អន្តរជាតិ
រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​ថា «​អាមេរិក​និង​ចិន មិន​វាយ​គ្នា​ឡើយ​» ​
30, Oct 2016 , 10:19 pm        
រូបភាព
ការប្រឈមមុខ​ដាក់គ្នា​រវាង​មហាអំណាច​ពីរ គឺ​ចិន និង​អាមេរិក ធ្វើ​ឲ្យ​គេឯង​បារម្ភ​ថា សង្គ្រាម​រវាង​មហាអំណាច​ទាំងពីរ​នឹង​ផ្ទុះឡើង​នៅ​ថ្ងៃ​ណាមួយ​មិនខានឡើយ​។ ប៉ុន្តែ​ប្រមុខ​ការពារជាតិ​ហ្វីលីពីន​អះអាងថា ចិន និង​អាមេរិក នឹងមិន​ធ្វើសង្គ្រាម​ជាមួយគ្នា​ឡើយ ដ្បិត​ទាំង​ចិន និង​អាមេរិក នឹង​គិត​ផលប្រយោជន៍​សេដ្ឋកិច្ច​រៀងៗ​ខ្លួន និង​ការ​វិនាសកម្ម​បណ្ដាលមកពី​សង្គ្រាម​ដែល​ផ្ទុះឡើង​នោះ​។​


​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន លោក Delfin Lorenzana បាន​ប្រាប់​ប្រជាជន​ហ្វីលីពីន មិនត្រូវ​មានការ​ភ័យខ្លាច​ចំពោះ​ស្ថានភាព​ដែល​ហ្វីលីពីន​នឹង​ធ្លាក់ចូល​ចំណុចកណ្ដាល​នៃ​សង្គ្រាម​រវាង​ចិន និង​អាមេរិក​ឡើយ​។ រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន បញ្ជាក់​ដូចនេះ​ខណៈដែល​ហ្វីលីពីន​កំពុង​ងាក​ចេញពី​សម្ព័ន្ធមិត្ត​អាមេរិក និង​ឈោង​ដៃ​ទៅ​ចាប់​ចិន ដែលជា​គូប្រជែង​គ្នា​នោះ​។

​លោក Delfin Lorenzana បន្តថា ជម្លោះ​សមុទ្រ​ហ្វីលីពីន​ខាងលិច (​ចិន​ហៅ​សមុទ្រ​ចិន​ខាងត្បូង​) មិនអាច​ក្លាយជា​សង្គ្រាម​រវាង​ចិន និង​អាមេរិក​ឡើយ​។ នេះ​ក៏​ព្រោះតែ​ភាគី​ទាំងពីរ​នឹង​ការពារ​សេដ្ឋកិច្ច​របស់ខ្លួន ដែល​អាស្រ័យ​លើ​ទំនាក់ទំនង​ល្អ​ទៅវិញទៅមក​នោះ​។ លោក​បន្តថា ជម្លោះ​រវាង​ចិន និង​អាមេរិក អាចឈាន​ដល់​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ ដែលជា​ជា​អាវុធ​ប្រល័យ​ដ៏​សាហាវ​ទៀតផង​។​

«​ទាំង​អាមេរិក និង​ចិន សុទ្ធតែ​ដឹង​ច្បាស់​ពី​រឿងនេះ ដូច្នេះ​ទើប​ពួកគេ​ប្រុងប្រយ័ត្ន​មិន​ឲ្យ​មានការ​គណនា​លើ​គូប្រជែង​ដោយ​ខុសឆ្គង​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ​ទៅកាន់​សិស្ស​យោធា​នៅឯ​សាលា​យោធា​ហ្វីលីពីន (PMA) កាលពី​ថ្ងៃទី​២៩ ខែតុលា ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន Inquirer.Net​។  

​សូមបញ្ជាក់ថា ហ្វីលីពីន គឺជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​អាមេរិក​។ ដោយ​មិន​រាប់បញ្ចូល​ផលប្រយោជន៍​សេដ្ឋកិច្ច ហ្វីលីពីន ទទួលបាន​ផលប្រយោជន៍​ជាច្រើន​តាមរយៈ​កិច្ចសហប្រតិបត្តិការ​យោធា​រួម ដែល​រួមមាន​ទាំង​ការហ្វឹកហ្វឺន​ជំនាញ​កងទ័ព​ដែល​ប្រទេស​ទាំងពីរ​តែងតែមាន​ស​ម​យុទ្ធ​យោធា​រួម​ប្រចាំឆ្នាំ​ជាមួយនឹង​គ្នា ជំនាញ​សង្គ្រោះ​មនុស្សធម៌ និង​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ភេរ​វករ​នៅក្នុង​ប្រទេស​ហ្វីលីពីន​ដោយមាន​ការចូលរួម​ពី​កងទ័ព​អាមេរិក​ជាច្រើន​។​

​អ្វី​គួរកត់សម្គាល់​នោះ ក្នុង​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​ហ្វីលីពីន​លោក ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ដែលជា​អ្នក​កាត់​ចង្កូត​នាវា​ហ្វីលីពីន​ពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១៦​កន្លងទៅ​ថ្មីៗ​នោះ ទំនាក់ទំនង​ហ្វីលីពីន​-​អាមេរិក បាន​មាន​ស្អិតល្មួត​នឹង​គ្នា​យ៉ាងខ្លាំង ដែល​គេ​តែង​ហៅថា «​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​»​នោះឯង​។ ប៉ុន្តែ​ទំនាក់ទំនង​នេះ​ធ្លាក់ចុះ ក្រោយ​ការឡើង​កាន់អំណាច​រប​ស់លោក Rodrigo Duterte​។ ហ្វីលីពីន ស្រវា​ចាប់​មហា​យក្ស​ចិន ដែលជា​គូប្រជែង​អាមេរិក និង​ងាក​ចេញ​កាន់តែ​ឆ្ងាយ​ពី​សម្ព័ន្ធមិត្ត​របស់ខ្លួន​៕


Tag:
 ហ្វីលីពីន​
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com