អន្តរជាតិ
នាវា​ចិន​បន្ត​ល្បាត​នៅ​ប្រជុំ​កោះ Scarborough Shoal ផ្ទុយ​ពី​ការអះអាង​របស់​ហ្វីលីពីន​
31, Oct 2016 , 2:48 pm        
រូបភាព
​នាវា​ល្បាត​របស់​ចិន នៅតែ​បន្ត​វត្តមាន​របស់ខ្លួន​នៅ​ប្រជុំ​កោះ Scarborough Shoal ដែល​នេះ​ផ្ទុយ​ពី​ការលើកឡើង​របស់​រដ្ឋា​ភិ​បាល​ហ្វីលីពីន ដែល​អះអាងថា នាវា​ចិន​បាន​ចាក​ចេញពី​តំបន់​នេះ​អស់ហើយ​នោះ​។ ប៉ុន្តែ​មន្ត្រី​ហ្វីលីពីន​បញ្ជាក់ថា ចិន​បាន​កាត់បន្ថយ​ចំនួន​នាវា​ល្បាត​របស់ខ្លួន ហើយក៏​បានអនុញ្ញាត​ឲ្យ​អ្នកនេសាទ​ហ្វីលីពីន នេសាទ​ត្រី​ដោយ​សេរី​ក្នុង​តំបន់​នោះដែរ​។​



​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ហ្វីលីពីន នៅ​ថ្ងៃទី​៣០ ខែតុលា បាន​និយាយថា កប៉ាល់​កង​ឆ្មាំ​ការពារ​ឆ្នេរ​របស់​ចិន នៅតែ​បន្តសកម្មភាព​ល្បាត​របស់ខ្លួន​នៅ​ប្រជុំ​កោះ Scarborough Shoal នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដដែល ប៉ុន្តែ​ពួកគេ​មិនបាន​រារាំង​អ្នកនេសាទ​ហ្វីលីពីន ដូច​លើក​មុនៗ​ឡើយ​។ ការបន្ត​វត្តមាន​របស់​នាវា​ចិន​នៅ​តំបន់​នោះ ហាក់​ខុសគ្នា​ទាំងស្រុង​នឹង​ការលើកឡើង​របស់​ហ្វីលីពីន​នាពេល​កន្លងមក​។

​បើតាម​សារព័ត៌មាន Rappler អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន​បានបញ្ជាក់​ថា នៅ​ថ្ងៃទី​២៩ ខែតុលា គ្មាន​សញ្ញា​កប៉ាល់​ចិន​ឡើយ ហើយ​ការនេសាទ​អាចធ្វើ​បានជា​ធម្មតា​ឡើងវិញ​។ ក្រោយ​ទស្សនកិច្ច​នៅ​ចិន ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte និយាយថា កប៉ាល់​ចិន នឹង​ចាក​ចេញពី​តំបន់​នោះ ហើយ​ប្រជាជន​ហ្វីលីពីន អាច​ចូលទៅ​នេសាទ​នៅ​ទីតាំង​នោះបាន​។    

​យ៉ាងណាមិញ ក្រុម​អ្នកនេសាទ​ហ្វីលីពីន បាន​អះអាង​ពី​វត្តមាន​របស់​កប៉ាល់​ល្បាត​ចិន​នៅ​ប្រជុំ​កោះ Scarborough Shoal ក្រោយពី​ពួកគេ​ត្រឡប់​ពី​ការនេសាទ​វិញ​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក Arsenio Andolong និយាយ​ដែរ​ថា អ្នកនេសាទ​ហ្វីលីពីន ឃើញ​មាន​ទូក​ពណ៌​សរ​បស់​ចិន ប៉ុន្តែ​ពួកគេ​មិនបាន​ហាមឃាត់​សកម្មភាព​នេសាទ​របស់​ប្រជាជន​ហ្វីលីពីន​នោះឡើយ​។​

​ចិន បាន​ហាមឃាត់​អ្នកនេសាទ​ហ្វីលីពីន​ចូលទៅ​កាន់​តំបន់​ប្រជុំ​កោះ​ខាងលើ ក្រោយ​ខ្លួន​ដណ្ដើម​កាន់កាប់​កាលពី​ឆ្នាំ​២០១២​។ ការកាន់កាប់​ប្រជុំ​កោះ​នេះ ក៏​ជា​មូលហេតុ​នៃ​បណ្ដឹង​របស់​រដ្ឋាភិបាល​លោក​អតីត​ប្រធានាធិបតី​ហ្វីលីពីន Aquino ទៅកាន់​តុលាការអន្តរជាតិ​ដែរ​។ ករណីនេះ​ប្ដឹង​នេះ ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ហ្វីលីពីន និង​ចិន រង្គោះរង្គើ​យ៉ាងខ្លាំង រហូតដល់​ការ​កាន់អំណាច​របស់លោក​Duterte ដែល​បាន​ងាក​ទៅរក​ចិន​វិញ​នោះ​។

​ដោយឡែក ការសម្រេច​របស់​តុលាការអន្តរជាតិ ក៏បាន​ទាត់ចោល​ការទាមទារ​រ​បស់​ចិន​លើ​ការគ្រប់គ្រង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​ទាមទារ​សិទ្ធិ​គ្រប់គ្រង​ស្ទើរ​ទាំងស្រុង​ទៅហើយនោះ​។ មួយទៀត សាលក្រម​តុលាការអន្តរជាតិ ដែល​ចិន​ប្រកាស​មិន​ទទួលស្គាល់​នោះ ក៏​ចាត់ទុក​ប្រជុំ​កោះ Scarborough Shoal ជា​កន្លែង​នេសាទ​ប្រពៃណី ដែល​ប្រទេស​ទាំងអស់ សុទ្ធតែ​អាចធ្វើ​សកម្មភាព​នេសាទ​បាន​៕  


Tag:
 ចិន​
  ហ្វីលីពីន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com