អន្តរជាតិ
លោកស្រី ប៉ាក ហ្គឺ​ន​ហេ គ្រោង​រុះរើ​គណៈរដ្ឋមន្ត្រី​ក្រោយ​ធ្លាយ​រឿងអាស្រូវ​ ​
30, Oct 2016 , 12:04 pm        
រូបភាព
​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក ហ្គឺ​ន​ហេ (Park Geun-hye) កំពុង​រង​សម្ពាធ​កាន់តែខ្លាំង​ដោយសារតែ​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​ការអនុញ្ញាត​ឲ្យ​មិត្តភក្តិ​ជិតស្និទ្ធ​របស់លោក​ស្រី លូកដៃ​ចូល​ការងារ​ប្រទេសជាតិ​។ រឿងអាស្រូវ​នេះ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រជាប្រិយភាព​របស់​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ខណៈ​បាតុកម្ម​ទាមទារ​ឲ្យ​លោកស្រី​ចុះ​ចេញពី​តំណែង ក៏​ធ្វើឡើង​ដែរ ហើយ​លោកស្រី ប៉ាក ក៏មាន​គម្រោង​ផ្លាស់ប្ដូរ​គណៈរដ្ឋមន្ត្រី​ដែរ​។



​ប្រជាជន​កូរ៉េខាងត្បូង​រាប់ពាន់នាក់ បានមក​ប្រមូល​ផ្ដុំគ្នា​ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំងនឹង​ប្រធានាធិបតី លោកស្រី ប៉ាក ហ្គឺ​ន​ហេ នៅ​ទីលាន​កណ្ដាល​ក្រុង​សេ​អ៊ូ​ល ក្នុង​គោលដៅ​ទាមទារ​ឲ្យ​លោកស្រី លាលែង​ពី​តំណែង​។ គម្រោង​តវ៉ា​ដែល​ធ្វើ​នៅ​ថ្ងៃទី​២៩ ខែតុលា កើតឡើង​ក្រោយ​ការ​បែកធ្លាយ​រឿងអាស្រូវ​នឹង​ការ​បើកដៃ​របស់​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ឲ្យ​មនុស្ស​ជំនិត​គឺ​លោកស្រី Choi Soon-Sil ចូលមក​ពាក់ព័ន្ធ​ការងារ​រដ្ឋ​។

​លោកស្រី Choi Soon-Sil កំពុង​ត្រូវបាន​ស៊ើបអង្កេត​លើ​ករណី​ប្រើប្រាស់​ទំនាក់ទំនង​ជាមួយ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ដើម្បី​ទាមទារ​យកលុយ​ពី​ក្រុមហ៊ុន​ធំៗ​។ អ្វីដែល​កាន់តែ​ធ្ងន់ធ្ងរ គឺ​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ បានអនុញ្ញាត​ឲ្យ​លោកស្រី Choi Soon-Sil ដែល​គ្មាន​តំណែង​អ្វី​សោះ ត្រួតពិនិត្យ​សុន្ទរកថា​លោកស្រី និង​ជួន​កាលនោះ ថែមទាំង​ជួយផ្ដល់​យោបល់​លើ​នយោបាយ​ក្នុងស្រុក​ទៀតផង​។​

​ក្រោយ​ការ​បែកធ្លាយ​នោះ ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក ហ្គឺ​ន​ហេ ក៏បាន​សុំទោស​ជា​សាធារណៈ​រួចហើយ​ដែរ​។ នៅ​ថ្ងៃទី​២៨ ខែតុលា លោកស្រី​ក៏បាន​ប្រាប់​ឲ្យ​ទីប្រឹក្សា​ជាន់ខ្ពស់​របស់លោក​ស្រី​ចំនួន​១០​នាក់ ដាក់ពាក្យ​លាលែង​ផងដែរ ដ្បិត​លោកស្រី​នឹង​រុះរើ​គណៈរដ្ឋមន្ត្រី​នៅពេល​ខាងមុខ​។ ច្បាស់​ណាស់​ថា ការរុះរើ​គណៈរដ្ឋមន្ត្រី​នៅពេល​ខាងមុខ គឺ​ដើម្បី​ទាញ​ប្រជាប្រិយភាព​ត្រឡប់មកវិញ​របស់លោក​ស្រី ប៉ាក ដែល​កំពុង​ធ្លាក់ចុះ​។

​សូមបញ្ជាក់ថា លោកស្រី Choi Soon-Sil ដែលមាន​អាយុ​៦០​ឆ្នាំ គឺជា​កូនស្រី​មេដឹកនាំ​សាសនា Choi-Tae-Min​។ លោក Choi-Tae-Min នេះ​បាន​ដឹកនាំ​និកាយ​សាសនា​មួយ​នៅ​កូរ៉េខាងត្បូង ហើយ​លោក​ក៏​ជា​គ្រូ​របស់​លោកស្រី​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ រហូតដល់​ថ្ងៃ​លោក​អស់​ជីវិត​ក្នុង​ឆ្នាំ​១៩៩៤​។ សារព័ត៌មាន​កូរ៉េខាងត្បូង​ផ្សាយ​ថា លោកស្រី Choi Soon-Sil បាន​ប្រើ​ឥទ្ធិពល​ឪពុក​ដើម្បី​ទាញយក​ប្រយោជន៍​ពី​លោកស្រី​ប៉ាក​។

​យ៉ាងណាក្ដី យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោកស្រី Choi បាន​ចាក​ចេញពី​កូរ៉េខាងត្បូង​ទៅកាន់​អាល្លឺម៉ង់​តាំងពីដើម​ខែកញ្ញា​មក​ម្លេះ​។ ពោលគឺ​បន្ទាប់ពី​រឿងអាស្រូវ​ចាប់ផ្ដើម​លេច​ជា​រូបរាង​បណ្ដើ​នោះ​។ ក្រៅពី​ទាមទារ​ឲ្យ​លោកស្រី ប៉ាក ចុះចេញ បាតុកម្ម​នៅ​ថ្ងៃទី​២៩ បានទាមទារ​ឲ្យ​លោកស្រី Choi ត្រឡប់​ចូល​ស្រុក​វិញ​ដែរ​៕


Tag:
 កូរ៉េខាងត្បូង​
  Pakr Geun-hye
© រក្សាសិទ្ធិដោយ thmeythmey.com