី​ឆ្នាំ និង​អាច​បន្តបាន​មួយ​អាណត្តិ​ទៀត លើកលែងតែ​សមាជិក​ដែល​អង្គុយ​កៅអី​ពីរ​អាណត្តិ​។ ក្នុងការ​បោះឆ្នោត​លើក​នេះ សមាជិក​ទាំង ១៤​ប្រទេស​ត្រូវ​ជ្រើសរើស​អាស្រ័យ​លើ​កូតា​តាម​តំបន់​នីមួយៗ​របស់​ពិភពលោក​។​

​ងាក​មក​ការ​របូត​កៅអី​របស់​រុស្សី អគ្គរដ្ឋទូត​រុស្សី​ប្រចាំ​អង្គការសហប្រជាជាតិ លោក Vitaly Churkin និយាយថា រុស្សី​ត្រូវការ​ពេល​សម្រាក ព្រោះ​រុស្សី​ក៏​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ជាច្រើន​ឆ្នាំ​ដែរ ហើយ​នៅ​ការបោះឆ្នោត​លើក​ក្រោយ រុស្សី​នឹង​ដណ្ដើម​កៅអី​មកវិញ​។ អគ្គរដ្ឋទូត​រូបនេះ​បន្តថា ហុង​គ្រី និង​ក្រូ​អាស៊ី ជាប់​ជា​សមាជិក ដ្បិត​មាន​ទំហំ​តូច និង​មិន​ងាយ​រង​ផលប៉ះពាល់​ដោយសារ​គោ​លន​យោ​បា​អន្តរជាតិ​ឡើយ​។​

​ជា​ការពិត​ការដែល​រុស្សី​អស់​កៅអី​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ក៏​ដោយសារតែ​លូកដៃ​ចូល​ជម្លោះ​នៅ​ស៊ី​រី ដែល​ឆក់យក​ជីវិត​មនុស្ស​រាប់ម៉ឺន​នាក់​មកហើយ​នោះ​។ អាមេរិក និង​ក្រុម​សិទ្ធិមនុស្ស បាន​ចោទ​រុស្សី​ថា ទម្លាក់​គ្រាប់​បែក​ឥត​ប្រណី​លើ​ទីតាំង​ក្រុម​ឧទ្ទាម ដើម្បី​ជួយ​កងកម្លាំង​រដ្ឋាភិបាល​លោក អាសាដ ក្នុងការ​ដណ្ដើម​កាន់កា​ប់​ទឹកដី​មកវិញ ជាពិសេស​ទីក្រុង Aleppo តែម្ដង​៕      


Tag:
 ​រុស្សី​
  សិទ្ធិមនុស្ស​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com